Apple បើក Self Service Repair ថ្មី អនុញ្ញាតឲ្យអ្នកប្រើ iPhone និង Mac អាចជួសជុលដោយខ្លួនឯងបាន
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

Apple ដែលជាក្រុមហ៊ុនមួយ តែងតែមានភាពតឹងរឹងសម្រាប់ការជួសជុលទូរសព្ទ ឬផលិតផលផ្សេងៗទៀតរបស់ខ្លួននោះ ថ្មីៗនេះគេបែរជាប្រកាសចេញកម្មវិធីមួយមានឈ្មោះថា Self Service Repair ដែលគម្រោងក្នុងការដាក់លក់គ្រឿងផ្សេងៗរបស់ iPhone និងកុំព្យូទ័រ Mac ដោយផ្ទាល់ ហើយអនុញ្ញាតឲ្យមនុស្សគ្រប់គ្នា ទិញគ្រឿងទាំងនោះ ដើម្បីយកទៅជួសជុល ឬជំនួសគ្រឿងដែលខូចនៅលើ iPhone ឬ Mac របស់ពួកគេដោយផ្ទាល់បាន។

ក្រុមហ៊ុនអាមេរិកខាងលើ មានគម្រោងក្នុងការដាក់លក់គ្រឿងផ្សេងៗ ឧបករណ៍សម្រាប់ជួសជុល ក៏ដូចជាផ្តល់ការណែនាំអំពីរបៀប នៃការជួសជុលផលិតផលរបស់គេនៅផ្ទះ ទៅដល់អ្នកប្រើប្រាស់ ដោយមិនចាំបាច់ឲ្យពួកគេ យកទូរសព្ទ ឬកុំព្យូទ័ររបស់ខ្លួនមកជួសជុលនៅ Apple Store ឬហាងជួសជុលណាផ្សេងឡើយ។ គម្រោងដំបូងរបស់គេ គឺចាប់ផ្តើមពីការដាក់លក់គ្រឿងរបស់ iPhone 12 និង iPhone 13 ក៏ដូចជាកុំព្យូទ័រដែលប្រើប្រាស់ឈីប M1 ឡើងជាមុនសិន។ 

នៅក្នុងនោះ Apple បើកឲ្យអ្នកប្រើអាចទិញ អេក្រង់របស់ iPhone, ថ្ម ក៏ដូចជាកាមេរ៉ា ដើម្បីយកទៅជំនួសគ្រឿងទាំងនេះ នៅលើ iPhone របស់គេដែលបានខូច ប៉ុន្តែគេមិនមែនលក់តែប៉ុណ្ណេះទេ ជាក់ស្ដែងគ្រឿងសំខាន់ៗផ្សេងទៀត នឹងក្លាយជាជម្រើសដាក់ឲ្យទិញតាមក្រោយ។

គួរបញ្ជាក់ថា Self Service Repair នេះ មិនទាន់បើកក្នុងឆ្នាំនេះទេ ពោលគឺ Apple នឹងចាប់ផ្តើមចាប់ពីដើមឆ្នាំក្រោយខាងមុខទៅ ហើយដំបូងនឹងមាននៅក្នុងសហរដ្ឋអាមេរិកមុនគេ បន្ទាប់មកទៀតគេនឹងពង្រីកសេវាកម្មនេះ ទៅក្នុងប្រទេសផ្សេងៗទៀត។

យ៉ាងណាក៏ដោយ Apple បានបញ្ជាក់ប្រាប់ជាមុនដែរថា កម្មវិធីខាងលើនេះ គឺគេបើកសម្រាប់ឲ្យអ្នកជំនាញ ឬអ្នកធ្លាប់មានចំណេះដឹង និងបទពិសោធន៍ទៅលើការជួសជុលឧបករណ៍អេឡិចត្រូនិចប៉ុណ្ណោះ ខណៈអ្នកប្រើប្រាស់ធម្មតា ដែលមិនធ្លាប់ដឹងពីរឿងទាំងនេះ គួរតែយកទៅឲ្យអ្នកជំនាញជួសជុលទើបប្រសើរជាង។ ប៉ុន្តែអ្នកប្រើទូទៅនៅតែអាចទិញគ្រឿងពី Apple យកមកជួសជុលដោយខ្លួនឯងបានដដែល បើសិនជាចង់សាកល្បង។ Apple ប្រាប់ថា គេមានគម្រោងក្នុងការដាក់លក់ជាង 200 ប្រភេទនៃគ្រឿងផ្សេងៗ និងឧបករណ៍ជួសជុល ហើយក្រុមហ៊ុននេះក៏នឹងផ្តល់នូវសៀវភៅណែនាំ ពីរបៀបជួសជុលដូចគ្នា ដូច្នេះអតិថិជនរបស់គេ អាចមើលការណែនាំនោះសិនបាន មុនពេលសម្រេចចិត្តទិញគ្រឿងផ្សេងៗ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង