Qualcomm បង្ហើបថា គេមានគម្រោងប្តូរឈ្មោះឈីបកំពូលត្រកូល Snapdragon ពិតមែន
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ក្នុងសប្តាហ៍មុន យើងទទួលបានដំណឹងលេចធ្លាយមួយ បង្ហាញទាក់ទងនឹងគម្រោងក្នុងការប្តូរឈីបកំពូលរបស់ Qualcomm ដោយមិនមែនដាក់ថា Snapdragon 898 ដូចការរំពឹងទុកពីសំណាក់មនុស្សជាច្រើននោះទេ ផ្ទុយទៅវិញគេអាចនឹងហៅវាថា Snapdragon 8 Gen 1 វិញ។ យ៉ាងណាពេលនោះ យើងមិនទាន់ប្រាកដទេថា ឈ្មោះបែបនេះនឹងត្រូវ Qualcomm សម្រេចប្រើប្រាស់មែន ឬក៏អត់ ប៉ុន្តែពេលនេះ Qualcomm ផ្ទាល់បានបង្ហើបឲ្យយើងដឹងបន្តិចហើយ។

តាមរយៈការបង្ហាញចេញពី Qualcomm ផ្ទាល់ បានឲ្យដឹងថា គេពិតជាមានគម្រោងក្នុងការប្តូរឈ្មោះឈីបកំពូលរបស់ខ្លួន ដូចដែលពាក្យចចាមអារ៉ាមកន្លងធ្លាប់បាននិយាយមែន ប៉ុន្តែគួរឲ្យស្ដាយ ក្រុមហ៊ុននេះមិនទាន់បានបញ្ជាក់ឡើយថា តើឈ្មោះ Snapdragon 8 Gen 1 នោះ ជាការពិតមែន ឬក៏អត់។ អ្វីដែលគេបានបង្ហាញគឺថា ឈ្មោះដែលប្តូរថ្មី នឹងមានលក្ខណៈខ្លីជាងមុន ព្រមទាំងសាមញ្ញជាងមុនដូចគ្នាដែរ។ 

ចំណុចសំខាន់មួយដែល Qualcomm បានបង្ហើបនោះគឺ គេនឹងបោះបង់ចោលនូវលេខ 3 ខ្ទង់ដូចដែលកំពុងប្រើប្រាស់សព្វថ្ងៃចេញ ហើយឈ្មោះឈីបកំពូលថ្មី នឹងមានលេខសម្គាល់តែមួយខ្ទង់ប៉ុណ្ណោះ ដែលចំណុចនេះហើយ ធ្វើឲ្យឈ្មោះ Snapdragon 8 Gen 1 មានភាគរយខ្ពស់ក្នុងការក្លាយជាការពិតមែន។

យ៉ាងណាក៏ដោយ មិនយូរប៉ុន្មានទៀតនោះទេ យើងនឹងបានដឹងច្បាស់ទាំងអស់គ្នាថា Qualcomm នឹងហៅឈីបកំពូលជំនាន់ថ្មីរបស់គេថាយ៉ាងម៉េច ព្រោះក្រុមហ៊ុននេះមានគម្រោងបើកព្រឹត្តិការណ៍ Tech Summit ប្រចាំឆ្នាំ 2021 ចាប់ផ្តើមពីចុងខែនេះទៅតែម្ដង។ អ្វីដែលធ្វើឲ្យយើងឆ្ងល់បន្ទាប់ទៀតនោះគឺថា បើសិនជា Qualcomm ហៅឈ្មោះឈីបបន្តតំណែងពី Snapdragon 888 ថា Snapdragon 8 Gen 1 មែន ចុះសម្រាប់ឈីបដែលបន្តតំណែងពី Snapdragon 870 ជាដើមនោះ នឹងត្រូវហៅដូចម្តេចវិញ?

ប្រភព ៖ Phone Arena
អត្ថបទទាក់ទង