Sony ត្រូវគេរាយការណ៍ថា បានកាត់បន្ថយចំនួនផលិត PS5 វិញ ដោយសារឈីបមិនគ្រប់គ្រាន់
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

ចាប់តាំងពីពេលដែល Sony បានប្រកាសចេញ PlayStation 5 មក ចំនួនលក់របស់ម៉ាស៊ីនហ្គេមជំនាន់ថ្មី ហាក់ដូចជាមិនដែលស្ថិតក្នុងដំណាក់កាលស្ថេរភាពនោះទេ ដោយសារតែលទ្ធភាពដែល Sony អាចផលិតបានគឺទាប ព្រោះត្រូវប្រឈមមុខជាមួយបញ្ហាមួយចំនួន ខណៈពេលតម្រូវការពីអ្នកទិញវិញ គឺខ្ពស់មែនទែន។ ដូច្នេះហើយបានជាធ្វើឲ្យ Sony ពន្យាពេល ក៏ដូចជាផ្អាកការដាក់លក់វិញជាច្រើនលើកច្រើនសារ។

ដោយឡែក នៅក្នុងពេលនេះ មានរបាយការណ៍ថ្មីចេញពី Bloomberg មកទៀតហើយថា Sony បានសម្រេចកាត់បន្ថយចំនួនផលិតរបស់ PS5 វិញ ដោយសារតែជួបប្រទះបញ្ហាសំខាន់ៗមួយ ដែលរាំងស្ទះដល់ការផលិតរបស់គេ។ មិនខុសទេ កន្លងទៅ Sony បានព្យាករណ៍ទុកមុនថា ពួកគេនឹងផលិត PS5 ឲ្យបានខ្ទង់ 16 លានគ្រឿង ប៉ុន្តែពេលនេះគេកាត់បន្ថយការព្យាករណ៍វិញមកនៅត្រឹម 15 លានគ្រឿង និងបានកំណត់គោលដៅក្នុងការលក់ចេញឲ្យបាន 14.8 លានគ្រឿង គិតត្រឹមខែមីនាឆ្នាំក្រោយនេះ។

បញ្ហាសំខាន់ដែលជំរុញឲ្យ Sony ជួបផលលំបាកនោះគឺ ទីមួយដោយសារតែការខ្វះខាតឈីបប្រើប្រាស់ និងគ្រឿងបង្គុំសំខាន់ៗហ្នឹងតែម្ដង ប៉ុន្តែមិនមែនមានតែចំណុចនេះទេ បញ្ហានៃការដឹកជញ្ជូនក៏ជារឿងធំមួយ ធ្វើឲ្យគម្រោងរបស់ Sony ត្រូវបានខកខានដែរ។

មូលហេតុបញ្ហានៃការដឹកជញ្ជូននោះ គឺបណ្ដាលមកពីកត្តាមិនទាន់ទទួលបានការចាក់វ៉ាក់សាំងភាគច្រើន នៅក្នុងប្រទេសដែល Sony បានផលិតឈីបរបស់គេនោះឯង។ យ៉ាងណាក៏ដោយ បញ្ហាខាងលើមិនមែនកើតឡើងតែចំពោះ Sony នោះទេ ជាក់ស្ដែងសម្រាប់វិស័យម៉ាស៊ីនហ្គេម ក្រុមហ៊ុនផលិតផ្សេងៗទៀតដូចជា Nintendo ជាដើមនោះ សុទ្ធសឹងតែជួបប្រទះបញ្ហាស្រដៀងគ្នានោះដែរ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង