Toyota បញ្ចេញរថយន្ត RAV4 SE Hybrid 2022 ថ្មី ចាប់ផ្តើមចេញលក់ពាក់កណ្ដាលខែធ្នូខាងមុខ
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

នៅលើទីផ្សាររថយន្តទូទាំងពិភពលោកសព្វថ្ងៃនេះ បើនិយាយទាក់ទងនឹងផ្នែករថយន្ត Crossovers ខ្នាតតូចនោះ គឺត្រកូល Toyota RAV4 អាចនឹងជាក្លាយជាត្រកូលមួយ ដែលឈរនៅលើកំពូលតារាងហើយ ព្រោះថាវាទទួលបានការគាំទ្រច្រើន ពីសំណាក់អ្នកប្រើប្រាស់ជុំវិញសកលលោក។ ហេតុនេះហើយ បានជា Toyota ព្យាយាមពង្រីករថយន្តត្រកូលមួយនេះ ឲ្យកាន់តែធំ តាមរយៈការបញ្ចេញម៉ូឌែលថ្មីគេហៅថា RAV4 SE Hybrid 2022 មកមួយទៀត។

នៅលើម៉ូឌែល RAV4 SE Hybrid ថ្មីនេះ វាត្រូវបាន Toyota បំពាក់មកនូវសមត្ថភាព និងស្ទីលម៉ូតស្ទើរតែដូចគ្នាទាំងស្រុង ទៅនឹងម៉ូឌែល RAV4 XSE កន្លងទៅដែរ គ្រាន់តែលើកនេះគេប្រាប់ថា នឹងដាក់លក់ក្នុងតម្លៃកាន់តែទាបជាងមុនទៀត។ មិនខុសទេ រូបរាងរបស់វាមិនខុសពីម៉ូឌែល RAV4 ផ្សេងៗទៀតទេ ប៉ុន្តែត្រូវបានគេចាក់ពណ៌ជាលក្ខណៈ Mono-Tone, មានកៅអីខាងក្នុងធ្វើឡើងពីសាច់ក្រណាត់ ក៏ដូចជាមានបំពាក់អេក្រង់ Touchscreen ទំហំ 7 អ៊ីញ ជាមួយ Speaker សរុបទាំងអស់ 6 គ្រាប់។

បន្ថែមពីនេះ Toyota ក៏បានផ្តល់ជម្រើសជា Packages ច្រើនរបៀបទៀតដែរ ជាក់ស្ដែងដូចជា ជម្រើសដៃចង្កូតស្បែកជាមួយមុខងារកម្តៅ, ជម្រើសកៅអីខាងមុខជាមួយមុខងារកម្តៅ រួមទាំងជម្រើសបំពាក់សេនស័រតាមដានភ្លៀង ឬព្រិល លើផ្លិតទឹកខាងមុខ ជាមួយមុខងារការពារការជាប់គាំងពេលត្រជាក់ខ្លាំង ដែលគេហៅថា De-icer ផងដែរ។

មិនទាន់អស់ទេ Toyota នៅផ្តល់ជម្រើសជាច្រើនផ្សេងៗទៀតដូចជា ការតម្លើងទៅកាន់អេក្រង់ 9 អ៊ីញ ក៏ដូចជាតម្លើងទៅបំពាក់ទ្វារក្រោយ ដែលអាចកែតម្រូវកម្ពស់បានជាដើម។ យ៉ាងណាក៏ដោយ លក្ខណៈសំខាន់ៗផ្សេងទៀតដូចជាកម្លាំងម៉ាស៊ីន និងចម្ងាយដែលម៉ូទ័រអគ្គិសនីរបស់វា អាចរត់បានទម្រាំអស់ថ្មជាដើមនោះ Toyota មិនទាន់បញ្ជាក់ប្រាប់ច្បាស់ទេ ដោយគេប្រាប់ថានឹងបង្ហាញនៅពេលចេញលក់ អំឡុងពាក់កណ្ដាលខែធ្នូខាងមុខនេះតែម្ដង។ សម្រាប់តម្លៃក៏ដូចគ្នាដែរ អ្វីដែលក្រុមហ៊ុនជប៉ុនខាងលើបានបង្ហាញ គឺថាគេនឹងដាក់លក់ទាបជាងម៉ូឌែល XSE កន្លងទៅទៀត ដែលម៉ូឌែលឆ្នាំ 2021 សព្វថ្ងៃគេបានដាក់លក់ខ្ទង់ 34,850 ដុល្លារ សម្រាប់ទីផ្សារស្រុកគេ។ 

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង