ឧបករណ៍ AR/VR របស់ Apple អាចចេញឆ្នាំក្រោយមែន និងមិនទាមទារ iPhone ដើម្បីដំណើរការទេ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ធ្លាប់មានព័ត៌មានជាច្រើនដែរហើយ ដែលបានរាយការណ៍ទាក់ទងនឹងឧបករណ៍ AR/VR របស់ Apple ដោយក្នុងនោះ ក៏ធ្លាប់មានការបង្ហាញទាក់ទងនឹងពេលវេលាប្រកាសចេញ ក៏ដូចជាការបង្ហាញពីរូបរាង ព្រមទាំងលក្ខណៈសម្បត្តិមួយផ្នែករបស់វាទៀតផង។ ដោយឡែកពេលនេះ យើងមកមើលព័ត៌មានដែលបង្ហាញចេញពីអ្នកវិភាគ Ming-Chi Kuo វិញម្ដង ដោយគេទើបទម្លាក់ដំណឹងសំខាន់ថ្មីបន្ថែមទៀត ទាក់ទងនឹងឧបករណ៍ខាងលើ។

យោងតាមប្រភពខាងលើ ឧបករណ៍ AR/VR របស់ Apple គឺត្រូវបានរំពឹងខ្ពស់ថា នឹងបង្ហាញខ្លួននៅក្នុងអំឡុងត្រីមាសទី 4 ឆ្នាំ 2022 ខាងមុខនេះ ហើយថែមទាំងអាចនឹងមានបំពាក់មកជាមួយ Processor ស្ថិតក្នុងកម្រិតជាមួយគ្នានឹងកុំព្យូទ័រ Mac ទៀតផង។ មិនខុសទេ គេបញ្ជាក់ថា AR/VR របស់ Apple នោះ អាចនឹងមានប្រើប្រាស់ឈីបពីរប្រភេទ ជាក់ស្ដែងម៉ូឌែលកំពូលអាចនឹងបំពាក់ឈីប មានកម្លាំងប្រហាក់ប្រហែលគ្នានឹងឈីប M1 លើកុំព្យូទ័រ Mac ដែរ រីឯម៉ូឌែលប្រើឈីបកម្រិតទាបវិញ វាអាចនឹងត្រូវបានគេធ្វើមក ឲ្យផ្តោតសំខាន់ទៅលើការគ្រប់គ្រងជាមួយសេនស័រ ទាក់ទងនឹងទៅនឹងផ្នែកគណនាផ្សេងៗ។

ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ ប្រភពខាងលើរំពឹងខ្ពស់ថា ឧបរករណ៍ AR/VR ចេញពី Apple នោះ ទំនងជានឹងអាចដំណើរការបាន ដោយមិនត្រូវការ ឬទាមទារឲ្យភ្ជាប់ជាមួយ iPhone នោះទេ។

បើតាមការរាយការណ៍លើកនេះ គឺហាក់ដូចជាផ្ទុយគ្នាពីការបង្ហាញចេញពីប្រភព The Information លើកមុន ដែលធ្លាប់បង្ហាញថា ឧបករណ៍ AR/VR របស់ Apple ដែលគ្រោងនឹងចេញឆ្នាំក្រោយ គឺទាមទារ iPhone ជាដាច់ខាត ដើម្បីអាចបើកដំណើរការវាបាន។

យ៉ាងណាក៏ដោយ អ្វីដែលយើងបានដឹងបន្ថែមពេលនេះ គឺឧបករណ៍ប្រភេទថ្មីសម្រាប់ Apple មានសង្ឃឹមខ្ពស់ថា នឹងចេញក្នុងឆ្នាំក្រោយមែន ព្រោះធ្លាប់មានដំណឹងច្រើនលើកមកហើយ មួយវិញទៀតវាថែមទាំងអាចមានបំពាក់ឈីបកម្រិតខ្ពស់ប្រហាក់ប្រហែលនឹង M1 មកទៀតផង។ ប៉ុន្តែចំណុចមួយ យើងនៅមិនទាន់ច្បាស់ គឺទៅលើចំណុចដែលប្រភពធំៗពីរខ្វែងគំនិតគ្នានោះឯង ពោលគឺមិនទាន់អាចសន្និដ្ឋានបានច្បាស់ទេថា ឧបករណ៍ AR/VR របស់ Apple នឹងត្រូវការ iPhone ជាចាំបាច់ដើម្បីដំណើរការ ឬអត់។

ប្រភព ៖ Frontpage Tech
អត្ថបទទាក់ទង