Samsung បញ្ចេញកម្មវិធីកាមេរ៉ា Expert Raw ថ្មីសម្រាប់អ្នកប្រើប្រាស់ចូលចិត្តការថតរូប
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ថ្មីៗនេះ Samsung ទើបប្រកាសចេញកម្មវិធីកាមេរ៉ាថ្មី សម្រាប់អ្នកប្រើប្រាស់ទូរសព្ទឆ្លាតរបស់ខ្លួន ដែលនិយមថតរូប ឬអ្នកដែលស្រលាញ់ការថតរូប ព្រោះបានដាក់បញ្ចូលមុខងារសំខាន់ជាច្រើនទៀត ចូលទៅក្នុងកម្មវិធីថ្មីនោះ ខណៈកម្មវិធីកាមេរ៉ាដើមលើទូរសព្ទឆ្លាតរបស់គេ មិនមានភ្ជាប់មកនោះទេ។ កម្មវិធីថ្មីនោះត្រូវបានគេហៅថា Expert Raw ដែលត្រូវបានធ្វើឡើងជាពិសេស សម្រាប់ការថតរូបភាពតែម្ដង។

កម្មវិធីថ្មីខាងលើ គឺបានបើកឲ្យនូវជម្រើសថតរូបភាពកាន់តែច្រើនដល់អ្នកប្រើប្រាស់ ជាក់ស្ដែងគឺមានការបញ្ចូលនូវការថតតាម Format ប្រភេទ Linear DNG 16 bit RAW បានថែមទៀតផង។ អ្វីដែលពិសេសគឺនៅលើ Galaxy S21 Ultra កាមេរ៉ាទាំងបួនគ្រាប់របស់វា ដែលរួមមានទាំងលេន Wide, Ultra-wide, Telephoto និង Periscope អាចធ្វើការថតតាមបែប Linear DNG 16 bit RAW នេះបានដូចៗគ្នា។ 

គួរបញ្ជាក់ថា Raw Format នេះ មិនមាននៅលើកម្មវិធីកាមេរ៉ាដើមរបស់ Samsung នោះទេ ហើយអត្ថប្រយោជន៍របស់វាគឺ វាអាចផ្តល់ឲ្យមកវិញនូវគុណភាពរូបខ្ពស់បំផុត ដោយមិនមានបាត់បង់កម្រិត Dynamic Range, កម្រិត Detail ក៏ដូចជាកម្រិត Sharpness នោះឡើយ។

បន្ថែមពីនេះ កម្មវិធីកាមេរ៉ាថ្មី Expert Raw នោះ ក៏អាចគាំទ្របានជាមួយ HDR និង Lossless JPEG បានដូចគ្នា។ អ្វីដែលសំខាន់សម្រាប់អ្នកដែលចូលចិត្តថតរូបភាពជាងគេ គឺថា Expert Raw បានដាក់បញ្ចូលមកជាមួយមុខងារ Pro Mode មកឲ្យដូចគ្នា ដូច្នេះអ្នកដែលជំនាញថតរូប អាចចូលទៅធ្វើការកំណត់ចំណុចសំខាន់ផ្សេងៗ បានតាមតម្រូវការខ្លួនឯង ជាក់ស្ដែងដូចជាកំណត់ Shutter Speed, Exposure, Manual Focus, ISO និងកំណត់ Histogram ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចធ្វើការ Export RAW Profiles ចូលទៅកាន់កម្មវិធីកាត់តរូបភាពដូចជា Adobe Lightroom បានផងដែរ។ 

នៅក្នុងពេលនេះ កម្មវិធីខាងលើកំពុងដាក់ឲ្យទាញយកនៅក្នុង Galaxy Store ប៉ុន្តែក្នុងដំណាក់កាលដំបូងគឺមានសម្រាប់តែ Galaxy S21 Ultra សិនប៉ុណ្ណោះ ដូច្នេះហើយនៅពេលក្រោយៗទៀត គេនឹងដាក់ឲ្យវាគាំទ្រនៅលើទូរសព្ទឆ្លាតមួយចំនួនទៀតដូចជា Galaxy S21+ ជាដើម។

ប្រភព ៖ Phone Arena
អត្ថបទទាក់ទង