ក្រៅពីប្តូររូបរាងថ្មី OnePlus 10 Pro អាចបន្តប្រើប្រាស់កាមេរ៉ាពង្រីកបែប Optical បាន 3.3 ដងដដែល
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ថ្មីៗនេះ យើងបានឃើញរូបភាព Render បែកធ្លាយមួយ បង្ហាញទាក់ទងនឹងរូបរាងនៃការឌីហ្សាញផ្នែកខាងមុខ និងខាងក្រោយរបស់ OnePlus 10 Pro ដែលជាទូរសព្ទលំដាប់កំពូលជំនាន់ថ្មីរបស់ OnePlus គ្រោងនឹងចេញនៅឆ្នាំក្រោយ។ ដោយឡែកនៅក្នុងពេលនេះ យើងទទួលបានដំណឹងលេចធ្លាយថ្មីមួយទៀត រៀបរាប់ពីលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួន អាចនឹងមាននៅលើ OnePlus 10 Pro ថ្មី ក្នុងនោះរួមមានទាំងផ្នែកកាមេរ៉ាផងដែរ។

យោងតាមដំណឹងបែកធ្លាយចុងក្រោយ បានឲ្យដឹងថា OnePlus 10 Pro អាចនឹងមានបំពាក់មកជាមួយអេក្រង់កោងគែមបន្តិចទំហំ 6.7 អ៊ីញ កម្រិតបង្ហាញ QHD+ ជាមួយកម្រិត Refresh Rate 120Hz មិនខុសពីឆ្នាំមុនប៉ុន្មាននោះទេ។ ក្រៅពីនេះ ទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ក្រោយខាងលើ មានភាគរយខ្ពស់ក្នុងការបំពាក់ជាមួយឈីបកំពូលថ្មីរបស់ Qualcomm ដូចគ្នា ដែលអាចនឹងត្រូវបានគេហៅថា Snapdragon 8 Gen 1 នោះឯង។ 

មិនត្រឹមតែប៉ុណ្ណោះ OnePlus 10 Pro ក៏អាចនឹងទទួលបានជម្រើសរ៉េមពីរប្រភេទរួមមាន 8GB និង 12GB ជាប្រភេទ LPDDR5 អមមកនូវអង្គផ្ទុកចំនួនពីរជម្រើសដូចគ្នារួមមាន 128GB ឬ 256GB ជាប្រភេទ UFS 3.1 ដែលចំណុចទាំងនេះ ឃើញថាមិនមានអ្វីប្លែកពីមុនច្រើននោះទេ។

សម្រាប់ផ្នែកកាមេរ៉ាវិញ យើងទទួលបានដំណឹងមកថា OnePlus អាចនឹងប្រើប្រាស់លេនគោលទំហំ 48MP ជាមួយគ្នានឹងលេនទូលាយ Ultrawide ទំហំ 50MP និងចុងក្រោយមួយទៀតនោះ គឺអាចជាលេន Telephoto ដូចគ្នានឹងឆ្នាំមុនដដែល ពោលគឺទំនងមានទំហំ 8MP អាចធ្វើការពង្រីកបែប Optical បាន 3.3 ដង និងបែប Digital បាន 30 ដង។ រីឯកាមេរ៉ាខាងមុខវិញ ទូរសព្ទឆ្លាតជំនាន់ថ្មីខាងលើ អាចនឹងទទួលបានសេនស័រមួយគ្រាប់ជាលេនទំលុះអេក្រង់ ដែលមានទំហំធំ 32MP ផងដែរ។ 

ទន្ទឹមគ្នានោះ OnePlus អាចធ្វើការដាក់បញ្ចូលថាមពលថ្មបានធំជាងមុន បើទោះជាទំហំទូរសព្ទស្រដៀងគ្នានឹងលើកមុនច្រើនក៏ដោយ ពោលគឺលើកនេះ OnePlus 10 Pro អាចនឹងទទួលបានថាមពលថ្មដល់ 5,000mAh ដូចទូរសព្ទកំពូល Android ជាច្រើនទៀតដែរហើយ។

ប្រភព ៖ XDA Developer
អត្ថបទទាក់ទង