Tim Cook ប្រាប់ថា អ្នកចង់ដំឡើងកម្មវិធីពីខាងក្រៅ អាចទិញ Android ប្រើបាន
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

អ្នកប្រើប្រាស់ iPhone ប្រាកដជាដឹងហើយថា បើពួកគេចង់ទាញយក និងតម្លើងកម្មវិធីណាមួយនោះ គឺមានតែចូលទៅរកក្នុង App Store ប៉ុណ្ណោះ ព្រោះមានតែវិធីមួយនេះទេ ដែលគេអាចដំឡើងកម្មវិធី និងប្រើប្រាស់ពេញលេញបាន ដូច្នេះហើយបានជាធ្លាប់មានអ្នកប្រើប្រាស់ជាច្រើន សំណូមពរឲ្យ Apple បើកឲ្យគេតម្លើងកម្មវិធីពីខាងក្រៅបានពេញលេញដូច Android ដែរ។

ដោយឡែក នៅក្នុងពេលថ្មីៗនេះ Apple បានឆ្លើយតបនឹងការសំណូមពរអ្នកប្រើប្រាស់វិញហើយ ពោលគឺលោក Tim Cook បានប្រាប់ថា បើអ្នកប្រើប្រាស់ទាំងឡាញណា ត្រូវការទាញយក និងតម្លើងកម្មវិធីពីខាងក្រៅនោះ គឺពួកគេអាចទិញទូរសព្ទឆ្លាត Android ប្រើបាន។ គាត់បានបន្ថែមទៀតថា សម្រាប់ iPhone គោលការណ៍របស់គេ គឺធ្វើយ៉ាងណាឲ្យផ្នែកសុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់ ស្ថិតនៅកម្រិតខ្ពស់បំផុត។ 

មិនត្រឹមតែប៉ុណ្ណោះទេ CEO របស់ Apple ក៏បានលើកឧទាហរណ៍បញ្ជាក់ច្បាស់ៗដែរថា “បើសិនពួកគេជាក្រុមហ៊ុនផលិតរថយន្តនោះ ការដែលបើកឲ្យអ្នកប្រើប្រាស់ ដំឡើងកម្មវិធីពីខាងក្រៅស្រេចតែចិត្តបែបនេះ គឺហាក់ដូចជា ការមិនបំពាក់ពោងសុវត្ថិភាព និងប្រាប់ឲ្យអតិថិជនរបស់ខ្លួន បើកបរដោយមិនដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពអញ្ចឹង ដោយវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់”។

គាត់បន្ថែមទៀតថា “សព្វថ្ងៃនេះ Apple មិនដែលមានគំនិតធ្វើបែបនោះឡើយ ហើយមួយវិញទៀត បើសិនជាផ្នែកសុវត្ថិភាព និងឯកជនភាព មិនស្ថិតក្នុងកម្រិតខ្ពស់ទេ វាមិនមែនជា iPhone ឡើយ”។

សូមរំឮកដែរថា កន្លងទៅនេះ លោក Craig Federighi ដែលជាអនុប្រធានផ្នែក Software Engineering នៅ Apple ក៏ធ្លាប់បានឆ្លើយតប ទៅនឹងការបើកឲ្យដំឡើងកម្មវិធីពីខាងក្រៅ ឬគេហៅថា Sideloading លើ iPhone នេះដែរ ដោយពេលនោះគាត់បានប្រាប់ថា Sideloading គឺជា “Cybercriminal's Best Friend” ដែលមានន័យថា ការបើកឲ្យដំឡើងកម្មវិធីពីខាងក្រៅ ជាមិត្តភិក្តជិតស្និទ្ធិបំផុត របស់ក្រុមឧក្រិដ្ឋជនតាមបណ្ដាញអ៊ីនធើណេត។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង