Tesla ដាក់លក់រថយន្តមួយចំនួន ដោយមិនមានដាក់ផត USB ឲ្យទេ ដោយសារតែខ្វះឈីប
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

ក្រុមអ្នកស្រាវជ្រាវជាច្រើនសុទ្ធតែធ្លាប់បានព្យាករណ៍ទុកថា បញ្ហាខ្វះឈីបប្រើប្រាស់ នឹងមិនមែនបាត់ទៅវិញងាយៗនោះទេ ពោលគឺវានឹងបន្តជះឥទ្ធិពលលើវិស័យបច្ចេកវិទ្យាបន្ថែមទៀត បើទោះជាទៅដល់ឆ្នាំក្រោយហើយក៏ដោយ។ ជាក់ស្ដែងដូចក្នុងពេលសព្វថ្ងៃនេះអញ្ចឹង ដោយសារតែបញ្ហានេះហើយ ធ្វើឲ្យក្រុមហ៊ុនផ្សេងៗ ផលិតគ្រឿងអេឡិចត្រូនិចបានតិចជាមុន ហើយវាក៏ប៉ះពាល់ដល់សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនរថយន្តនានាដែរ។

ប្រាកដណាស់ Tesla ក៏ទំនងជាក្រុមហ៊ុនមួយ ដែលរងផលប៉ះពាល់ដោយសារបញ្ហាខាងលើដូចគ្នា ដូច្នេះហើយបានជាថ្មីៗនេះ អ្នកទិញរថយន្ត Tesla Model 3 និង Model Y មួយចំនួនបានរកឃើញថា រថយន្តរបស់ពួកគេមិនមានភ្ជាប់មកជាមួយរន្ធ USB-C នៅកន្លែង Console ចំណុចកណ្ដាលរវាងអ្នកបើកបរ និងអ្នកដំណើរខាងមុខ ហើយនៅផ្នែកកៅអីខាងក្រោយ ក៏មិនមានដូចគ្នាដែរ។ 

ក្នុងករណីនេះដែរ អ្នកប្រើប្រាស់មួយចំនួនត្រូវបានអ្នកដឹកជញ្ជូន ដែលជាបុគ្គលិករបស់ Tesla ផ្ទាល់ បញ្ជាក់ប្រាប់ជាមុនទាក់ទងនឹងការខ្វះខាតខាងលើ ប៉ុន្តែមួយចំនួនផ្សេងទៀផត គឺមិនមានអ្នកណាប្រាប់មុនទេ គេបានរកឃើញការបាត់រន្ធ USB-C នោះ ដោយខ្លួនឯងតែម្ដង។

អ្នកដឹកជញ្ជូន ក៏ដូចជាបុគ្គលិក Tesla មួយចំនួនទៀត បានបញ្ជាក់ប្រាប់ទៅកាន់អតិថិជនរបស់គេថា ការមិនមានភ្ជាប់មកជាមួយរន្ធ USB-C នៅលើរថយន្តមួយចំនួននោះ គឺដោយសារតែបញ្ហាខ្វះខាតឈីបប្រើប្រាស់ហ្នឹងឯង។ យ៉ាងណាក៏ដោយ អតិថិជនមួយចំនួនទទួលបានដំណឹងថា Tesla នឹងតម្លើងផត USB ដែលមិនមានភ្ជាប់មកនោះឲ្យវិញ នៅក្នុងអំឡុងខែធ្នូខាងមុខនេះ ប៉ុន្តែមិនប្រាកដថា អតិថិជនទាំងអស់នឹងទទួលបានពេលនោះដូចគ្នាទេ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង