Google ទម្លាក់កំណែអាប់ដេតមួយឲ្យ Pixel 6 Series ដើម្បីទៅជួសជុលបញ្ហាស្កេនស្នាមម្រាមដៃ
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

បន្ទាប់ពី Google បានដាក់លក់ Pixel 6 Series ជាផ្លូវការមក យើងឃើញថា មានបញ្ហាសំខាន់ៗច្រើនគួរសមដែរ ដែលត្រូវបានអ្នកប្រើប្រាស់មួយចំនួនជួបប្រទះ ជាក់ស្ដែងក្នុងក៏រួមមានបញ្ហាស្កេនស្នាមម្រាមដៃដូចគ្នា។ ដោយសារតែមានអ្នកប្រើប្រាស់ច្រើន ជួបបញ្ហាទាំងនោះដូចគ្នា ហេតុនេះហើយបានជា Google សម្រេចទម្លាក់កំណែអាប់ដេតថ្មីមួយ ទៅកាន់ទូរសព្ទឆ្លាតកំពូលត្រកូល Pixel 6 Series របស់ខ្លួនស្ងាត់ៗ មិនមានអ្នកណាដឹងមុននោះទេ។

មិនខុសទេ Google កំពុងទម្លាក់កំណែអាប់ដេតថ្មីមួយទៅកាន់ Pixel 6 Series ប៉ុន្តែនៅក្នុងការអាប់ដេតនោះ ក្រុមហ៊ុននេះមិនបានបញ្ជាក់លម្អិតឡើយថា នឹងទៅជួសជុលលើបញ្ហាអ្វីខ្លះ។ យ៉ាងណាបើតាមការបង្ហាញចេញពីសំណាក់អ្នកប្រើប្រាស់មួយចំនួនធំ ដែលទទួលបានកំណែអាប់ដេតរួចរាល់ គេបញ្ជាក់ថា ការកែប្រែធំបំផុតដែលកត់សម្គាល់ឃើញនោះ គឺទៅលើមុខងារស្កេនស្នាមម្រាមដៃតែម្ដង ព្រោះបន្ទាប់ពីអាប់ដេតហើយ ល្បឿននៃការស្កេនឃើញថាលឿនជាងមុនច្រើន ហើយវាអាចស្កេនសម្គាល់ស្នាមម្រាមដៃបានត្រឹមត្រូវច្រើនជាងមុនដូចគ្នា។

បើទោះជាស្កេនលឿនជាងមុនមែន ប៉ុន្តែអ្នកប្រើប្រាស់ប្រាប់ថា ល្បឿននោះនៅតែមិនលឿនដល់ទូរសព្ទកំពូលដទៃទៀត ដែលប្រើប្រាស់បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃស្រដៀងគ្នានេះឡើយ ជាក់ស្ដែងដូចជា Galaxy S21 Ultra ជាដើម។

ទន្ទឹមគ្នានឹងការពង្រឹងបន្ថែមលើមុខងារស្កេនស្នាមម្រាមដៃ កំណែអាប់ដេតខាងលើក៏ជួយទៅលើបញ្ហាខ្លះទៀតដែរ ជាក់ស្ដែងអ្នកប្រើប្រាស់មួយចំនួនកត់សម្គាល់ឃើញថា UI ក្នុងកម្មវិធីកាមេរ៉ារបស់ Pixel 6 Series លើកនេះអាចបង្វិលផ្តេក ឬបញ្ឈរ បានទៅតាមទូរសព្ទទិសដៅដែរហើយ។ 

សូមបញ្ជាក់ថា Google កំពុងតែបន្តទម្លាក់កំណែអាប់ដេតខាងលើទៅកាន់អ្នកប្រើប្រាស់ Pixel 6 Series ដូច្នេះអ្នកអាចចូលទៅឆែកមើលបាននៅក្នុង Settings > System > Advanced > System Update តែបើមិនទាន់ឃើញទេ គឺមានតែរង់ចាំមើលបន្តទៀតប៉ុណ្ណោះ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង