Galaxy Note ទំនងជាលែងចេញមែនទែនហើយ ព្រោះ Samsung គ្មានគម្រោងផលិតទៀតទេ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ឆ្នាំនេះជាឆ្នាំមួយដែលអ្នកគាំទ្រទូរសព្ទត្រកូល Note របស់ Samsung មិនបានឃើញម៉ូឌែលដែលគេពេញចិត្តបង្ហាញខ្លួន ដោយក្រុមហ៊ុនកូរ៉េខាងត្បូងសម្រេចផ្អាកបញ្ចេញវាសិន ប៉ុន្តែគេនៅមិនទាន់ប្រាប់ច្បាស់នោះឡើយថា នឹងបន្តបញ្ចេញ Galaxy Note ដូចធម្មតាវិញនៅក្នុងឆ្នាំក្រោយ ឬក៏អត់។ ដោយឡែកយោងតាមរបាយការណ៍ថ្មីៗនេះវិញ គឺយើងទំនងជាលែងបានឃើញទូរសព្ទឈ្មោះនេះចេញពី Samsung ទៀតហើយ។

យោងតាមការរាយការណ៍ចេញពីប្រភព ETNews បានឲ្យដឹងថា Samsung គ្មានគម្រោងផលិតទូរសព្ទឆ្លាតក្នុងខ្សែស្រឡាយត្រកូល Note ឡើងវិញ នៅក្នុងឆ្នាំក្រោយនោះឡើយ ហេតុនេះមានន័យថា ទូរសព្ទឆ្លាតលំដាប់កំពូលរបស់ Samsung ដែលចេញឆ្នាំក្រោយ គឺទំនងជានឹងមានតែ Galaxy S Series និង Galaxy Z Series ប៉ុណ្ណោះ។ 

ចំណុចសំខាន់មួយទៀត ទាក់ទងនឹងត្រកូល Note ដែរនោះគឺថា Samsung ក៏មានគម្រោងបិទបញ្ចប់ការផលិតទូរសព្ទឆ្លាត Galaxy Note 20 Series របស់គេ នៅចុងឆ្នាំនេះដែរ ព្រោះថាមកទល់បច្ចុប្បន្ន បើទោះជាមិនមាន Galaxy Note ជំនាន់ថ្មីមែន ប៉ុន្តែក្រុមហ៊ុនកូរ៉េខាងត្បូងនៅតែបន្តផលិត ក៏ដូចជាដាក់លក់ Galaxy Note 20 Series ដដែល មិនទាន់បញ្ឈប់ទេ។

យ៉ាងណាក៏ដោយ មានភាគរយខ្ពស់ដែរ ដែលរបាយការណ៍ថ្មីខាងលើ នឹងក្លាយជាការពិត ព្រោះកន្លងមកនេះ យើងធ្លាប់ទទួលបានរូបភាពបែកធ្លាយរបស់ Galaxy S22 Ultra រួចមកហើយ ដោយឃើញថា វាមានការឌីហ្សាញកាត់មករកត្រកូលស្ទើរទាំងស្រុង ថែមទាំងអាចនឹងមានកន្លែងដាក់ប៊ិក S Pen ទៀតផង។ ហេតុនេះហើយជំនួសឲ្យការបញ្ចេញ Note ផ្ទាល់នោះ Samsung អាចនឹងយកម៉ូឌែលកំពូលរបស់ត្រកូល S មកបញ្ចូលអត្តសញ្ញាណ Galaxy Note វិញ ហើយទុកពេលវេលារបស់គេ ទៅគិតគូរលើទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Series ជំនាន់បន្ទាប់។

ប្រភព ៖ 9To5 Google
អត្ថបទទាក់ទង