មុខងារសម្គាល់មុខ Face Recognition ក្នុងកម្មវិធី Facebook នឹងត្រូវបិទលែងឲ្យប្រើប្រាស់វិញ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

នៅក្នុងពេលថ្មីៗនេះ Facebook បានប្រកាសដំណឹងថ្មីមួយ ទៅកាន់អ្នកប្រើប្រាស់ជាច្រើនលាននាក់របស់ខ្លួន ដោយដំណឹងនោះគឺទាក់ទងនឹងការបិទមុខងារសម្គាល់មុខ Face Recognition នៅក្នុងរូបភាព ឬវីដេអូដោយស្វ័យប្រវត្តិនោះចេញវិញហើយ បន្ទាប់ពីបានបើកឲ្យប្រើប្រាស់ជាច្រើនឆ្នាំកន្លងមកនេះ។

កន្លងទៅមុខងារស្កេនសម្គាល់មុខក្នុងកម្មវិធី Facebook គឺអាចធ្វើការសម្គាល់មុខរបស់ម្ចាស់គណនីណាមួយបាន នៅពេលដែលឃើញរូបភាពរបស់គេ នៅក្នុងរូបភាព ឬវីដេអូនរណាម្នាក់ផ្សេងទៀត ហើយក៏ជាមុខងារដែលអនុញ្ញាតឲ្យ Facebook អាចធ្វើការ Tags ទៅកាន់មនុស្សដែលមានក្នុងរូបភាពនោះ បានដោយស្វ័យប្រវត្តិតែម្ដង មិនចាំបាច់ទាមទារឲ្យអ្នកប្រើចុច Tags ខ្លួនឯងនោះទេ។ 

ហេតុនេះហើយ អ្នកប្រើប្រាស់នឹងមិនអាចចូលទៅបើកមុខងារ Face Recognition ក្នុង Facebook បានទៀតនោះទេ ហើយសម្រាប់អ្នកប្រើប្រាស់ ដែលធ្លាប់បើកប្រើមុខងារនេះកន្លងទៅជាង 1 ពាន់លាននាក់នោះ Facebook នឹងធ្វើការលុបទិន្នន័យ ដែលបានមកពីការស្កេនមុខរបស់ពួកគេចេញវិញទាំងអស់។

Facebook ក៏បានប្រាប់ពីហេតុផលនៃការបិទលែងឲ្យប្រើប្រាស់មុខងារខាងលើដែរ ពោលគឺគេប្រាប់ថា ដោយសារតែក្នុងសង្គមបច្ចុប្បន្ននេះ មានការព្រួយបារម្ភកើនឡើងជាច្រើន ទាក់ទងនឹងករណីប្រើប្រាស់ដែលមិនត្រឹមត្រូវ នៃបច្ចេកវិទ្យា Facial Recognition របស់គេនោះ។ យ៉ាងណាក៏ដោយ សកម្មភាពបិទមុខងារ Face Recognition របស់ Facebook នេះ មិនទាន់ប៉ះពាល់ភ្លាមៗទេ ពោលគឺគេនឹងចាប់ផ្តើមអនុវត្ត ចាប់ពីសប្ដាហ៍ក្រោយៗទៅ។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង