មានដំណឹងថា Xiaomi 12 គ្រោងនឹងបង្ហាញខ្លួនផ្លូវការ នៅក្នុងថ្ងៃទី 12 ខែធ្នូខាងមុខ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ធ្លាប់មានដំណឹងជាច្រើនមកហើយ ទាក់ទងនឹងគម្រោងរបស់ Xiaomi ក្នុងការប្រកាសចេញទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មីមួយនៅចុងឆ្នាំនេះ នោះគឺអាចជាម៉ូឌែល Xiaomi 12 នេះឯង ដែលបន្តដំណែងពី Mi 11 បានបង្ហាញខ្លួនកាលពីចុងឆ្នាំ 2020 កន្លងទៅ។ ឆ្នាំមុន Mi 11 ជាទូរសព្ទឆ្លាតមួយ បានប្រើប្រាស់ឈីបកំពូល Snapdragon 888 មុនគេ ចំណែកឯឆ្នាំនេះ Xiaomi ក៏ទំនងបន្តសកម្មភាពនោះដូចគ្នា។

តាមរយៈព័ត៌មានថ្មីមួយត្រូវបានបង្ហាញនៅក្នុងប្រទេសចិន បានឲ្យដឹងថា Xiaomi មានគម្រោងក្នុងការប្រកាសចេញទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មី ដែលទំនងជាត្រូវបានហៅថា Xiaomi 12 នោះ នៅក្នុងថ្ងៃទី 12 ខែធ្នូខាងមុខនេះ ហើយវាអាចនឹងក្លាយជាទូរសព្ទដំបូងគេ ដែលប្រើប្រាស់ឈីប Snapdragon 8 Gen 1 ថ្មីទៀតផង។ ប្រភពដដែលបានបន្ថែមថា ដើមឡើយ Xiaomi គ្រោងនឹងប្រកាសចេញនៅថ្ងៃទី 16 ខែធ្នូប៉ុណ្ណោះ ប៉ុន្តែក្រោយមកគេសម្រេចប្តូរមកថ្ងៃទី 12 វិញ ដែលអាចដោយសារតែ ក្រុមហ៊ុននេះមានបំណងចង់ឲ្យជួនគ្នាទៅនឹងឈ្មោះ Xiaomi 12 នោះឯង “Xiaomi 12 ប្រកាសចេញក្នុងថ្ងៃទី 12 ខែទី 12”។ 

ទន្ទឹមគ្នានោះដែរ Xiaomi 12X មួយម៉ូឌែលទៀត ក៏អាចនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ថ្ងៃទី 12 ធ្នូដូចគ្នា ខណៈពេលដែលម៉ូឌែល Xiaomi 12 Pro និង 12 Ultra នោះ មិនរំពឹងថាចេញជាមួយគ្នាឡើយ។

សម្រាប់លក្ខណៈសម្បត្តិសំខាន់ៗ ដែលយើងបានដឹងគឺមានដូចជា Xiaomi 12 អាចនឹងមានប្រើប្រាស់អេក្រង់កោងគែម ជាមួយលេនទំលុះអេក្រង់មួយគ្រាប់ ល្បឿន Refresh Rate 120Hz និងអាចមានកម្រិតបង្ហាញដល់ 2K ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចបំពាក់មកជាមួយកាមេរ៉ាក្រោយ 3 គ្រាប់ ដែលក្នុងនោះលេនគោលអាចមានទំហំ 50MP ហើយទំនងជាគាំទ្រកម្លាំងសាកថ្មល្បឿនលឿនដល់ 120W ជាដើម។ 

ប្រភព ៖ GSMArena
អត្ថបទទាក់ទង