Meta ចង់បើកហាងពិតប្រាកដ ដើម្បីឲ្យមនុស្សចូលទៅយកបទពិសោធន៍ពី Metaverse បាន
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

ដូចយើងបានដឹងហើយ ថ្មីៗនេះក្រុមហ៊ុនធំ Facebook បានផ្លាស់ប្តូរឈ្មោះរបស់គេទៅជា Meta វិញ ដើម្បីឲ្យកានតែសាកសម ជាមួយនឹងគម្រោងនាពេលអនាគត ដែលគេកំពុងតែព្យាយាមធ្វើឲ្យក្លាយជាការពិត ពោលគឺជាគម្រោងក្នុងការបង្កើតពិភពសិប្បនិមិ្មត ត្រូវបានគេហៅថា Metaverse ហ្នឹងឯង។ ដើម្បីជំរុញឲ្យគម្រោងនេះ កាន់តែឆាប់ចេញរូបរាងនោះ មានរបាយការណ៍ថា Meta គ្រោងនឹងបើកហាងផ្ទាល់ខ្លួន ដើម្បីឲ្យមនុស្សអាចចូលទៅយកបទពិសោធន៍ពី Metaverse បាន។

មិនខុសទេ យោងតាមរបាយការណ៍ថ្មីមួយ ត្រូវបានរាយការណ៍ដំបូងចេញពី The New York Times នោះ បានឲ្យដឹងថា បុគ្គលិកជាន់ខ្ពស់នៅ Facebook បានចាប់ផ្តើមបញ្ចេញពីគំនិតយោបល់ ក្នុងការបង្កើតហាងសាខាផ្ទាល់ខ្លួនប្រចាំក្រុមហ៊ុន តាំងពីអំឡុងឆ្នាំមុនមកម្លេះ ហើយបន្ទាប់ពីក្រុមហ៊ុនត្រូវបានប្តូរឈ្មោះទៅជា Meta ទៀត គំនិតមួយនោះ កំពុងតែកៀកនឹងក្លាយជាពិតមែនហើយ។ របាយការណ៍ខាងលើ ក៏បានបញ្ជាក់ដែរថា ហាងរបស់គេនោះគឺនឹងត្រូវទទួលបានការឌីហ្សាញបែបទំនើប ហើយ Meta ចង់ឲ្យអតិថិជនខ្លួន មានអារម្មណ៍ចង់ដឹងបន្ថែម និងកាន់តែជិតស្និទ្ធ នៅពេលឈានជើងចូលហាងរបស់គេ។

មកទល់ពេលនេះ Meta បានកំពុងពិចារណាលើឈ្មោះមួយចំនួន សម្រាប់ដាក់ឲ្យហាងរបស់គេនោះហើយ ខណៈឈ្មោះដែលកំពុងស្ថិតនៅលើគេក្នុងការពិចារណាគឺ Facebook Store នេះតែម្ដង ក្នុងចំណោមឈ្មោះផ្សេងៗទៀតដូចជា Facebook Hub, Facebook Commons, Facebook Innovations, Facebook Reality Store និង From Facebook ផងដែរ។

គោលដៅនៃការបើកហាងនេះ គឺដូចបានបញ្ជាក់នៅខាងលើអញ្ចឹង ដោយសារតែ Meta ចង់អតិថិជនរបស់គេ មកទទួលបទពិសោធន៍ផ្ទាល់ពី ពិភពសិប្បនិម្មិត ឬ Metaverse នាពេលអនាគត។ នៅក្នុងហាងនោះ យើងក៏អាចរំពឹងបានថា គេនឹងដាក់ផលិតផល VR យីហោ Oculus ដើម្បីឲ្យមនុស្សគ្រប់គ្នាបានសាកល្បង ហើយយីហោ VR មួយនេះ ក៏គ្រោងនឹងត្រូវប្តូរឈ្មោះទៅកាន់ Meta វិញដែរ ជាក់ស្ដែងឧទាហរណ៍ដូចជា Oculus Quest នឹងប្តូរទៅជា Meta Quest វិញនាពេលខាងមុខ។

ប្រភព ៖ Macrumors
អត្ថបទទាក់ទង