MediaTek Dimensity 9000 5G ជាឈីបកំពូលជំនាន់ថ្មីប្រើប្រាស់បច្ចេកវិទ្យា 4nm ដំបូងគេ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ថ្មីៗកន្លងទៅនេះ MediaTek បានប្រកាសចេញឈីបទូរសព្ទលំដាប់កំពូលរបស់ខ្លួនជាផ្លូវការ តែមិនមែនហៅថា Dimensity 2000 ដូចការបែកធ្លាយនោះទេ ផ្ទុយទៅវិញក្រុមហ៊ុនតៃវ៉ាន់នេះហៅថា Demensity 9000 5G តែម្ដង។ ឈីបថ្មីគឺមានបំពាក់លក្ខណៈសម្បត្តិសំខាន់ៗជំនាន់ថ្មីជាច្រើន ហើយអ្វីដែលពិសេសនោះគឺថា វាបានប្រើប្រាស់បច្ចេកវិទ្យា 4nm ដំបូងគេតែម្ដង។

មិនខុសទេ Dimensity 9000 5G គឺជាឈីបដំបូងគេបង្អស់ ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យា 4nm Process ហើយបច្ចេកវិទ្យានេះ នឹងជួយឲ្យវាកាន់តែមានសមត្ថភាពខ្ពស់ជាងមុន ព្រមទាំងប្រើប្រាស់ថាមពលថ្មតិចជាងមុនផងដែរ។ សម្រាប់ផ្នែក Core CPU វាត្រូវបានគេបំពាក់ប្រភេទ Cortex-X2 ជំនាន់ថ្មីចំនួនមួយគ្រាប់ ដើរតួជា Ultra Core ដែលមានល្បឿនខ្ពស់បំផុត អាចឡើងដល់ 3.05GHz ថែមទៀតផង។ 

ទន្ទឹមគ្នានេះវានៅមាន Core CPU ចំនួន 3 ទៀតជា Super Core ត្រូវបានប្រើប្រាស់ប្រភេទ Cortex-A710 មានល្បឿនឡើងដល់ 2.85GHz និងចុងក្រោយមានចំនួន 4 Cores ទៀតជា Efficiency Core បំពាក់មកប្រភេទ Cortext-A510 មានល្បឿនខ្ពស់បំផុតត្រឹម 1.8GHz។ សម្រាប់ផ្នែកក្រាហ្វិក Dimensity 9000 5G បានបំពាក់មកជាមួយ GPU ប្រភេទ Mali-G710 ជំនាន់ថ្មី ដែលមានចំនួនដល់ទៅ 10 Cores តែម្ដង។ 

ចំពោះរ៉េមវិញ ឈីបថ្មីរបស់ MediaTek ខាងលើ អាចគាំទ្របានដល់ប្រភេទ LPDDR5x ដែលមានល្បឿនខ្ពស់បំផុតដល់ 7500Mbps, មាន Cache ទំហំ 14MB ត្រូវបានក្រុមហ៊ុនគេអះអាងថា អាចជួយបង្កើនសមត្ថភាពបានប្រសើរជាងមុន 7% និងប្រើប្រាស់ Bandwidth ប្រសើរជាងមុន 25% បើប្រៀបនឹងឈីបប្រើ Cache ទំហំ 8MB។ ឈីបកំពូលថ្មីនេះ វាអាចគាំទ្របាននូវ 5G ជាប្រភេទ Sub-6GHz 5G មួយវិញទៀត Dimensity 9000 5G ក៏ឈីបដំបូងគេមួយ ដែលមានភ្ជាប់មកជាមួយបច្ចេកវិទ្យា Bluetooth ជំនាន់ចុងក្រោយបង្អស់ Bluetooth 5.3 ទៀតផង។ វាក៏គាំទ្រជាមួយ WiFi 6E និងបច្ចេកវិទ្យាមួយចំនួនទៀតដូចជា Bluetooth Audio LE ជាមួយគ្នានឹង Dual-Link True Wireless Stereo Audio ជាដើម។

ទៅលើអង្គគណនារូបភាពវិញ Dimensity 9000 5G ត្រូវបាន MediaTek អះអាងថា វាអាចគាំទ្រការថតវីដេអូកម្រិត 4K HDR ចេញពីកាមេរ៉ាចំនួន 3 ក្នុងពេលតែមួយបាន ព្រមទាំងអាចគាំទ្រនូវសេនស័រកាមេរ៉ាមួយគ្រាប់ ដែលមានទំហំដល់ 320MP បានផងដែរ។ ចំណុចសំខាន់ចុងក្រោយគឺទៅលើ APU ឬ AI Processing Unit ដោយត្រូវបានក្រុមហ៊ុនផ្ទាល់បញ្ជាក់ថា វាមានសមត្ថភាពប្រសើរជាងជំនាន់មុនដល់ទៅ 4 ដងឯណោះ បន្ថែមពីនេះគេអះអាងថា សមត្ថភាពផ្នែក AI ដែលចេញពី APU របស់ Dimensity 9000 នោះ គឺប្រសើរជាងសមត្ថភាពផ្នែក AI ចេញពី APU របស់ឈីប Google Tensor ដល់ទៅ 16% ទៀតផង។ 

សម្រាប់ទូរសព្ទឆ្លាត គ្រោងនឹងប្រើប្រាស់ឈីបខាងលើ MediaTek មិនទាន់បានបញ្ជាក់ប្រាប់ទេ ប៉ុន្តែក្រុមហ៊ុនតៃវ៉ាន់នេះបង្ហើបថា ទូរសព្ទដំបូងបំពាក់ឈីបកំពូលរបស់គេនោះ នឹងបង្ហាញខ្លួនផ្លូវការនៅក្នុងអំឡុងត្រីមាសទី 1 ឆ្នាំក្រោយ។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង