NASA ពន្យាពេលគម្រោងឡើងជាន់លើភពព្រះចន្ទជាថ្មី ទៅក្នុងអំឡុងឆ្នាំ 2025 វិញ
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

ថ្មីៗនេះ NASA បានប្រកាសជាផ្លូវការថា ពួកគេនឹងពន្យាពេលគម្រោង ក្នុងការឡើងទៅជាន់លើភពព្រះចន្ទជាថ្មីម្ដងទៀត ទៅក្នុងអំឡុងឆ្នាំ 2025 វិញ បន្ទាប់ពីគម្រោងចាស់ ដែលត្រូវបានគេប្រកាសកន្លងទៅ ថានឹងធ្វើឡើងក្នុងឆ្នាំ 2024។

មិនខុសទេ បច្ចុប្បន្ននេះ NASA បានប្រកាសថា គម្រោងក្នុងការនាំយកអ្នកវិទ្យាសាស្រ្ត ទៅជាន់នៅលើភពព្រះចន្ទជាលើកទី 2 នឹងធ្វើឡើងអំឡុងឆ្នាំ 2025 ខាងមុខវិញ បន្ទាប់ពីជួបឧបសគ្គមួយចំនួន ធ្វើឲ្យគម្រោងរបស់គេត្រូវបានពន្យាពេលបន្តិចវិញ។ នៅក្នុងចំណោមកត្តាសំខាន់ៗ ដែលបណ្ដាលឲ្យមានការពន្យាពេលចុះឡើងនេះដែរ NASA បានបន្ទោសទៅលើការប្តឹងរបស់ Blue Origin កន្លងទៅ ដែលជាមូលហេតុមួយ ធ្វើឲ្យការសិក្សារក្នុងការបង្កើតប្រព័ន្ធចុះចតលើភពព្រះចន្ទជាមួយក្រុមហ៊ុនអាវកាស SpaceX នោះ ត្រូវបានផ្អាកសិន ដើម្បីចូលខ្លួនមកដោះស្រាយជាមួយក្រុមហ៊ុនអាវកាសរបស់លោក Jeff Bezos នៅក្នុងតុលាការវិញ។

ដំបូងឡើយ NASA មានគម្រោងសហការក្នុងការបង្កើតប្រព័ន្ធចុះចតនោះ ជាមួយក្រុមហ៊ុនអាវកាសជាច្រើន ដែលរួមមានទាំងជាមួយ Blue Origin និង SpaceX ផងដែរ ប៉ុន្តែដោយសារបញ្ហាតម្លៃដែល Blue Origin កំណត់ថ្លៃខ្ពស់ពេក ធ្វើឲ្យ NASA សម្រេចសហការតែជាមួយ SpaceX មួយប៉ុណ្ណោះ។ ហេតុផលនេះហើយ ជំរុញឲ្យ Blue Origin ដាក់ពាក្យបណ្ដឹងប្ដឹង NASA ប៉ុន្តែថ្មីៗនេះ ការប្ដឹងពីសំណាក់ Blue Origin នោះ ត្រូវបានបញ្ចប់រួចរាល់ហើយ ដោយចៅក្រមកាត់ក្តីឲ្យ Blue Origin ជាអ្នកចាញ់ ដូច្នេះហើយ NASA នៅតែអាចបន្តការសហការជាមួយ SpaceX បានវិញដដែល។

ប្រភព ៖ Engadget
អត្ថបទទាក់ទង