Apple គ្រោងនឹងប្រើប្រាស់ឈីប 3nm មាន CPU ដល់ទៅ 40 Cores លើកុំព្យូទ័រ Mac ឆ្នាំ 2023
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

ឈីបថ្មីៗ M1 Pro និង M1 Max ដែលត្រូវបាន Apple បំពាក់នៅលើ MacBook Pro ជំនាន់ថ្មី បានទាក់ទាញចំណាប់អារម្មណ៍ច្រើនមែនទែន ពីសំណាក់មនុស្សជាច្រើន ដោយសារតែវាមានសមត្ថភាពកាន់តែខ្ពស់ និងប្រើប្រាស់ថាមពលថ្មកាន់តែតិចទៅទៀត។ ដោយឡែក នៅក្នុងពេលនេះយើងទទួលបានដំណឹងថ្មី និយាយទាក់ទងនឹងឈីបអនាគតសម្រាប់ Mac វិញម្ដង ដែលលេចឮមកថា មាន CPU ដល់ 40 Cores ឯណោះ។

យោងតាមរបាយការណ៍ថ្មី ត្រូវបានបង្ហាញពីប្រភពឈ្មោះ The Information នោះ បានឲ្យដឹងថា Apple មានគម្រោងក្នុងការប្រើប្រាស់ឈីប 3nm នៅលើកុំព្យូទ័រ Mac របស់គេដែលចេញក្នុងឆ្នាំ 2023 ខាងមុខ ហើយនោះត្រូវជាឈីបផ្ទាល់ខ្លួនត្រកូល M ជំនាន់ទី 3 របស់គេ បើគិតចាប់ពី M1 មក។ មិនត្រឹមតែប៉ុណ្ណោះទេ ឈីបថ្មីរបស់ Apple នោះដែរ អាចនឹងទទួលបានជម្រើសដល់ទៅ 40 Cores ទៀតផង សម្រាប់ផ្នែក CPU ដែលជាចំនួន Cores ដ៏ច្រើនមួយ ធៀបនឹងឈីបបច្ចុប្បន្ន M1 Pro និង M1 Max នេះ មានជម្រើស CPU ខ្ពស់បំផុតត្រឹម 10 Cores ប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះ ឈីបជំនាន់ទី 3 របស់ Apple អាចមានដល់ទៅ 3 ម៉ូឌែលដែរ ដោយក្នុងនោះវាមានឈ្មោះកូដដូចជា Ibiza, Lobos និង Palma ហើយអាចនឹងបង្ហាញវត្តមានលើកុំព្យូទ័រ Mac លំដាប់កំពូលជាមុនសិន ជាក់ស្ដែងដូចជា MacBook Pro ជំនាន់ថ្មីជាដើម។ រីឯ MacBook Air ក្នុងឆ្នាំ 2023 ក៏អាចនឹងប្រើប្រាស់ឈីបជំនាន់ទី 3 នេះដែរ ប៉ុន្តែជាអាចឈីបមានសមត្ថភាពខ្សោយជាង។

ប្រភពខាងលើបានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ 2023 នោះ ឈីប 3nm មិនមែនមានតែនៅលើកុំព្យូទ័រ Mac ទេ ជាក់ស្ដែង Apple ក៏គ្រោងនឹងប្រើប្រាស់លើ iPhone ដូចគ្នា ដែលមានន័យថា ឈីប A17 Bionic ក៏អាចនឹងផ្អែកលើបច្ចេកវិទ្យា 3nm Process ដែរ។

យ៉ាងណាក៏ដោយ នោះជាឈីបដែលគ្រោងនឹងប្រើប្រាស់នៅឆ្នាំ 2023 ឯណោះទេ ចំណែកឯឈីបដែលគ្រោងនឹងចេញនៅលើកុំព្យូទ័រ Mac ឆ្នាំ 2022 ខាងមុខនេះ ត្រូវបានគេរាយការណ៍មកថា អាចនឹងពឹងផ្អែកលើបច្ចេកវិទ្យា 5nm ដដែល គ្រាន់តែលើកនេះជាបច្ចេកវិទ្យា 5nm ដែលត្រូវបានបង្កើនសមត្ថភាព ឲ្យកាន់តែប្រសើរជាងមុនថែមទៀត។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង