YouTube នឹងលាក់ចំនួនចុច Dislike មិនឲ្យមើលឃើញ នៅគ្រប់វីដេអូទាំងអស់
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

បន្ទាប់ពី Creator ក៏ដូចជាអ្នកប្រើប្រាស់ YouTube ជាច្រើន ជួបប្រទះនឹងការប៉ះពាល់ដល់ទឹកចិត្តពួកគេ ដោយសារតែចំនួននៃការចុច Dislike ក្នុងវីដេអូនោះ YouTube បានធ្វើតេស្តដើម្បីលាក់ចំនួននោះ មិនឲ្យអ្នកចូលមើលឃើញនោះទេ ហើយមកទល់ពេលនេះ ការតេស្តរបស់គេបានបញ្ចប់ដោយជោគជ័យ ថែមទាំងកំពុងចាប់ផ្តើមទម្លាក់មុខងារថ្មីនេះ ទៅកាន់អ្នកប្រើប្រាស់ទូទាំងសកលលោកហើយ។ 

មិនខុសទេ ពេលនេះ YouTube ចាប់ផ្តើមទម្លាក់មុខងារលាក់ចំនួននៃអ្នកចុច Dislike នៅគ្រប់វីដេអូទាំងអស់ជាបណ្ដើរៗហើយ។ បន្ទាប់ពីអ្នកទទួលបានមុខងារខាងលើ មានន័យថា ចាប់ពីពេលនេះទៅ អ្នកមិនអាចដឹងថា តើវីដេអូណាមួយមានចំនួនអ្នកចុច Dislike ប៉ុន្មាននាក់ទៀតនោះទេ។ យ៉ាងណាក៏ដោយ ប៊ូតុង Dislike នៅតែមានឲ្យចុចដដែល គ្រាន់តែអ្នកចូលមើលធម្មតា នឹងមិនអាចដឹងពីចំនួនអ្នកចុចឡើយ ដោយមានតែអ្នកបង្ហោះវីដេអូនោះប៉ុណ្ណោះ ទើបអាចមើលដឹងថា មានមនុស្សចុចមិនចូលចិត្តវីដេអូលើរបស់ខ្លួនប៉ុន្មាននាក់។

YouTube រំពឹងថា ការលាក់ចំនួន Dislike នេះ នឹងជួយមួយផ្នែកធំទៅដល់អ្នកប្រើប្រាស់ Platform របស់ខ្លួនជាច្រើន ព្រោះថាកន្លងទៅអ្នកប្រើប្រាស់មួយចំនួន បានយកចំនួននៃអ្នកចុច Dislike ទៅសម្រេចចិត្ត ឬកាត់ក្តីលើវីដេអូរបស់នរណាម្នាក់ ទាំងដែលខ្លួនមិនទាន់បានមើលចប់នៅឡើយ។

ការប៉ះពាល់ច្រើនបណ្ដាលមកពីចំនួន Dislike នោះ គឺភាគច្រើននៅលើ Creator ថ្មីៗតែម្ដង ដោយធ្វើឲ្យមនុស្សជាច្រើនចាកចេញពីវីដេអូរបស់ពួកគេវិញ បន្ទាប់ពីឃើញចំនួនអ្នកចុចមិនចូលចិត្តច្រើន ដែលអាចនឹងជះឥទ្ធិពលមិនល្អដល់ទឹកចិត្តពួកគេ។ ដូច្នេះការលាក់ចំនួនអ្នកចុច Dislike មិនឲ្យអ្នកមើលទូទៅឃើញ គឺជាការគោរពទៅដល់អ្នកបង្កើតវីដេអូថ្មីៗ និងផ្តល់ឱកាសដល់ពួកគេ ក្នុងការជោគជ័យជាមួយវិស័យ YouTube។

YouTube ផ្ទាល់ ប្រាកដជាធ្លាប់យល់ពីអារម្មណ៍នៃការឃើញចំនួន Dislike នេះជាមិនខាន ព្រោះកន្លងទៅ វីដេអូ YouTube Rewind 2018 គឺជាវីដេអូមួយ ដែលមានចំនួនអ្នកចុច Dislike ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ YouTube។

ប្រភព ៖ Engadget
អត្ថបទទាក់ទង