Snapdragon 8 Gen 1 ក៏ទំនងជាមានសមត្ថភាពយកពិន្ទុពី AnTuTu បានខ្ទង់ 1 លានដែរ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

មុននឹងការប្រកាសចេញផ្លូវការមកដល់ យើងធ្លាប់ទទួលបានដំណឹងលេចធ្លាយច្រើនដងដែរ ទាក់ទងនឹងឈីបកំពូលជំនាន់ថ្មីរបស់ Qualcomm ហើយថ្មីៗនេះ គេក៏ធ្លាប់បញ្ជាក់ប្រាប់ដែរថា ឈីបនោះនឹងត្រូវប្តូរឈ្មោះថ្មី ពោលគឺអាចនឹងត្រូវប្តូរទៅជា Snapdragon 8 Gen 1 វិញ។ ដោយឡែកក្នុងពេលនេះ យើងមកមើលពិន្ទុលើ AnTuTu ដែលឈីបខាងលើទទួលបានវិញម្ដង។

មិនខុសទេ យោងតាមពិន្ទុនៅក្នុង AnTuTu ដែលត្រូវបានបង្ហាញដោយអ្នកចែករំលែកដំណឹងលេចធ្លាយក្នុងបណ្ដាញសង្គម Weibo នោះ គេបញ្ជាក់ថា ឈីបកំពូលជំនាន់ថ្មីរបស់ Qualcomm អាចជា Snapdragon 8 Gen 1 គឺទទួលបានពិន្ទុពី AnTuTu ដល់ទៅជាង 1 លានឯណោះ តាមរយៈការតេស្តលើទូរសព្ទមិនទាន់ចេញផ្លូវការមួយ។ ពិន្ទុសរុបដែលគេបានបង្ហាញឃើញថាខ្ទង់ 1,035,020 ពិន្ទុ ប៉ុន្តែគួរឲ្យស្ដាយដែលរូបភាព Screenshot នោះ ត្រូវបានគេកាត់ មិនឲ្យឃើញដល់ពិន្ទុតាមផ្នែកនីមួយៗនោះឡើយ។

ដំណឹងលេចធ្លាយស្រដៀងគ្នានេះនាពេលកន្លងទៅគឺថា MediaTek ក៏មានឈីបកំពូលមួយដែរ ដែលអាចនឹងមានលទ្ធភាពទាញយកពិន្ទុពី AnTuTu បានដល់ទៅខ្ទង់ 1 លាន ពោលគឺឈីប Dimensity 9000 នោះឯង ដូច្នេះអាចនិយាយបានថា នៅឆ្នាំក្រោយនេះ ឈីបកំពូលភាគច្រើន និងមានសមត្ថភាពដល់កម្រិតនោះច្រើន។

បើសិនជាពិន្ទុ 1,035,020 ពិន្ទុ ជារបស់ Snapdragon 8 Gen 1 ថ្មីមែន ដូច្នេះអាចនិយាយបានថា វាគឺជាឈីបដំបូងបង្អស់របស់ Qualcomm ហើយ ដែលត្រូវបាន AnTuTu ផ្តល់ពិន្ទុឲ្យដល់ខ្ទង់ 1 លានបែបនេះ ព្រោះកន្លងទៅ Snapdragon 888+ ធ្លាប់ទទួលបានពិន្ទុខ្ពស់បំផុតត្រឹមខ្ទង់ 80 ម៉ឺនប៉ុណ្ណោះ។ 

គួរបញ្ជាក់ជាថ្មីថា Qualcomm មានភាគរយខ្ពស់ក្នុងការប្រកាសចេញផ្លូវការ នៃវត្តមានឈីបកំពូលខាងលើ នៅចុងខែនេះ ឬអាចនឹងដើមខែធ្នូខាងមុខតែម្ដង ហើយបន្ទាប់ពីនោះ ក៏រំពឹងថាមានទូរសព្ទឆ្លាតមួយចំនួន គ្រោងប្រើប្រាស់ឈីបថ្មីនេះ បង្ហាញខ្លួនក្នុងខែធ្នូដូចគ្នា ជាក់ស្ដែងដូចជា Xiaomi 12 ជាដើម។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង