Apple បានចុះប៉ាតង់ថ្មីនិយាយពី iPhone បំពាក់អេក្រង់មួយជុំតួខ្លួនតែម្ដង
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីក្នុងសប្តាហ៍មុន Apple បានចុះប៉ាតង់ថ្មីមួយ និយាយទាក់ទងនឹង iPhone ដែលមានការឌីហ្សាញប្លែកខុសគេ ហើយប៉ាតង់នោះក៏ត្រូវបានទទួលស្គាល់ដោយស្ថាប័ណ United States Patent and Trademark Office រួចរាល់ដែរ។ ប៉ាតង់ថ្មីដែលក្រុមហ៊ុនយក្សនេះ ទើបតែចុះបានសម្រេចនោះ ត្រូវបានដាក់ចំណងជើងថា “ឧបករណ៍អេឡិចត្រូនិចជាមួយកញ្ចក់ព័ទ្ធជុំវិញតួខ្លួន”។

យោងតាមឯកសារ ព្រមទាំងរូបភាពដែលបង្ហាញនៅក្នុងប៉ាតង់នោះ គឺបានឲ្យដឹងថា វាគឺជា iPhone ដែលមានបំពាក់មកជាមួយអេក្រង់បង្ហាញគ្រប់ជ្រុងតែម្ដង ពោលគឺលមានអេក្រង់បង្ហាញដល់ទៅ 6 ផ្នែកឯណោះ។ មិនត្រឹមតែប៉ុណ្ណោះទេ អេក្រង់គ្រប់ផ្នែកទាំងអស់នោះ គឺមិនមែនគ្រាន់តែប្រើប្រាស់ដើម្បីបង្ហាញមួយទេ ជាក់ស្ដែងវាក៏ដើម្បីឲ្យអ្នកប្រើប៉ះបញ្ជាបានដូចគ្នា ដូច្នេះហើយយើងអាចកាន់ប្រើទូរសព្ទនេះបានគ្រប់ជ្រុង មិនថាកាន់ខាងមុខ ខាងក្រោយ ខាងលើ ឬខាងក្រោមនោះទេ គឺនឹងអាចមើលឃើញនិងប៉ះបញ្ជាផ្សេងៗបានដូចគ្នា។ កាន់តែពិសេសនោះ នៅពេលកាន់ចំហៀងទូរសព្ទ យើងឃើញថា Icon ផ្សេងៗដែលមានក្នុងអេក្រង់ ក៏ត្រូវបានបង្ហាញបែបចំហៀងមកដូចគ្នាដែរ ហេតុនេះហើយវានឹងអាចឲ្យអ្នកប្រើមើលឃើញ Content ផ្សេងៗបានដូចគ្នា បើទោះជាមិនបានកាន់ចំពីមុខទូរសព្ទផ្ទាល់ក៏ដោយ។

មើលតាមប៉ាតង់គឺថា iPhone មានអេក្រង់មួយជុំតួខ្លួននោះ វាអាចដំណើរការបង្ហាញជារូបភាពផ្សេងៗបាន ដោយសារតែមានដុំទ្រវែងមួយត្រូវបានដាក់នៅខាងក្រោម ឬខាងលើ ដែលដុំនេះត្រូវបានគេហៅថា Cap ហើយ Cap នេះ អាចដកហូតចេញពីកញ្ចក់អេក្រង់នោះបានទៀតផង។

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាប៉ាតង់ប៉ុណ្ណោះ ដូច្នេះមិនប្រាកដនោះទេថា Apple នឹងធ្វើឲ្យចេញជារូបរាងមែន ឬក៏អត់។ នេះមិនមែនជាលើកទីមួយនោះទេ ដែល Apple បានចុះប៉ាតង់ទាក់ទងនឹងទូរសព្ទមានបំពាក់អេក្រង់ពេញតួខ្លួននោះ ព្រោះកន្លងទៅក្រុមហ៊ុនអាមេរិកនេះ ក៏ធ្លាប់បានចុះប៉ាតង់ទាក់ទងនឹងទូរសព្ទប្រភេទនេះច្រើនដងដែរហើយ គ្រាន់តែវាមានលក្ខណៈ និងមុខងារដំណើរការខុសៗគ្នា។

ប្រភព ៖ Phone Arena
អត្ថបទទាក់ទង