កុំព្យូទ័រ Mac ប្រើឈីបត្រកូល M1 របស់ Apple ជិតដល់ពេលអាចគាំទ្រ Windows បានផ្លូវការហើយ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កន្លងទៅនេះ មានមនុស្សជាច្រើន ជាពិសេសគឺក្រុមអ្នក Developer តែម្ដង បានឆ្ងល់ថា ហេតុអ្វីបានជាកុំព្យូទ័រ Mac ប្រើប្រាស់ឈីប M1 មិនគាំទ្រជាមួយ Windows បានពេញលេញផ្លូវការ ដូចកុំព្យូទ័រ Mac ដែលប្រើប្រាស់ឈីប Intel កន្លងទៅ? សម្រាប់ចម្លើយនៃសំនួរនេះដែរ Apple ធ្លាប់ឆ្លើយប្រាប់ថា គឺអាស្រ័យទៅលើ Microsoft ប៉ុណ្ណោះ។ ដោយឡែក ក្នុងពេលនេះយើងទទួលបានចម្លើយកាន់តែច្បាស់ថែមទៀតពីបញ្ហាខាងលើ ហើយក៏ជាដំណឹងល្អមួយសម្រាប់អ្នកប្រើ Mac ដែរ។

យោងតាមរបាយការណ៍ថ្មី ដែលទើបត្រូវបានគេរាយការណ៍នោះគឺថា មូលហេតុដែល Microsoft មិនព្រមដាក់ឲ្យ Windows គាំទ្រពេញលេញលើឈីបត្រកូល M របស់ Apple ដែលផ្អែកលើស្ថាបត្យកម្ម Arm នោះ គឺដោយសារតែក្រុមហ៊ុននេះ បានជាប់កិច្ចព្រមព្រៀងសម្ងាត់មួយជាមួយ Qualcomm ហើយកិច្ចការព្រមព្រៀងនោះគឺ Qualcomm ទាមទារឲ្យ Microsoft បើកឲ្យតែឈីបផ្អែកលើស្ថាបត្យកម្ម Arm របស់ខ្លួនមួយប៉ុណ្ណោះ ទើបអាចគាំទ្រពេញលេញជាមួយ Windows បាន។

ប៉ុន្តែយ៉ាងណា ពេលនេះកិច្ចព្រមព្រៀងរវាង Qualcomm និង Microsoft ត្រូវបានគេដឹងថា កាន់តែជិតបញ្ចប់ទៅមែនទែនហើយ ដូច្នេះមានន័យថា មិនយូរប៉ុន្មានទៀតនោះទេ កុំព្យូទ័រ Mac ដែលប្រើឈីបផ្អែកលើស្ថាបត្យកម្ម Arm ទាំងអស់ និងអាចគាំទ្រជាមួយ Windows ផ្លូវការពេញលេញបានដូចឈីប Intel អញ្ចឹង។

ពេលវេលាជាក់លាក់ដែលកិច្ចព្រមព្រៀងរវាង Qualcomm និង Microsoft នឹងត្រូវបញ្ចប់នោះ នៅមិនទាន់មានអ្នកដឹងច្បាស់ទេ ប៉ុន្តែគេអះអាងថា គឺកាន់តែកៀកមែនទែនហើយ។ ដូច្នេះនេះមិនត្រឹមតែជាដំណឹងល្អសម្រាប់កុំព្យូទ័រ Mac មួយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ក្រុមហ៊ុនដទៃទៀត ដែលមានគម្រោងក្នុងការផលិតឈីបផ្នែកលើស្ថាបត្យកម្មរបស់ Arm ដើម្បីឲ្យដំណើរការ Windows នោះ នឹងមានឱកាសដូចគ្នា ជាក់ស្ដែងដូចជា MediaTek ឬក៏ Samsung ជាដើម។

សូមបញ្ជាក់ថា សព្វថ្ងៃនេះបើអ្នកប្រើប្រាស់ចង់តម្លើង Windows លើកុំព្យូទ័រ Mac ប្រើឈីប M1 បន្ថែមពីលើ macOS មួយទៀតនោះ គឺមិនអាចធ្វើតាម Boot Camp បានដោយផ្ទាល់នោះទេ ព្រោះវាមិនទាន់គាំទ្រឡើយ ដូច្នេះហើយមានតែប្រើប្រភេទ Virtual Machine ប៉ុណ្ណោះ ដែលជាមូលហេតុមួយ ធ្វើឲ្យសមត្ថភាពឈីបរបស់ Apple ធ្លាក់ចុះច្រើន។

ប្រភព ៖ 9To5 Mac
អត្ថបទទាក់ទង