នេះជាទូរសព្ទជប៉ុន ដែលមានទំហំអេក្រង់តូចត្រឹម 4.9 អ៊ីញ ប៉ុន្តែតម្លៃដល់ទៅជាង 900 ដុល្លារ
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ថ្មីៗនេះក្រុមហ៊ុនជប៉ុនមួយ បានប្រកាសចេញទូរសព្ទឆ្លាតម៉ូឌែលថ្មីមួយ ដែលត្រូវបានគេហៅថា Balmuda Phone ជាទូរសព្ទត្រូវបានគេធ្វើឡើងដោយផ្តោតសំខាន់ ទៅលើភាពស្និទ្ធិក្នុងដៃ និងទំហំខ្លួនតូច ដែលអាចឲ្យអ្នកប្រើចាប់កាន់បានងាយស្រួលក្នុងដៃម្ខាង។ សម្រាប់រូបរាងរបស់វា នៅខាងមុខយើងឃើញថា វាមានលក្ខណៈបែបសាមញ្ញ ដោយគែម Bezel ខាងលើ និងខាងក្រោម ធំជាងគែមខាងឆ្វេង និងខាងស្ដាំ។

នៅផ្នែកខាងក្រោយវិញ វាមានការឌីហ្សាញបែបកោង ដើម្បីឲ្យត្រូវគ្នាទៅនឹងការក្តោបកាន់របស់អ្នកប្រើប្រាស់។ ទំហំតួខ្លួនរបស់វាគឺ មានបណ្ដោយ 123mm ទទឹង 69mm និងមានកម្រាស់ 13.7mm បើវាស់នៅកន្លែងដែលកោងបំផុត។ ទម្ងន់របស់ Balmuda Phone គឺខ្ទង់ 138 ក្រាម ហើយវាបានបំពាក់មកជាមួយអេក្រង់ទំហំ 4.9 អ៊ីញ មានកម្រិតបង្ហាញ FHD+ និងមានកម្រិតសមាមាត្រអេក្រង់ 16:9។ នៅផ្នែកខាងមុខនេះដែរ យើងឃើញមានលេនទំលុះអេក្រង់មួយគ្រាប់នៅកៀនខាងស្ដាំ ដែលមានផ្ទុកកាមេរ៉ាទំហំ 8MP។ នៅផ្នែកខាងក្រោយ វាក៏មានកាមេរ៉ាតែមួយគ្រាប់ដែរ ដែលជាលេនគោលមានទំហំ 48MP ស្ថិតនៅជួរជាមួយគ្នានឹងសេនស័រស្កេនស្នាមម្រាមដៃ។ 

សម្រាប់កម្លាំងម៉ាស៊ីនវិញ វាមិនទាបប៉ុន្មាននោះទេ ជាក់ស្ដែងបានបំពាក់មកជាមួយឈីប Snapdragon 765 អមមកជាមួយរ៉េមទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យទំហំ 128GB។ ចំណែកឯថាមពលថ្មបើទោះជាមានទំហំតូចមែន ប៉ុន្តែគេអាចដាក់បញ្ចូលថ្មទំហំគួរសមមកឲ្យបាន ពោលគឺទំហំ 2,500mAh ជាមួយការសាកចូលវិញតាមរយៈរន្ធ USB-C ព្រមទាំងអាចគាំទ្រជាមួយមុខងារសាកថ្មឥតខ្សែបានផងដែរ។ ផ្នែក Software វាដំណើរការដោយ Android 11 និងមានផ្ទៃ UI ផ្សេងៗត្រូវបានឌីហ្សាញដោយ Balmuda ផ្ទាល់តែម្ដង។

ចុងក្រោយទៅមើលលើតម្លៃ គឺជាចំណុចមួយគួឲ្យចាប់អារម្មណ៍ជាងគេ ព្រោះថាជាមួយទំហំតូច និងលក្ខណៈសម្បត្តិលំដាប់បង្គួរបែបនេះ ក្រុមហ៊ុនខាងលើបានដាក់លក់វាដល់ទៅ 916 ដុល្លារឯណោះ ឃើញថាថ្លៃជាង iPhone 13 Mini ទៅទៀត។

ប្រភព ៖ 9To5 Google
អត្ថបទទាក់ទង