ទូរសព្ទអេក្រង់បត់ដំបូងរបស់ OPPO អាចនឹងត្រូវបានគេហៅថា Find N 5G
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ធ្លាប់មានព័ត៌មានជាច្រើនមកហើយ ទាក់ទងនឹងទូរសព្ទឆ្លាតអេក្រង់បត់របស់ OPPO ដោយក្នុងនោះ ធ្លាប់មានគេបង្ហាញថា OPPO អាចនឹងប្រកាសចេញនៅចុងឆ្នាំនេះតែម្ដង។ ដោយឡែក យើងទទួលបានដំណឹងថ្មីមួយទៀតហើយ ដែលបង្ហាញទាក់ទងនឹងទូរសព្ទឆ្លាតអេក្រង់បត់របស់ក្រុមហ៊ុនខាងលើ ប៉ុន្តែលើកនេះគឺជាការបង្ហាញទាក់ទងទាំងឈ្មោះ ក៏ដូចជាលក្ខណៈសម្បត្តិសំខាន់ ដែលអាចមានលើទូរសព្ទអេក្រង់បត់យនោះទៀតផង។

យោងតាមការរាយការណ៍ថ្មីមួយទៀត ចេញពីប្រភព Digital Chat Station បានឲ្យដឹងថា OPPO ទំនងជានឹងដាក់ឈ្មោះទូរសព្ទឆ្លាតអេក្រង់បត់របស់ខ្លួនថា Find N 5G តែម្ដង។ ចំពោះការដាក់ឈ្មោះក្នុងត្រកូល N នេះ គឺអាចដោយសារតែ OPPO ចង់រំឮកទៅដល់ទូរសព្ទឆ្លាតត្រកូល N របស់ខ្លួន ដែលបានចេញចុងក្រោយបង្អស់កាលពីអំឡុងឆ្នាំ 2014/2015 កន្លងទៅ ដោយពេលនោះ ចំណុចពិសេសរបស់វាគឺ មានកាមេរ៉ាបង្វិលចុះឡើង ដែលអាចដើរតួបានជាកាមេរ៉ាមុខផង និងក្រោយផង។ 

OPPO Find N 5G ក៏ត្រូវបានគេដឹងពីលក្ខណៈសម្បត្តិដូចគ្នាដែរ ជាក់ស្ដែងវាអាចនឹងមានប្រើប្រាស់ទម្រង់បត់ចូលក្នុងដូច Samsung Galaxy Z Series ដែរ ហើយសម្រាប់ទំហំវិញនោះ គឺអេក្រង់គោលខាងក្នុងអាចនឹងចន្លោះពី 7.8 ទៅ 8 អ៊ីញ ជាមួយកម្រិតបង្ហាញ 2K និងល្បឿន Refresh Rate 120Hz។

បន្ថែមពីនេះ OPPO Find N 5G អាចនឹងមានបំពាក់កាមេរ៉ាគោលទំហំ 50MP ជាប្រភេទ Sony IMX766 ហើយក៏អាចនឹងត្រូវបាន OPPO ប្រើប្រាស់សម្រាប់ជាមុខងារថត Selfie ដូចគ្នាដែរ ព្រោះថាទូរសព្ទឆ្លាតអេក្រង់បត់មួយនេះ វាអាចនឹងមានអេក្រង់ដល់ទៅ 3 ឯណោះ ដោយមួយជាអេក្រង់គោលទំហំធំខាងក្នុង មួយទៀតជាអេក្រង់នៅ Cover ខាងក្រៅ និងអាចមានអេក្រង់តូចមួយនៅជាមួយគ្នានឹងកន្លែងដាក់កាមេរ៉ា ស្រដៀងគ្នានឹងអ្វីដែល Xiaomi បានធ្វើលើ Mi 11 Ultra ដែរ ដោយសម្រាប់បង្ហាញដំណឹង ឬសម្រាប់ថត Selfie ចេញពីកាមេរ៉ាក្រោយ។ 

ប្រភព ៖ GSMArena
អត្ថបទទាក់ទង