មានដំណឹងថា Pixel 6a អាចនឹងប្រើប្រាស់ឈីប Google Tensor ដូចម៉ូឌែលកំពូលដែរ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីដើមសប្តាហ៍នេះ យើងបានឃើញរូបភាព Render មួយចំនួន បង្ហាញចេញដោយប្រភពល្បីឈ្មោះ OnLeaks ដែលនិយាយទាក់ទងនឹងរូបរាងមួយជុំតួខ្លួនរបស់ Pixel 6a ដែលជាទូរសព្ទឆ្លាតលំដាប់ថវិកាជំនាន់ថ្មីរបស់ Google គ្រោងនឹងចេញនៅក្នុងឆ្នាំក្រោយ។ ដោយឡែកនៅពេលដែលនិយាយទាក់ទងនឹងរូបរាងឌីហ្សាញរបស់វានោះ គឺមិនទាន់ប្រភពណាដឹងច្រើនពីលក្ខណៈសម្បត្តិនោះទេ ទើបតែពេលនេះ កាមេរ៉ា និងឈីបគ្រោងនឹងបំពាក់លើនោះ ត្រូវបានគេដឹង។

មិនខុសទេ យោងតាមការស្រាវជ្រាវរកឃើញពីសំណាក់ប្រភព 9To5Google បានឲ្យដឹងថា Pixel 6a អាចនឹងមានបំពាក់មកនូវឈីប Google Tensor ដូចម៉ូឌែលកំពូល Pixel 6 និង 6 Pro ដែរ ដោយទំនងជាមិនមានប្រើប្រាស់ឈីបលំដាប់បង្គួរផ្សេងណាមួយ ដូចទម្លាប់របស់ក្រុមហ៊ុននេះរាល់ដងនោះទេ។ ក្រៅពីការរកឃើញទាក់ទងនឹងឈីប ប្រភពខាងលើក៏បានដឹងទាក់ទងនឹងកាមេរ៉ារបស់វាដូចគ្នាដែរ ពោលបើទោះជា Pixel 6a មានឈីបដូចម៉ូឌែលកំពូលមែន ប៉ុន្តែកាមេរ៉ារបស់វាគឺត្រូវបានគេបន្ថយមកវិញ ជាក់ស្ដែងវាអាចនឹងប្រើប្រាស់ត្រឹមសេនស័រ Sony IMX363 ទំហំ 12.2MP ជាលេនគោល ដែលជាសេនស័រដូចគ្នានឹងកាមេរ៉ា រកឃើញនៅលើ Pixel 3 រហូតមកដល់ Pixel 5a កន្លងទៅអញ្ចឹងដែរ។

មិនទាន់អស់ទេ កាមេរ៉ាមួយគ្រាប់ទៀតនោះ គឺអាចជាលេន Ultrawide ហ្នឹងឯង ដោយទំនងជាប្រភេទ Sony IMX386 ទំហំ 12MP ខណៈពេលដែលកាមេរ៉ាមុខងារវិញ វាអាចនឹងមានមួយគ្រាប់ជាលេនទំលុះអេក្រង់កណ្ដាលទំហំ 8MP ជាប្រភេទ IMX355 ដូច Pixel 6 ដែរ។

ដូច្នេះហើយទាំងនេះជាចំណុចសំខាន់ៗទាក់ទងនឹង Pixel 6a ដែលត្រូវបានគេស្រាវជ្រាវឃើញ ខណៈលក្ខណៈសម្បត្តិផ្សេងៗទៀត ដូចជាថាមពលថ្មជាដើមនោះ នៅតែបន្តមិនទាន់ដឹងដដែល។ 

ប្រភព ៖ 9To5 Google
អត្ថបទទាក់ទង