Apple យកបានអតីតអ្នកដឹកនាំផ្នែក Autopilot របស់ Tesla មួយរូបទៀត ឲ្យចូលរួមគម្រោងរថយន្តរបស់ខ្លួន
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

Apple កំពុងតែធ្វើការទៅលើគម្រោងបង្កើតរថយន្តច្រើនឆ្នាំមកហើយ ដែលនេះជាគម្រោងសម្រាប់ថ្ងៃអនាគតរបស់ក្រុមហ៊ុនគេ ហើយទន្ទឹមគ្នានោះ ធ្លាប់មានដំណឹងជាច្រើន បង្ហាញពីចំណុចសំខាន់ៗមួយចំនួន ទាក់ទងនឹងគម្រោងរបស់ Apple នេះ។ ដោយឡែក មានដំណឹងថ្មីមួយទៀត និយាយពីគម្រោងរថយន្តរបស់ក្រុមហ៊ុនខាងលើដូចគ្នា ពោលគឺថ្មីៗនេះ Apple ទើបយកបានអតីតបុគ្គលិក Tesla មួយរូប ឲ្យមកចូលរួមជាមួយគម្រោងរបស់ខ្លួន។

យោងតាមការរាយការណ៍ចេញពី Bloomberg បានឲ្យដឹងថា Apple បានតែងតាំងអតីតបុគ្គលិកជាន់ខ្ពស់មួយរូបទៀតរបស់ Tesla ឲ្យមកចូលរួមជាមួយគម្រោងរថយន្តរបស់គេ ដោយបុគ្គលម្នាក់នោះមានឈ្មោះថា Christopher Moore ត្រូវចូលមកកាន់ដំណែង នៅក្នុងផ្នែកអភិវឌ្ឍ Software សម្រាប់មុខងារបើកបរដោយស្វ័យប្រវត្តិហ្នឹងឯង ព្រោះកន្លងទៅ គាត់ធ្លាប់ជាអ្នកដឹកនាំមួយរូបនៅឯ Tesla ទាក់ទងនឹងការអភិវឌ្ឍន៍មុខងារ Autopilot ។ 

សូមបញ្ជាក់ថា គម្រោងក្នុងការបង្កើតរថយន្តរបស់ Apple នោះ ត្រូវបានគេហៅថា Project Titan ប៉ុន្តែមកទល់ពេលបច្ចុប្បន្ន នៅមិនទាន់មានដំណឹងណាបញ្ជាក់ច្បាស់នៅឡើយទេថា Apple បានអភិវឌ្ឍគម្រោងនេះ មកដល់ចំណុចណាហើយ។ 

យ៉ាងណាក៏ដោយ បើផ្អែកលើដំណឹងកន្លងមក រថយន្តរបស់ Apple មិនត្រូវបានរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនោះទេ ជាក់ស្ដែងអាចនឹងរយៈពេលខ្ទង់ 5 ឆ្នាំទៀតឯណោះ ទើបទំនងជាដល់ដំណាក់កាល ដែលក្រុមហ៊ុនអាមេរិកនេះ នាំយករថយន្តរបស់ខ្លួនចូលទៅកាន់ទីផ្សារ។

ប្រភព ៖ 9To5 Mac
អត្ថបទទាក់ទង