OPPO Reno7 Series ចេញផ្លូវការជាមួយទម្រង់កាមេរ៉ាថ្មី អេក្រង់ AMOLED 90Hz និងតម្លៃចាប់ផ្តើមពី 344 ដុល្លារ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

មុននេះបន្តិច OPPO បានប្រកាសចេញទូរសព្ទឆ្លាតត្រកូល Reno7 ជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសចិន ដោយក្នុងនោះឃើញមានដល់ទៅ 3 ម៉ូឌែលរួមមាន Reno7 Pro 5G, Reno7 5G និង OPPO Reno7 SE។ ទូរសព្ទឆ្លាតទាំងបីម៉ូឌែលរបស់ OPPO នេះ វាទទួលបានការឌីហ្សាញខុសពីជំនាន់មុនច្រើនចំណុចដែរ ជាពិសេសគឺទៅលើតួខ្លួន និងទម្រង់កាមេរ៉ារបស់ម៉ូឌែល OPPO Reno7 5G និង 7 Pro 5G តែម្ដង។

ចំពោះការឌីហ្សាញរូបរាងយើងឃើញថា OPPO Reno7 Pro 5G វាមានរាងខុសពីមុនច្រើន ជាក់ស្ដែងលើកនេះប្តូរមកប្រើប្រាស់ស៊ុមជុំវិញរាបស្មើ អេក្រង់រាបស្មើ និងទម្រង់កាមេរ៉ាក្រោយប្លែកជាងមុន ដោយមានលេនកាមេរ៉ាធំៗពីរគ្រាប់ បូករួមកាមេរ៉ាតូចមួយគ្រាប់ និងសេនស័រមួយគ្រាប់ទៀត។ កាមេរ៉ាលានចេញរបស់វា គឺមានប្រយោជន៍ជាងមុន ពោលគឺ OPPO បានដាក់ភ្លើង LED សម្រាប់បង្ហាញជាសារដំណឹងផ្សេងៗដល់អ្នកប្រើប្រាស់ទៀតផង។ 

ចំណែកឯម៉ូឌែល Reno7 5G វិញ គឺមានការឌីហ្សាញរូបរាងស្ទើរតែដូចគ្នានឹងម៉ូឌែល Pro ទៅហើយ ដោយខុសត្រង់ថា វាមិនមានសេនស័របន្ថែមពីលើកាមេរ៉ាក្រោយ 3 គ្រាប់នោះទេ ហើយក៏មិនមានភ្លើង LED បង្ហាញដំណឹងដែរ រីឯផ្នែកខាងមុខ គែម Bezel ខាងក្រោមរបស់វា នៅសល់ក្រាស់គួរឲ្យកត់សម្គាល់។ ចំពោះម៉ូឌែល Reno7 SE វិញ គឺខុសគ្នាពីម៉ូឌែលផ្សេងទៀតច្រើន ជាក់ស្ដែងវាមានស៊ុមរាងទាល និងមានទម្រង់កាមេរ៉ាក្រោយបែបសាមញ្ញ ហើយក្រៅពីនេះដូចជាអេក្រង់ជាដើមនោះ គឺមានលក្ខណៈរាបស្មើមិនខុសពីម៉ូឌែល Reno7 5G ទេ។

សម្រាប់លក្ខណៈសម្បត្តិសំខាន់ៗ យើងទៅមើលម៉ូឌែល Reno7 Pro 5G មុនគេ ដោយវាមានបំពាក់មកជាមួយអេក្រង់ទំហំ 6.55 អ៊ីញ ប្រភេទ AMOLED មានកម្រិតបង្ហាញ FHD+ ព្រមទាំងមានល្បឿន Refresh Rate 90Hz។ អេក្រង់នេះមានកម្រិតពន្លឺអាចឡើងខ្ពស់បំផុតបាន 800 nits ហើយក៏មានបង្កប់សេនស័រស្កេនស្នាមម្រាមដៃក្រោមនោះមកដែរ។ 

ចូលដល់ផ្នែកកាមេរ៉ា ទូរសព្ទឆ្លាតម៉ូឌែលខាងលើ បានប្រើប្រាស់លេនគោលទំហំ 50MP ជាសេនស័រ Sony IMX766 អមមកជាមួយកាមេរ៉ា Ultrawide ទំហំ 8MP និងមានមួយគ្រាប់ទៀត គ្រាន់តែជាលេន Macro ទំហំ 2MP ប៉ុណ្ណោះ ចំណែកឯកាមេរ៉ាមុខរបស់វាវិញ គឺត្រូវបាន OPPO ដាក់ឲ្យដល់ទំហំ 32MP តែម្ដង។ OPPO Reno7 Pro 5G បានបំពាក់មកជាមួយឈីប Dimensity 1200-Max របស់ MediaTek ជាមួយជម្រើសរ៉េមទំហំ 8GB និង 12GB ប៉ុន្តែមានអង្គផ្ទុកតែទំហំ 256GB មួយជម្រើសប៉ុណ្ណោះ។ សម្រាប់ថាមពលថ្ម OPPO Reno7 Pro 5G មានបំពាក់មកទំហំ 4,500mAh គាំទ្រកម្លាំងសាកបានដល់ 65W ផងដែរ។

ដល់វេន OPPO Reno7 5G វិញម្ដង ឃើញថាវាមិនមានអ្វីប្លែកច្រើននោះ ដោយលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួន គឺដូចម៉ូឌែល Pro ដែរ។ ម៉ូឌែលនេះមានអេក្រង់ AMOLED ទំហំ 6.43 អ៊ីញ ជាមួយល្បឿន Refresh Rate 90Hz ដូចគ្នា ហើយសម្រាប់កាមេរ៉ា នៅខាងក្រោយត្រូវបានគេប្តូរលេនគោលមកប្រើទំហំ 64MP វិញ ប៉ុន្តែក្រៅពីនេះ គឺនៅបន្សល់ទុកដដែលដូចម៉ូឌែល Pro អញ្ចឹង។ OPPO ក៏បានផ្លាស់ប្តូរឈីបដូចគ្នា ជាក់ស្ដែង Reno7 5G ប្រើប្រាស់ឈីប Snapdragon 778G វិញ ជាមួយគ្នានឹងរ៉េមជម្រើស 8GB និង 12GB ក៏ដូចជាអង្គផ្ទុក 128GB និង 256GB។ ថាមពលថ្មគឺ 4,500mAh ដូចម៉ូឌែល Pro ដែរ ខុសគ្នាត្រង់ថាវាអាចគាំទ្រកម្លាំងសាកត្រឹម 60W។

ចុងក្រោយគេម៉ូឌែល Reno7 SE គឺមានបំពាក់អេក្រង់ដដែលដូចម៉ូឌែល Reno7 5G ហើយថាមពលថ្មក៏នៅបន្តដូចគ្នាដែរ ប៉ុន្តែគាំទ្រកម្លាំងសាកត្រឹម 33W ប៉ុណ្ណោះ។ ម៉ូឌែលទាបជាងគេនេះ វាប្រើប្រាស់ត្រឹមឈីប Dimensity 900 អមមកជាមួយរ៉េមទំហំ 8GB និងអង្គផ្ទុក 128GB ឬ 256GB។ ទៅលើកាមេរ៉ាវិញ វាមានលេនគោលទំហំ 48MP ជាមួយគ្នានឹងលេន Macro និងសេនស័រជំនួយ Depth Sensor ទំហំ 2MP ទាំងអស់។

ចំណែកឯតម្លៃដែល OPPO ដាក់លក់ក្នុងប្រទេសចិននោះ ឃើញថាចាប់ផ្តើមខ្ពស់គួរសមសម្រាប់ម៉ូឌែល SE ពោលគឺវាមានតម្លៃចាប់ផ្តើមឡើងពីខ្ទង់ 344 ដុល្លារឡើងទៅ ខណៈម៉ូឌែល Reno7 5G វិញ ចាប់ផ្តើមឡើងពីខ្ទង់ 422 ដុល្លារឡើងទៅ និងចុងក្រោយ Reno7 Pro 5G ត្រូវបានគេដាក់លក់ចាប់ពីខ្ទង់ 578 ដុល្លារឡើងទៅ។ ចំពោះវត្តមាន OPPO Reno7 Series ក្នុងទីផ្សារសកល នៅមិនទាន់ការបង្ហាញប្រាប់ច្បាស់ការនោះទេ។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង