MacBook Air ជួយឲ្យ Apple លក់កុំព្យូទ័រយួរដៃសរុបបានដល់ 6.5 លានគ្រឿងក្នុងត្រីមាសទី 3
ដោយ​ ៖ សុវណ្ណរតនៈ | 4 សប្តាហ៍មុន SHARE

 

ថ្មីៗនេះ ក្រុមអ្នកព្យាករណ៍ និងស្រាវជ្រាវនៅលើទីផ្សារកុំព្យូទ័រយួរដៃ បានបង្ហាញពីលទ្ធផល ដែលគេបានរកឃើញក្នុងត្រីមាសទី 3 កន្លងទៅហើយ ដោយក្នុងនោះឃើញថា មានការកើនឡើងខ្ពស់ជាងមុនបន្តិចដែរ បើធៀបនឹងចំនួនកុំព្យូទ័រយួរដៃ ដែលត្រូវបានលក់ចេញ កាលពីក្នុងអំឡុងត្រីមាសទី 3 ឆ្នាំ 2020 កន្លងទៅ។

យោងតាមការបង្ហាញចេញពីសំណាក់ក្រុមអ្នកស្រាវជ្រាវ Strategy Analytics នោះ បានឲ្យដឹងថា នៅក្នុងត្រីមាសទី 3 កន្លងទៅនេះ ចំនួនកុំព្យូទ័រយួរដៃ (Laptop) សរុបដែលត្រូវបាននាំចេញ គឺកើនឡើងខ្ពស់ជាងមុនខ្ទង់ 8% ទៀតផង ពោលគឺក្នុងអំឡុងពេល 3 ខែនោះ ក្រុមហ៊ុនទាំងអស់សរុបចូលគ្នា បានលក់ចេញកុំព្យូទ័រប្រមាណជាខ្ទង់ 66.8 លានគ្រឿង។

ចំណុចគួរឲ្យចាប់អារម្មណ៍ឃើញថា Apple ទទួលបានកំណើនខ្ពស់ប្រសើរមួយធៀបនឹងឆ្នាំមុន ជាក់ស្ដែងកើនឡើងបាន 10% ដោយក្នុងត្រីមាសទី 3 កន្លងទៅថ្មីៗនេះ គេលក់កុំព្យូទ័រយួរដៃបានសរុបខ្ទង់ 6.5 លានគ្រឿង មានចំណែកទីផ្សារ 10% ឈរនៅលេខរៀងទី 4។ ភ្នាក់ងារខាងលើ បានបញ្ជាក់ថា ចំនួនលក់បានដល់ 6.5 លានគ្រឿងនោះ គឺមួយផ្នែកធំជារបស់ MacBook Air តែម្ដង។

ក្រុម Strategy Analytics បានបន្ថែមទៀតថា នៅក្នុងត្រីមាសទី 3 មានកំណើនច្រើន សម្រាប់ការទិញកុំព្យូទ័រលំដាប់កំពូលៗ ដោយសារតែអំឡុងពេលនោះ ឃើញថាទីផ្សារកុំព្យូទ័រប្រភេទនេះ មានការបញ្ចុះតម្លៃច្រើន ជាក់ស្ដែងដូចជា MacBook Air ជាដើម។

ក្រឡេកទៅមើលក្រុមហ៊ុន ដែលនាំចេញកុំព្យូទ័របានច្រើនជាងគេប្រចាំត្រីមាសវិញ គឺនៅតែជា Lenovo ដដែល ដែលគេនាំចេញបាន 15.3 លានគ្រឿង ខណៈ HP វិញ ឈរនៅលេខ 2 លក់កុំព្យូទ័រយួរដៃចេញបានខ្ទង់ 14.3 លានគ្រឿង រីឯ Dell លក់ចេញបានខ្ទង់ 12.2 លានគ្រឿង។ ក្រុមហ៊ុនឈរនៅលេខ 4 គឺ Apple ដូចបានបញ្ជាក់អញ្ចឹង ហើយសម្រាប់លេខរៀងទី 5 គឺ ASUS ដោយក្រុមហ៊ុននេះ នាំចេញកុំព្យូទ័របាន 5.1 លានគ្រឿង។

ប្រភព ៖ Macrumors
អត្ថបទទាក់ទង