Samsung គ្រោងផលិត Galaxy Tab S8 Series នៅត្រីមាសទី 1 ដើមឆ្នាំក្រោយនេះតែម្ដង
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ថ្មីៗនេះ យើងទទួលបានព័ត៌មានលេចធ្លាយថ្មីមួយ បង្ហាញទាក់ទងនឹងគម្រោងរបស់ Samsung ក្នុងការផលិតទ្រង់ទ្រាយធំនៃផលិតផលសំខាន់ៗរបស់គេ នៅក្នុងអំឡុងឆ្នាំ 2022 ខាងមុខនេះ ជាក់ស្ដែងក្នុងនោះគឺមានទាងគម្រោងផលិត Galaxy Tab S8 Series, Galaxy Watch5 Series, Galaxy Buds Pro2 ព្រមទាំង Galaxy Buds Live2 ជាដើម។

មិនខុសទេ យោងតាមការបង្ហាញចេញពីប្រភព The Elec មកពីកូរ៉េខាងត្បូងផ្ទាល់នោះ បានឲ្យដឹងថា Samsung គ្រោងនឹងបើកការផលិតទ្រង់ទ្រាយធំ នៃថេប្លេតលំដាប់កំពូលជំនាន់ថ្មី Galaxy Tab S8 Series ដែលរួមមានទាំង Galaxy Tab S8, Tab S8+ និង Tab S8 Ultra នៅក្នុងអំឡុងដើមឆ្នាំក្រោយ ពោលគឺក្នុងត្រីមាសទី 1 ឆ្នាំ 2022 ខាងមុខនេះតែម្ដង។ នៅក្នុងនោះក៏មានបង្ហាញដែរថា Samsung នៅមានគម្រោងបញ្ចេញ Galaxy Tab S8 Lite មួយទៀត ប៉ុន្តែមិនមែនឆាប់ៗនោះទេ ពោលគឺគេអាចនឹងបើកការផលិតទ្រង់ទ្រាយធំក្នុងអំឡុងត្រីមាសទី 3 និងទី 4 ឯណោះ។

ក្រៅពីថេប្លេត គម្រោងរបស់ក្រុមហ៊ុនខាងលើទាក់ទងនឹង Galaxy Watch ជំនាន់ថ្មីក៏ត្រូវបានគេដឹងដែរ ជាក់ស្ដែងគេអាចនឹងបើកការផលិត Galaxy Watch5 នៅក្នុងអំឡុងត្រីមាសទី 3 ឬទី 4 ឆ្នាំ 2022។

ទៅមើល Galaxy Buds Pro2 វិញ ឃើញថាកាលវិភាគរបស់ Samsung គឺគ្រោងនឹងផលិតទ្រង់ទ្រាយធំ នៅក្នុងអំឡុងចាប់ពីត្រីមាសទី 2 ទៅដល់ត្រីមាសទី 4 ហើយមិនទាន់អស់ទេ Samsung អាចនឹងនៅមាន Galaxy Buds Live2 មួយទៀត គ្រោងនឹងផលិតទ្រង់ទ្រាយធំក្នុងអំឡុងត្រីមាសទី 3 ទៅដល់ត្រីមាសទី 4។ យោងតាមរូបភាពបែកធ្លាយ ក៏ឃើញមានបង្ហាញពីចំនួនជាក់លាក់ ដែល Samsung គ្រោងផលិតផលិតផលទាំងនោះដែរ ដូច្នេះអ្នកទាំងអស់គ្នា អាចស្វែងយល់បន្ថែមបាន តាមរយៈរូបភាពខាងលើ។

ប្រភព ៖ Sam Mobile
អត្ថបទទាក់ទង