នេះអាចជាការឌីហ្សាញរូបរាងរបស់ Xiaomi 12 Ultra ជំនាន់ថ្មី យល់យ៉ាងណាដែរ?
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

សព្វថ្ងៃនេះ ទូរសព្ទឆ្លាតលំដាប់កំពូលខ្ពស់បំផុតរបស់ Xiaomi គឺជា Mi 11 Ultra នោះឯង ដោយវាជាទូរសព្ទឆ្លាត ត្រូវបានគេឌីហ្សាញរូបរាងប្លែកពីគេ ជាពិសេសគឺនៅខាងក្រោយតែម្ដង ដោយមានប្រអប់កាមេរ៉ារាងចតុកោណ លាតសន្ធឹងពីផ្នែកខាងឆ្វេងទៅដល់ខាងស្ដាំ ព្រមទាំងមានបំពាក់អេក្រង់តូចមួយ ដែលមានទំហំប៉ុនអេក្រង់លើ Mi Smart Band 5 ផងដែរ។ ដោយឡែក នៅក្នុងពេលនេះយើងមកមើលរូបភាពគំរូរបស់ម៉ូឌែលថ្មី Xiaomi 12 Ultra វិញម្ដង ដោយឃើញថា វាទំនងជាបន្សល់អត្តសញ្ញាណចាស់ច្រើនគួរសម។

យោងតាមការបង្ហាញចេញពីប្រភពធំ LetsGo Digital គឺគេបានបញ្ចេញរូបភាពគម្រូមួយចំនួន បង្ហាញពីការឌីហ្សាញរូបរាង អាចនឹងត្រូវបាន Xiaomi ប្រើប្រាស់សម្រាប់ទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ក្រោយរបស់ខ្លួន ដែលទំនងជាមានឈ្មោះថា Xiaomi 12 Ultra។ មើលទៅតាមរូបភាពទាំងនោះ យើងឃើញថា Xiaomi 12 Ultra ស្រដៀងគ្នានឹងជំនាន់ចាស់ច្រើនដែរ ប៉ុន្តែលើកនេះ នៅផ្នែកខាងមុខ អេក្រង់របស់វាមិនសូវកោងខ្លាំងពេកឡើយ ហើយកាមេរ៉ាមួយគ្រាប់ដែលជាលេនទំលុះអេក្រង់នោះ គឺត្រូវបានគេដាក់នៅចំកណ្ដាលវិញ។

ចំណែកឯផ្នែកខាងក្រោយ យើងឃើញថាស្រដៀងជំនាន់មុនច្រើន ប៉ុន្តែលើកនេះកាមេរ៉ាទាំង 3 គ្រាប់ ត្រូវបានគេតម្រៀបជាជួរបញ្ឈរចុះក្រោម ជាមួយ Flash LED នៅឆ្នូតចំកណ្ដាលជាមួយស្លាកយីហោ Leica ហើយបន្ទាប់ពីឆ្នូតមួយនេះ គឺមានអេក្រង់មួយទៀត ដែលមានទំហំធំជាងជំនាន់មុនប្រហែលជា 2 ដង។

ជាមួយអេក្រង់ខាងក្រោយធំជាងមុនបែបនេះ ដូច្នេះយើងអាចរំពឹងបានថា វាទំនងជានឹងមានប្រយោជន៍សម្រាប់ការប្រើប្រាស់ជាងមុនច្រើន ហើយទៅលើចំណុចឌីហ្សាញតូចៗក្រៅពីនេះ គឺហាក់ដូចជាមិនមានអ្វីគួរឲ្យកត់សម្គាល់ថា ខុសគ្នាពី Mi 11 Ultra កន្លងទៅឡើយ។

យ៉ាងណាក៏ដោយ សូមបញ្ជាក់ថា រូបភាព Render ខាងលើ គឺត្រូវបានគេធ្វើឡើយតាមរយៈការរំពឹងទុកប៉ុណ្ណោះ ដូច្នេះនៅមិនទាន់ច្បាស់មួយរយភាគរយនោះទេថា Xiaomi នឹងប្រើប្រាស់ការឌីហ្សាញបែបនោះមែន ឬអត់ ព្រោះជាក់ស្ដែងពេលវេលា ដែលគេអាចនឹងប្រកាសចេញ គឺនៅសល់រាងយូរគួរសមទៀតដែរ។

ប្រភព ៖ LetsGo Digital
អត្ថបទទាក់ទង