Lexus ទើបបញ្ចេញត្រកូល LC និង LS ស៊េរីឆ្នាំ 2022 ថ្មី ជាមួយការកែប្រែឲ្យកាន់តែប្រសើរជាងមុន
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

ថ្មីៗនេះ Lexus ទើបប្រកាសចេញរថយន្តជំនាន់ថ្មីជាច្រើនម៉ូឌែល ដែលរួមមានទាំងត្រកូល LC និង LS មកដូចគ្នា។ ម៉ូឌែលដំបូងគួរឲ្យចាប់អារម្មណ៍ជាងគេនោះ គឺ Lexus LC 500 Convertible 2022 នេះឯង ដែលវាជារថយន្តបើកដំបូលថ្មីមួយ ដែលនឹងមានចេញលក់ផ្លូវការចាប់ពីចុងឆ្នាំនេះទៅតែម្ដង។

សម្រាប់ម៉ូឌែល LC 500 Convertible ថ្មីនេះ មានបំពាក់មកជាមួយយ៉ាន់កង់អាលុយមីញ៉ូមទំហំ 20 អ៊ីញមកជាស្ដង់ដារ និងមានទំហំ 21 អ៊ីញមួយទៀត សម្រាប់ជាជម្រើសដល់អ្នកទិញ។ ដំបូលបើកបិទរបស់វានោះ អាចធ្វើការបើក ឬក៏បិទក្នុងអំឡុងពេលបើកបរបណ្តើរបាន សម្រាប់ការបើកបរក្នុងល្បឿនត្រឹម 50Km/h ចុះក្រោម ហើយសម្រាប់ការបើក វាចំណាយពេលខ្ទង់ 15 វិនាទី ទើបបើកបានពេញលេញ ខណៈពេលការបិទវិញ វាចំណាយពេលខ្ទង់ 16 វិនាទី។ 

រថយន្តម៉ូឌែលនេះ បានប្រើប្រាស់ម៉ាស៊ីនចំណុះ 5.0L V8 ដែលអាចបង្កើតកម្លាំងបានសរុប 471hp និងកម្លាំងបង្វិល 398 pound-foot។ ជាមួយម៉ាស៊ីនកម្លាំងបែបនេះ វាអាចស្ទុះពី 0 ទៅដល់ 97km/h ដោយចំណាយពេលខ្ទង់ 4.6 វិនាទី និងមានល្បឿនខ្ពស់បំផុតឡើងបានដល់ 270 km/h ផងដែរ។

បន្ថែមពីការប្រកាសចេញម៉ូឌែលខាងលើ Lexus ក៏មានម៉ូឌែល LC 500 ធម្មតា និង LC 500h មួយទៀតដែរ។ សម្រាប់ម៉ូឌែល LC 500 2022 នោះ វាជាប្រភេទរថយន្ត Sport ម៉ូឌែលកំពូលប្រចាំ Lexus ហើយ ដែលត្រូវបានគេឌីហ្សាញមកជាពិសេស សម្រាប់ការបើកបរបែបល្បឿនលឿន ហើយបន្ថែមពីនេះ Lexus ក៏បានផ្តល់ឲ្យជាកញ្ចប់ LC Bespoke Build មួយ ដែលអាចឲ្យអ្នកទិញ អាចធ្វើការជ្រើសរើសបានជាច្រើនម៉ូត មិនថាទៅលើផ្នែកស្ទីលខាងក្រៅ ដំបូល កង់ ឬមួយសមាសធាតុដែលក្រាលនៅខាងក្នុងនោះទេ។ 

សម្រាប់ម៉ាស៊ីនវិញ វាបានបំពាក់មកដូចគ្នានឹងម៉ូឌែល Convertible ខាងលើដែរ ដោយប្រើប្រាស់ម៉ាស៊ីនចំណុះ 5.0L V8 ដែលអាចបង្កើតកម្លាំងបានសរុប 471hp និងកម្លាំងបង្វិល 398 pound-foot ប៉ុន្តែលើកនេះការស្ទុះពី 0 ទៅដល់ 97km/h ចំណាយពេលត្រឹម 4.4 វិនាទីវិញ។

ចំពោះម៉ូឌែល LC 500h វាជាប្រភេទរថយន្ត Hybrid ប៉ុន្តែមានរូបរាងដូចគ្នានឹង LC 500 ធម្មតាអញ្ចឹង គ្រាន់តែលើកនេះ វាបានប្តូរមកប្រើប្រាស់ម៉ាស៊ីន 3.5-liter Atkinson-cycle V6 ដែលអាចបង្កើតកម្លាំងសរុបបាន 354hp ផងដែរ។ ទៅមើលម៉ូឌែលចុងក្រោយគឺ LS 500 នោះវិញ វាជាប្រភេទរថយន្ត Sedan លំដាប់កំពូលប្រចាំយីហោ Lexus ដែលមានបំពាក់មកជាមួយបច្ចេកវិទ្យាសំខាន់ៗជាច្រើន សម្រាប់ជំនួយដល់ការបើកបរច្រើនកាលៈទេសៈ។

វាមានប្រើប្រាស់មាស៊ីន 3.5-liter Twin-turbo V6 ដែលអាចបង្កើតកម្លាំងបាន 416hp និងកម្លាំងបង្វិលបាន 442 pound-foot ដែលមានជម្រើស Rear-Wheel Drive មកជាស្ដង់ដារ អាចធ្វើការស្ទុះពី 0 ដល់ 97 km/h ចំណាយពេល 4.6 វិនាទី។ វាក៏មានម៉ូឌែល All-Wheel Drive ដែរ ដែលជាជម្រើសសម្រាប់អ្នកទិញ។ នៅផ្នែកខាងក្នុងវិញ វាត្រូវបាន Lexus កែប្រែស្ទើរទាំងស្រុង ដែលមើលទៅកាន់តែមានលក្ខណៈបែបប្រណីតជាងមុន។

សម្រាប់តម្លៃវិញ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ម៉ូឌែល LC 500 Convertible ត្រូវបានគេដាក់លក់ចាប់ផ្តើមពី 101,100 ដុលា្លរឡើងទៅ, ម៉ូឌែល LC 500 ចាប់ផ្តើមពី 93,050 ដុល្លារឡើងទៅ ខណៈពេលដែលម៉ូឌែល LC 500h មានតម្លៃចាប់ផ្តើមពី 99,050 ដុល្លារឡើងទៅ។ ចុងក្រោយសម្រាប់ម៉ូឌែល Sedan LS 500 នេះវិញ គេបានដាក់លក់ចាប់ផ្តើមពីខ្ទង់ 76,000 ដុល្លារឡើងទៅ។

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង