SpaceX និង NASA ជោគជ័យក្នុងការនាំយកអវកាសយានិក 4 រូបទៀតទៅកាន់ស្ថានីយអវកាសអន្តរជាតិ
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

ថ្មីៗនេះ NASA និង SpaceX ទើបទទួលបានជោគជ័យទៅលើបេសកកម្ម Crew-3 របស់គេ ដែលជាបេសកម្មមួយ ធ្វើឡើងដើម្បីនាំយកអវកាសយានិកចំនួន 4 រូប ឡើងទៅកាន់ស្ថាននីយអវកាសអន្តរជាតិ តាមរយៈយានអវកាសរបស់ SpaceX។ បេសកកម្ម Crew-3 នេះ ត្រូវបានធ្វើឡើងនៅ NASA Kennedy Space Center ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិកហ្នឹងឯង។

យានអវកាសត្រូវបានគេប្រើប្រាស់ សម្រាប់ផ្ទុកអវកាសយានិកទាំង 4 នោះ គឺជា Crew Dragon Endurance របស់ SpaceX ដែលត្រូវបានភ្ជាប់គ្នាជាមួយរ៉ុកកែត SpaceX Falcon 9 ដើម្បីនាំយកយានមានផ្ទុកអវកាសយានិកនេះ ទៅដល់កន្លងផែនដីក្នុងលំហ។ បន្ទាប់ពីទៅដល់ហើយ ពួកទាំងពីរផ្តាច់ខ្លួនចេញពីគ្នា ដោយ Falcon 9 ត្រូវត្រលប់មកកាន់ផែនដីវិញ សម្រាប់ទុកឲ្យ SpaceX ប្រើប្រាស់ពេលក្រោយទៀត ខណៈពេលដែលយាន Crew Dragon Endurance ត្រូវដំណើរការខ្លួនឯង ដើម្បីទៅភ្ជាប់គ្នា ជាមួយស្ថាននីយអវកាសអន្តរជាតិ ដែលជាគោលដៅសម្រាប់អវកាសយានិកទាំង 4 រូប។

គួរបញ្ជាក់ថា អវកាសយានិកទាំង 4 មានឈ្មោះដូចជា Raja Chari, Tom Marshburn និង Kayla Barron ដែលបេសកកម្មនេះ ជាលើកទីមួយរបស់ពួកគាត់ទាំង 3 ក្នុងការធ្វើដំណើរទៅកាន់ស្ថាននីយអវកាសអន្តរជាតិ ខណៈពេលអវកាសយានិកទី 4 មានឈ្មោះថា Matthias Maurer ហើយនេះគឺជាការហោះហើរទៅកាន់លំហលើកទី 3 សម្រាប់គាត់។

អវកាសយានិកដែលធ្វើដំណើរតាម Crew-3 ទាំងបួនរូបនោះ បេសកកម្មបន្ទាប់របស់ពួកគេ គឺនៅធ្វើការសិក្សាស្រាវជ្រាវផ្សេងៗ នៅលើស្ថាននីយអវកាសអន្តរជាតិ រយៈពេល 6 ខែជាមុនសិន មុននឹងត្រលប់មកកាន់ផែនដីយើងវិញ។ 

និយាយរួមមក ចូលរួមអបអរសាទរទៅដល់ NASA និង SpaceX ដែលបេសកកម្ម Crew-3 ថ្មីរបស់ពួកគេនេះ ប្រព្រឹត្តិទៅបានដោយជោគជ័យ និងសុវត្ថិភាពដល់អវកាសយានិកទាំង 4 រូប បន្ទាប់ពីបានពន្យាពេលជាង 10 ថ្ងៃ បើធៀបនឹងគម្រោងចាស់ ដែលគេគ្រោងនឹងបើកដំណើរការបេសកកម្ម Crew-3 នេះ តាំងពីក្នុងថ្ងៃទី 31 ខែតុលាកន្លងទៅ។

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង