Huawei ប្រកាសចេញកុំព្យូទ័រកាត់ថេប្លេត MateBook E ថ្មីប្រើអេក្រង់ OLED 12.6 អ៊ីញ ជាមួយ CPU Core i7
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ក្នុងពេលបច្ចុប្បន្ននេះ Huawei ហាក់ដូចជាព្យាយាមក្នុងការបញ្ចេញឧបករណ៍អេឡិចត្រូនិចផ្សេងៗ ក្រៅពីទូរសព្ទឆ្លាតវិញ ជាក់ស្ដែងដូចជាឧបករណ៍ Wearables និងកុំព្យូទ័រជាដើម។ ដោយឡែក នៅក្នុងព្រឹត្តិការណ៍របស់គេមួយ ដែលធ្វើឡើងក្នុងប្រទេសចិនកាលពីយប់មិញនេះ គេបានប្រកាសចេញកុំព្យូទ័រ 2-in-1 ម៉ូឌែលថ្មី ត្រូវបានហៅថា Huawei MateBook E ដែលមានទម្រង់កាត់មករកថេប្លេត ស្រដៀងនឹង Microsoft Surface ដែរ។

សម្រាប់ការរចនារូបរាងរបស់ Huawei MateBook E គឺស្រដៀងគ្នានឹងថេប្លេតត្រកូល MatePad របស់ Huawei ដែរ ជាពិសេសនោះគឺវាមានគែម Bezel ខ្លីទាំង 4 ជ្រុងតែម្ដង គ្រាន់តែគែមឆ្វេងស្ដាំស្ដើងជាងគែមលើក្រោមបន្តិច។ កុំព្យូទ័រកាត់ថេប្លេតនេះ មានកម្រាស់ត្រឹម 7.9mm ប៉ុណ្ណោះ និងមានទម្ងន់ 709 ក្រាម។ សម្រាប់ផ្នែកអេក្រង់វិញ វាបានបំពាក់ទំហំ 12.6 អ៊ីញ ប្រភេទ OLED ដែលមានកម្រិតបង្ហាញ 2560 x 1600 ភិចសែល និងអាចគាំទ្រការបង្ហាញទឹកពណ៌ប្រភេទ DCI-P3 បាន 100% ពេញតែម្ដង។ នេះជាអេក្រង់ដែលមានសមាមាត្រ 16:10 ជាមួយកម្រិតពន្លឺឡើងខ្ពស់បំផុតបានដល់ 600 nits ផងដែរ។ 

ទៅលើកម្លាំងម៉ាស៊ីន កុំព្យូទ័ររបស់ Huawei ខាងលើមានជម្រើស CPU ខ្ពស់បំផុតឡើងដល់ Core i7 ជំនាន់ទី 11 របស់ Intel ជាមួយ GPU Intel Iris X មកស្រាប់ ប៉ុន្តែសម្រាប់ម៉ូឌែល Core i5 មិនមាន GPU នេះមកទេ។

ទន្ទឹមគ្នានេះ វាមានជម្រើសរ៉េមខ្ពស់បំផុតទំហំ 16GB រួមទាំងអង្គផ្ទុកប្រភេទ SSD PCIe មកទំហំ 512GB។ Huawei MateBook E ក៏មានភ្ជាប់មកជាមួយរន្ធ Thunderbolt 4 ចំនួនមួយមកដែរ ហើយវាក៏គាំទ្រជាមួយ WiFi 6 បានដូចគ្នា។ សម្រាប់កាមេរ៉ា នៅខាងមុខមានមួយគ្រាប់ទំហំ 8MP និងខាងក្រោយមានមួយគ្រាប់ដូចគ្នាមានទំហំ 13MP ស្ថិតនៅជាមួយ Flash LED មួយគ្រាប់។ កុំព្យូទ័រកូនកាត់នេះក៏មានបំពាក់ Speaker មកដល់ 4 គ្រាប់ ដែលប្រើប្រាស់ប្រព័ន្ធសម្លេង Huawei Sound ផ្ទាល់តែម្ដង។ 

Huawei MateBook E មានថាមពលថ្មកម្លាំង 42Whr ហើយអាចធ្វើការសាកចូលវិញតាមរយៈរន្ធសាក USB-C ដោយត្រូវបាន Huawei អះអាងថា អាចសាកបញ្ចូលថ្មមួយពេញចំណាយពេលខ្ទង់ 90 នាទី។ 

ចុងក្រោយសម្រាប់ផ្នែកតម្លៃ Huawei MateBook E ត្រូវបានដាក់លក់ក្នុងទីផ្សារស្រុកចិន ចាប់ផ្តើមឡើងពី 940 ដុល្លារឡើងទៅ មានន័យថា នេះជាតម្លៃសម្រាប់ម៉ូឌែល Core i5 ជាមួយរ៉េម 8GB អង្គផ្ទុក 256GB ប៉ុណ្ណោះ ដូច្នេះម៉ូឌែលផ្សេងៗទៀត ដែលមានលក្ខណៈសម្បត្តិខ្ពស់ជាងនេះ នឹងកើនតម្លៃខ្ពស់ជាងនេះដូចគ្នា។

ប្រភព ៖ Gizmochina
អត្ថបទទាក់ទង