Beats ប្រកាសចេញកាសឥតខ្សែ Fit Pro ថ្មី សម្រាប់អ្នកហាត់កីឡា ជាមួយតម្លៃ 199 ដុល្លារ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីយប់មិញនេះ Beats បានប្រកាសចេញកាសឥតខ្សែម៉ូឌែលថ្មីមួយទៀតរបស់ខ្លួន ដែលត្រូវបានគេហៅថា Beats Fit Pro ដើម្បីផ្តល់ជាជម្រើសមួយទៀត សម្រាប់អ្នកនិយមយីហោ Beats បន្ថែមពីលើម៉ូឌែល Studio Buds ត្រូវបានប្រកាសចេញ កាលពីដើមឆ្នាំកន្លងទៅ និងម៉ូឌែល Powerbeats Pro / Powerbeats ដែលកំពុងដាក់លក់បច្ចុប្បន្ននេះដែរ។ 

ចំណុចដែលយើងចាប់អារម្មណ៍ជាងគេ នៅលើកាសឥតខ្សែ Beats Fit Pro ថ្មីនេះ គឺថាវាត្រូវបានគេឌីហ្សាញឡើងមក ដោយមានជ័រទុនជំនួយឲ្យកាសនោះ កាន់តែជាប់ស្និទ្ធជាមួយត្រចៀករបស់អ្នកប្រើប្រាស់ថែមទៀត មិនថាស្ថិតក្នុងកាលៈទេសៈប្រើប្រាស់បែបណានោះទេ ហើយនេះក៏ជាអត្តសញ្ញាណមួយរបស់ Beats ដែរ។

Beats Fit Pro ខុសពី Studio Buds កន្លងទៅ ព្រោះថាលើកនេះវាក៏មានបំពាក់មកជាមួយឈីបរបស់ Apple ដែលគេហៅថា H1 នៅក្នុងនោះមកដែរ ដែលជាមូលហេតុមួយ ធ្វើឲ្យមុខងារសំខាន់ៗរបស់ AirPods Pro ក៏មានបង្ហាញវត្តមាននៅលើកាសថ្មីនេះដូចគ្នា។ មុខងារសំខាន់ដូចជា មុខងារទប់សម្លេងរំខានក៏មានបំពាក់មកដូចគ្នា ហើយក្រៅពីមុខងារនេះ ប្រាកដណាស់វាក៏មានមុខងារ Transparency Mode ដូច AirPods Pro អញ្ចឹងដែរ។ 

មុខងារសំខាន់ៗផ្សេងទៀតរួមមាន វាមានមុខងារភ្ជាប់រហ័ស One-Step Pairing, Automatic Syncing ក៏ដូចជាមុខងារផ្លាស់ប្តូរពីការភ្ជាប់ពីឧបករណ៍មួយទៅមួយ ដោយស្វ័យប្រវត្តិជាដើម (សម្រាប់តែផលិតផលរបស់ Apple ប៉ុណ្ណោះ)។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏មានបំពាក់មកជាមួយបច្ចេកវិទ្យា Dynamic Head Tracking សម្រាប់មុខងារ Spatial Audio ព្រមទាំងមុខងារ Adaptive EQ សម្រាប់កែតម្រូវសម្លេងឲ្យស្ថិតនៅគុណភាពខ្ពស់ដដែល បើទោះជាអ្នកប្រើបិទមុខងារ ANC ឬ Transparency Mode ក៏ដោយ។ 

កាន់តែប្រសើរ យើងក៏ឃើញមានបំពាក់សេនស័រ Skin Detect ថ្មី ដូចនៅលើ AirPods ជំនាន់ទី 3 ដែលទើបចេញថ្មីៗនេះដែរ។ សម្រាប់ថាមពលថ្ម Beats អះអាងថា ការប្រើប្រាស់លើកាសមួយគូរនោះ វាអាចកាន់បានដល់ 7 ម៉ោងជាប់ ហើយបើគិតទាំងប្រអប់សាកវិញ វាអាចកំដរអ្នកប្រើបានដល់ 30 ម៉ោងទៀតផង។ Beats Fit Pro មានជម្រើសពណ៌ដូចជា ខ្មៅ ស ប្រផេះ និងពណ៌ផ្កាឈូក។ ពេលនេះ Beats បើកឲ្យកុម្ម៉ង់ទិញហើយ និងចេញលក់លើទីផ្សារផ្លូវការចាប់ពីថ្ងៃទី 5 វិច្ឆិកានេះទៅ ជាមួយតម្លៃក្នុងវេបសាយរបស់គេ 199 ដុល្លារ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង