មានដំណឹងថា AirPods Pro ជំនាន់ទី 2 នឹងបង្ហាញខ្លួននៅត្រីមាសទី 3 ឆ្នាំក្រោយ
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

AirPods ជំនាន់ទី 3 កំពុងតែត្រូវបាន Apple ដាក់លក់ជាផ្លូវការមួយរយៈមកហើយ បន្ទាប់ពីបានប្រកាសចេញជាមួយគ្នានឹងវត្តមាន MacBook Pro ជំនាន់ថ្មីរួចមក។ ដោយឡែក នៅក្នុងពេលនេះយើងមកមើលព័ត៌មានទាក់ទងនឹង AirPods Pro ជំនាន់ថ្មីវិញម្ដង ដែលកន្លងទៅ ក៏ធ្លាប់មានដំណឹងថា Apple កំពុងតែធ្វើការទៅលើកាសឥតខ្សែជំនាន់ថ្មីនៃម៉ូឌែល Pro នេះដូចគ្នា។

មិនខុសទេ បើយោងតាមដំណឹងលេចធ្លាយ មានប្រភពមកពីក្រុមហ៊ុនផ្គង់ផ្គង់របស់ Apple និងត្រូវបានរាយការណ៍ដោយម្ចាស់គណនី Twitter ឈ្មោះ FronTron នោះ បានឲ្យដឹងថា ក្រុមហ៊ុនអាមេរិក ទំនងជាមានគម្រោងក្នុងការប្រកាសចេញ AirPods Pro ជំនាន់ទី 2 នៅក្នុងអំឡុងត្រីមាសទី 3 ឆ្នាំ 2022 ខាងមុខ។ ពិតណាស់រួមបញ្ចូលដំណឹងលើកនេះ ជាមួយការបង្ហាញមុនៗ គឺអាចបញ្ជាក់ប្រាប់ដល់យើងកាន់តែច្បាស់ ទាក់ទងនឹងផែនការរបស់ Apple សម្រាប់ AirPods Pro ព្រោះកន្លងមកនេះ ប្រភពចែករំលែកដំណឹងលេចធ្លាយល្បីៗដូចជា Ming-Chi Kuo ព្រមទាំង Bloomberg ជាដើមនោះ សុទ្ធតែប្រាប់ថា Apple មានគម្រោងប្រកាសចេញ AirPods Pro ជំនាន់ទី 2 ក្នុងឆ្នាំក្រោយដូចគ្នា តែមិនបានបញ្ជាក់ពេលវេលាច្បាស់លាល់ទេ។ 

ចំពោះលក្ខណៈសម្បត្តិផ្សេងៗ ទាក់ទងនឹងកាសឥតខ្សែខាងលើ មិនទាន់មានអ្នកណាដឹងច្បាស់នោះទេ ប៉ុន្តែយោងតាមការបង្ហាញចេញពីសំណាក់ Mark Gurman មកពី Bloomberg នោះ គឺ AirPods Pro ជំនាន់ថ្មី អាចនឹងទទួលបានរូបរាងកាន់តែ Compact ហើយថែមទាំងអាចមានលក្ខណៈបែបមូលជាងមុន ដែលអាចតម្រូវតាមត្រចៀកអ្នកប្រើប្រាស់ កាន់តែច្រើនប្រភេទថែមទៀត។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង