iMac Pro ជំនាន់ថ្មី គ្រោងនឹងប្រើឈីប M1 Pro/Max អេក្រង់ Mini-LED និងអាចមានផតច្រើន
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

យោងតាមព័ត៌មានបែកធ្លាយថ្មីចុងក្រោយ បានឲ្យដឹងថា ពេលនេះ Apple កំពុងធ្វើការលើ iMac ម៉ូឌែលថ្មីមួយទៀតហើយ ដែលអាចនឹងត្រូវបានគេហៅថា iMac Pro ហ្នឹងឯង ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏មានការបង្ហាញបន្ថែមពីលក្ខណៈសម្បត្តិ ដែល Apple អាចនឹងបំពាក់នៅលើកុំព្យូទ័រ All-in-One ថ្មីនេះទៀតផង។

មិនខុសទេ យោងតាមការបង្ហាញចេញពីប្រភព Dylandkt ក្នុងបណ្ដាលសង្គម Twitter បានឲ្យដឹងថា iMac Pro ជំនាន់ថ្មីនោះ អាចនឹងមានបំពាក់មកជាមួយឈីប M1 Pro និង M1 Max ដែលត្រូវបាន Apple ប្រកាសចេញកាលពីពេលថ្មីៗកន្លងទៅនេះដែរ។ សម្រាប់ផ្នែកអេក្រង់វិញ iMac Pro អាចនឹងបំពាក់មកទំហំ 27 អ៊ីញ ជាប្រភេទ Mini-LED ជាមួយបច្ចេកវិទ្យា ProMotion ទៀតផង ហើយកាន់តែពិសេស គេថាវាមិនដូច iMac បច្ចុប្បន្ននេះទេ ដោយ Apple អាចនឹងប្តូរទៅប្រើប្រាស់គែម Bezel ជុំវិញពណ៌ខ្មៅវិញ ព្រមទាំងអាចនឹងកាន់តែខ្លីជាងមុនដូចគ្នា។ 

សម្រាប់ម៉ូឌែលទាបបំផុតនៃ iMac Pro នេះ គឺអាចនឹងមានភ្ជាប់មកជាមួយរ៉េមទំហំ 16GB ជាមួយគ្នានឹងអង្គផ្ទុក 512GB ស្រាប់តែម្ដង ហើយមិនថាជម្រើសណាទេ វាអាចនឹងមានផត HDMI, SD Card ព្រមទាំងអាចបន្តមានផត USB-C / Thunderbolt មកឲ្យផងដែរ។

បន្ថែមពីនេះ Apple ក៏អាចនឹងដាក់បន្ថែមរន្ធ Ethernet នៅជាមួយគ្នានឹង Power Adapter ដូចនៅលើ iMac បច្ចុប្បន្នអញ្ចឹង។ ចំណុចសំខាន់មួយទៀតនោះ គឺ Apple បានតេស្តមុខងារ Face ID នៅលើនោះហើយ ប៉ុន្តែអ្នកចែករំលែកដំណឹងលេចធ្លាយខាងលើ នៅមិនទាន់ច្បាស់ទេថា Apple នឹងសម្រេចបំពាក់វា ឬអត់។ ចំណុចចុងក្រោយ ដែលគេនិយាយពី iMac Pro នោះ គឺថា វាអាចនឹងបង្ហាញខ្លួននៅក្នុងអំឡុងឆមាសទី 1 ឆ្នាំ 2022 ខាងមុខ ហើយអាចនឹងមានតម្លៃចាប់ផ្តើមឡើងពីខ្ទង់ 2,000 ដុល្លារឡើងទៅតែម្ដង។ 

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង