Google ត្រូវបានរាយការណ៍ថា រំសាយចោលគម្រោងផលិតទូរសព្ទអេក្រង់បត់វិញហើយ
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ស្របពេលដែលមានក្រុមហ៊ុនមួយចំនួន បានបញ្ចេញទូរសព្ទអេក្រង់បត់របស់ខ្លួនជាផ្លូវការរួចរាល់ហើយនោះ Google ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលមានគម្រោងក្នុងការផលិតទូរសព្ទឆ្លាតប្រភេទនេះដូចគ្នាដែរ។ ផ្ទុយទៅវិញពេលនេះ Google ត្រូវបានគេរាយការណ៍មកថា សម្រេចរំសាយចោលគម្រោងផលិតទូរសព្ទឆ្លាតអេក្រង់បត់របស់ខ្លួនវិញ ហើយមូលហេតុនោះ គឺបណ្ដាលមកពីកត្ដាសំខាន់ៗចំនួនពីរ។

យោងតាមការបង្ហាញចេញពីសំណាក់លោក Ross Young ដែលជាអ្នកដឹកនាំស្ថាប័នស្រាវជ្រាវពីផ្នែកអេក្រង់ DSCC នោះ បានឲ្យដឹងថា នៅក្នុងពេលនេះ Google បានរំសាយចោលគម្រោងក្នុងការផលិតទូរសព្ទឆ្លាតអេក្រង់បត់របស់គេវិញហើយ។ បុគ្គលខាងលើបានបន្ថែមទៀតថា គាត់ទទួលបានដំណឹងពីប្រភពជាច្រើនថា Google លែងមានគម្រោងក្នុងការនាំយក Pixel Fold ចូលទៅក្នុងទីផ្សារនៅចុងឆ្នាំនេះ ឬអំឡុងឆមាសទី 1 ឆ្នាំ 2022 ទៀតហើយ ដោយគេបានរំសាយរាល់ការកុម្ម៉ង់គ្រឿងបង្គុំពីក្រុមហ៊ុនផ្សេងៗ សម្រាប់ផលិតទូរសព្ទអេក្រង់បត់នោះ ទាំងអស់វិញតែម្ដង។

មិនត្រឹមតែប៉ុណ្ណោះទេ គេបន្ថែមទៀតថា ការរំសាយចោលលើកនេះ គឺដោយសារតែ Google ជឿថា ទូរសព្ទឆ្លាតដែលគេគ្រោងនឹងផលិតចេញមកនោះ គឺមិនទាន់ដល់កម្រិតដែលគេចង់បាននៅឡើយទេ ហើយក៏មិនទាន់ដល់កម្រិត ដែលអាចប្រជែងគ្នាលើទីផ្សារជាមួយ Samsung បាននោះដែរ។

ចំណុចមួយទៀតនោះ គឺដោយសារតែសរុបជារួមទៅ ទូរសព្ទឆ្លាតអេក្រង់បត់ស្ថិតក្នុងគម្រោងរបស់ Google អាចនឹងត្រូវចេញលក់ក្នុងតម្លៃខ្ពស់ជាងអ្វីដែល Samsung ធ្វើបានក្នុងពេលបច្ចុប្បន្ននេះទៅទៀត ហេតុនេះបើទោះជា Google ផលិតវាចេញមកបានមែននោះ ក៏មិនប្រាកដថាជោគជ័យ និងអាចប្រកួតប្រជែងជាមួយ Galaxy Z Series បានដែរ។ 

កន្លងទៅនេះ ធ្លាប់មានដំណឹងថា Pixel Fold អាចនឹងមានទម្រង់បត់អេក្រង់ដូច Galaxy Z Fold អញ្ចឹងដែរ ហើយក៏អាចមានកម្រិត Refresh Rate ដល់ 120Hz ដូចគ្នា។ យ៉ាងណាក៏ដោយ បើទោះជាក្នុងពេលនេះ Google រំសាយគម្រោងទូរសព្ទអេក្រង់បត់របស់គេមែននោះ តែមិនប្រាកដថា គេបញ្ឈប់ការគិតលើទូរសព្ទប្រភេទនេះឡើយ ជាក់ស្ដែងគេគ្រាន់តែអាចត្រូវការពេលវេលាបន្ថែម ដើម្បីអភិវឌ្ឍវាឲ្យទទួលបានគុណភាពខ្ពស់ និងមានតម្លៃអាចប្រកួតប្រជែង ជាមួយគូរប្រជែងរបស់ខ្លួនក៏ថាបាន។

ប្រភព ៖ Gizmodo
អត្ថបទទាក់ទង