នេះជា iPhone 13 Pro ធ្វើឡើងពីបំណែករថយន្ត Tesla Model 3 និងមានតម្លៃចាប់ផ្តើមពី 6,760 ដុល្លារ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

Caviar ជាយីហោមួយ ដែលយើងតែងតែឃើញយកទូរសព្ទ ក៏ដូចជាគ្រឿងអេឡិចត្រូនិចលំដាប់កំពូលៗរបស់ក្រុមហ៊ុនជាច្រើន ទៅឌីហ្សាញម៉ូតជាថ្មីតាមបែបបទរបស់គេ ជាក់ស្ដែងដូចជា iPhone 13 Pro ពេលនេះអញ្ចឹង ក្រុមហ៊ុនខាងលើ បានយកវាទៅឌីហ្សាញខ្នងក្រោយថ្មី ដោយត្រូវបានក្រាលដោយបំណែកមួយចំនួន ដកចេញពីរថយន្ត Tesla Model 3 ជំនួសវិញ។

តួខ្លួនស្ទើរទាំងស្រុងរបស់ iPhone 13 Pro គឺត្រូវបានគេយកទៅក្រាលដោយសមាសធាតុប្រណីតៗមួយចំនួន ដែលដកចេញពីរថយន្ត Tesla Model 3 វិញ ប៉ុន្តែសម្រាប់ខ្នងក្រោយ គឺខុសពីមុនច្រើន ដោយលើកនេះ ត្រូវបានគេច្នៃម៉ូតថ្មី ដែលមានលាយពណ៌ស ប្រផេះ និងខ្មៅ ព្រមទាំងមានគូររូបរថយន្ត ក៏ដូចជា Logo របស់ Tesla បញ្ឈរមួយ អមមកនូវរូបរបស់លោក Elon Musk ជា CEO របស់ក្រុមហ៊ុនរថយន្តនេះ នៅផ្នែកខាងលើទៀតផង។ 

បន្ថែមពីនេះ Caviar ក៏បានធ្វើជារូបសំណាកមួយតំណាងជាលោក Elon Musk ដែរ ហើយមួយផ្នែកធំនៃរូបនេះ ត្រូវបានគេយកទ្វា និងបន្ទះផ្នែកខាងមុខនៃរថយន្តមកធ្វើតែម្ដង។ យ៉ាងណាក៏ដោយរូបសំណាកមួយកំណាត់ខ្លួននេះ ត្រូវបានគេដាក់លក់ក្នុងតម្លៃខ្ទង់ 3,220 ដុល្លារ សម្រាប់អ្នកដែលចូលចិត្ត និងគាំទ្រលោក Elon Musk ក៏ដូចជាអ្នកដែលមានក្តីស្រម៉ៃចង់ក្លាយជាបុគ្គលជោគជ័យដូចគាត់។

ទៅមើលលើ iPhone 13 Pro នោះវិញ សម្រាប់ម៉ូឌែលទំហំ 128GB ត្រូវបានគេដាក់លក់ក្នុងតម្លៃដល់ទៅ 6,760 ដុល្លារឯណោះ ហើយបើអ្នកទិញចង់បានម៉ូឌែល iPhone 13 Pro Max វិញនោះ សម្រាប់ម៉ូឌែល 128GB មានតម្លៃដល់ទៅ 7,300 ដុល្លារឯណោះ។

ប្រភព ៖ Phone Arena
អត្ថបទទាក់ទង