បុគ្គលិកជាន់ខ្ពស់របស់ Apple បានប្រាប់ពីមូលហេតុ MacBook Pro មានឆកតែគ្មាន Face ID
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

បន្ទាប់ពីមានការប្រកាសចេញជាផ្លូវការ នូវវត្តមានកុំព្យូទ័រត្រកូល Pro ជំនាន់ថ្មីចំនួនពីរម៉ូឌែលរួចមក ពោលគឺ MacBook Pro 16 អ៊ីញ និង MacBook Pro 14 អ៊ីញនេះ Apple នៅតែទទួលបានសំណួរជាច្រើន ពីសំណាក់អតិថិជនរបស់ខ្លួន ក៏ដូចជាអ្នកសារព័ត៌មានផ្សេងៗទាក់ទងនឹងផលិតផលនេះ។ ចំណុចដែលស្ទើរតែមនុស្សគ្រប់គ្នាឆ្ងល់នោះ គឺថា ហេតុអ្វីបានជា Apple ដាក់ឆកលើ MacBook Pro ជំនាន់ថ្មី តែមិនមាន Face ID?

យ៉ាងណាក៏ដោយ ទីបំផុត Apple ឆ្លើយនឹងសំណួរនេះហើយ ដោយយោងតាមការប្រាប់ចេញលោក Tom Boger ដែលជាអនុប្រធានផ្នែកទីផ្សារនៃផលិតផល iPad និងកុំព្យូទ័រ Mac នោះ គាត់បានឆ្លើយទៅនឹងសំណួរខាងលើថា Touch ID គឺផ្តល់ភាពងាយស្រួលជាង Face ID ទៅដល់អ្នកប្រើប្រាស់ ព្រោះថាដៃរបស់ពួកគេ ដាក់នៅលើក្ដារចុចស្រាប់ទៅហើយ។

សំណួរមួយទៀត ដែលត្រូវបានអ្នកសារព័ត៌មានចោទសួរដែរនោះ គឺទាក់ទងនឹងមូលហេតុដែល MacBook Pro ទាំងពីរម៉ូឌែល នៅតែមិនអាចប៉ះបញ្ជាតាមរយៈ Touch Screen បានហ្នឹងឯង។ សំណួរនេះត្រូវបានឆ្លើយដោយលោក John Ternus ដែលជាអនុប្រធានផ្នែកវិស្វកម្ម Hardware បានប្រាប់ថា នេះមិនមែនជាចំណុចមួយដែល Apple គិតថាចាំបាច់ក្នុងការធ្វើឡើយ ព្រោះថាសព្វថ្ងៃនេះ គេមាន iPad រួចហើយ ដែលជាឧបករណ៍សម្រាប់ប្រើប្រាស់ ក្នុងតម្រូវការបែបនោះ។

ប្រាកដណាស់ យោងតាមចម្លើយទាក់ទងនឹងសំណួរសំខាន់ៗទាំងពីរខាងលើ យើងអាចនឹងយល់ស្របមួយផ្នែក ប៉ុន្តែនៅតែមិនសូវឯកភាពមួយផ្នែកដែរ ជាក់ស្ដែងទៅលើចម្លើយនៃសំណួរទីមួយឃើញថា ប៊ូតុង Touch ID ពិតជានៅលើក្ដារចុច កៀកនឹងម្រាមដៃរបស់អ្នកប្រើមែន ប៉ុន្តែបើសិនជាមាន Face ID នៅក្នុងឆកនោះស្រាប់ គឺនឹងកាន់តែងាយស្រួលជាងឈោងម្រាមដៃទៅទៀត ព្រោះអ្នកប្រើប្រាស់តែងតែសម្លឹងទៅអេក្រង់ជានិច្ច។ សម្រាប់សំណួរទី 2 វិញ ហាក់ដូចជាគេទទួលស្គាល់ ទៅនឹងពាក្យចចាមអារ៉ាមកន្លងមកអញ្ចឹង គ្រាន់តែគេមិននិយាយចំៗដោយផ្ទាល់ ព្រោះកន្លងទៅនេះ មានមតិជាច្រើនបញ្ចេញមកថា មូលហេតុដែល MacBook មិនគាំទ្រ Touch Screen គឺដោយសារតែ Apple ខ្លាចថា វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ចំនួនលក់របស់ iPad បើសិនជាគេដាក់បញ្ចូលមុខងារនេះ។

ប្រភព ៖ Macrumors
អត្ថបទទាក់ទង