ផ្នែកខាងក្នុងរបស់ AirPods 3 ខុសគ្នាច្រើនពី AirPods Pro បើទោះជាមានរូបរាងស្រដៀងគ្នាក៏ដោយ
ដោយ​ ៖ សុវណ្ណរតនៈ | 4 សប្តាហ៍មុន SHARE

 

Apple ចាប់ផ្តើមដាក់លក់កាសឥតខ្សែ AirPods 3 មួយរយៈខ្លីដែរហើយ នៅក្នុងទីផ្សារស្រុកគេ ហើយក៏ទើបមានមកដល់ទីផ្សារស្រុកយើង កាលពីពេលថ្មីៗនេះដូចគ្នា។ ទាក់ទងនឹង AirPods ជំនាន់ទី 3 នេះយើងឃើញថា Apple បានឌីហ្សាញរូបរាងខាងក្រៅរបស់វា ស្រដៀងគ្នាច្រើនទៅនឹង AirPods Pro កន្លងទៅ ពោលគឺខុសគ្នាត្រង់មួយមានឆ្នុក និងមួយទៀតមិនមាន ខណៈពេលប្រអប់សាករបស់វិញ ក៏ស្ទើរតែដូចគ្នាដែរ។

ដោយឡែកនៅក្នុងពេលនេះ យើងមកមើលផ្នែកខាងក្នុងរបស់វាវិញម្ដង ដោយឃើញថា មិនមែនស្រដៀងគ្នាជាមួយ AirPods Pro ច្រើនដូចខាងក្រៅទេ ផ្ទុយទៅវិញ Apple បានដាក់ចំណុចថ្មីច្រើនគួរសម។ យោងតាមវីដេអូដោះគ្រឿងចេញពី 52audio បានឲ្យដឹងថា ផ្នែកខាងក្នុងរបស់ AirPods ជំនាន់ទី 3 គឺនឹងមិនងាយក្នុងការជួសជុលឡើយ ព្រោះផ្នែកជាច្រើនត្រូវបានគេបិទភ្ជាប់គ្នា ដែលអាចនិយាយបានថា ស្ទើរតែមិនអាចជួសជុលកើតតែម្ដង។

ចំណុចខុសគ្នាដំបូងដែលយើងឃើញនោះ គឺនៅលើប្រអប់សាករបស់វា ដោយលើកនេះមានបំពាក់ដែកឆក់សម្រាប់មុខងារ MagSafe ដែលកន្លងទៅ មិនមានកាស Apple ណា មានបំពាក់មកទេ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏ឃើញបន្ទះបន្សាបកម្តៅមកដូចគ្នា ដើម្បីការពារពីការឡើងកម្តៅខ្ពស់ ចេញពីលក្ខខណ្ឌផ្សេងៗ។

ថ្មរបស់ AirPods 3 ក៏ខុសពី AirPods Pro ដែរ ដោយលើកនេះ Apple បំពាក់មកតែមួយហើយធំទំហំ 345mAh តែម្ដង មិនមែនបែងចែកជាពីរដាច់គ្នាដូចម៉ូឌែល Pro ឡើយ។ ទៅមើលខាងក្នុងនៃកាសទាំងគូរ ក៏ប្លែកច្រើនដែរ ជាក់ស្ដែងក្រុមហ៊ុនអាមេរិកបានដាក់បន្ថែម Skin Detection Sensor ថ្មី ដើម្បីឲ្យវាតាមដានដឹងពេលអ្នកប្រើប្រាស់ពាក់ ឬដោះចេញបានកាន់តែត្រឹមត្រូវជាងមុន។ ចុងក្រោយយើងឃើញថា គ្រឿងបង្គុំផ្សេងៗរបស់ AirPods 3 ត្រូវបានភ្ជាប់គ្នាតាមរយៈខ្សែ FPC និងមានថ្មតូចមួយនៅចន្លោះ Speaker និង Microphone ហើយថាមពលថ្មនោះមានថាមពល 0.133Wh ផងដែរ។

ប្រភព ៖ 9To5 Mac
អត្ថបទទាក់ទង