គម្រោងរោងចក្ររថយន្តអគ្គិសនីរបស់ Xiaomi នឹងអាចផលិតរថយន្តបាន 30 ម៉ឺនគ្រឿងក្នុងមួយឆ្នាំ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីក្នុងខែមីនាកន្លងទៅនេះ Xiaomi ប្រកាសប្រាប់ជាសាធារណៈថា គេមានគម្រោងចូលប្រឡូកក្នុងវិស័យផលិតរថយន្តអគ្គិសនីដែរ នៅក្នុងពេលអនាគត ហើយក្រុមហ៊ុននេះក៏មានមហិច្ឆតាខ្ពស់ដូចគ្នា សម្រាប់ទីផ្សារថ្មីដែលគេគ្រោងនឹងចូលប្រជែងនោះ។ ចំណែកឯពេលនេះវិញ មានរបាយការណ៍ថ្មីមួយទៀត បង្ហាញទាក់ទងនឹងគម្រោងរបស់ Xiaomi ទៅលើការសាងសង់រោងចក្រផលិតរថយន្តទៀតផង។

តាមរយៈការរាយការណ៍ចេញពីប្រភព Reuters បានឲ្យដឹងថា Xiaomi គ្រោងនឹងសាងសង់រោងចក្ររថយន្តអគ្គិសនីមួយ នៅក្នុងទីក្រុង Beijing ប្រទេសចិន ហើយរោងចក្រនោះ គឺអាចមានលទ្ធភាពក្នុងការផលិតរថយន្តបានដល់ទៅ 300,000 គ្រឿងឯណោះ ក្នុងមួយឆ្នាំៗ។ Xiaomi អាចនឹងបែងចែកការសាងសង់ជាពីរដំណាក់កាល ហើយគម្រោងដែលគេគ្រោងបើកការផលិតរថយន្តអគ្គិសនីទ្រង់ទ្រាយធំ ចេញពីរោងចក្រនេះជាលើកដំបូង គឺអាចស្ថិតក្នុងអំឡុងឆ្នាំ 2024 ខាងមុខ។

មិនត្រឹមតែប៉ុណ្ណោះទេ Xiaomi ក៏នឹងធ្វើការបង្កើតការិយាល័យកណ្ដាល នៃគម្រោងរថយន្តអគ្គិសនីរបស់គេ នៅក្នុងទីក្រុង Beijing ដូចគ្នាដែរ ហើយក្រុមហ៊ុនចិននេះ ថែមទាំងមានគម្រោងក្នុងការប្រើប្រាស់សាខាហាងលក់របស់គេនាពេលបច្ចុប្បន្ននេះ ដើម្បីដាក់លក់រថយន្តនោះទៀតផង។

យ៉ាងណាក៏ដោយ មកទល់ពេលនេះ នៅមិនទាន់មានការបង្ហាញច្បាស់នោះទេថា រថយន្ត Xiaomi នាពេលអនាគតនោះ នឹងមានលក្ខណៈយ៉ាងដូចម្ដេច ហើយតើក្រុមហ៊ុននេះ មានគម្រោងបញ្ចេញលក់វា នៅក្នុងទីផ្សារប្រទេសផ្សេងៗក្រៅពីចិន ឬក៏អត់។ បើយោងតាមដំណឹងភាគច្រើនគេបង្ហាញថា Xiaomi ចង់ក្លាយជាយីហោរថយន្តអគ្គិសនីធំមួយនាពេលខាងមុខ ហើយមិនមែនតែនៅក្នុងប្រទេសចិននោះទេ ជាក់ស្ដែងគេអាចនឹងឈានចូលទីផ្សារអន្តរជាតិផ្សេងៗដូច Tesla ដែរ។ គួរបញ្ជាក់ដែរ Xiaomi បានបង្ហាញប្រាប់កន្លងទៅថា គេនឹងចំណាយប្រាក់វិនិយោគប្រមាណជាខ្ទង់ 10 ពាន់លានដុល្លាឯណោះ ជាមួយគម្រោងរថយន្តអគ្គិសនីខាងលើ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង