Microsoft យកឈ្នះ Apple ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោក
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ដូចយើងបានដឹងហើយ ប៉ុន្មានឆ្នាំចុងក្រោយនេះ Apple ឡើងគ្រងតំណែងជាក្រុមហ៊ុនមួយ ដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោក និងមិនទាន់មានក្រុមហ៊ុនវ៉ាវែងក្រុមហ៊ុននេះបានយូរឡើយ។ ប៉ុន្តែចូលមកពេលថ្មីៗនេះ អ្វីៗប្រែប្រួលហើយ ពោលគឺបន្ទាប់ពីក្រុមហ៊ុនជាច្រើនបង្ហាញរបាយការណ៍ហរិញ្ញវត្ថុប្រចាំត្រីមាសចុងក្រោយរបស់ខ្លួនចេញមក ធ្វើឲ្យ Apple ធ្លាក់មកលេខ 2 ហើយ Microsoft ឡើងគ្រងតំណែងជំនួសគេវិញ។

មិនខុសទេ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក Microsoft បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេបំផុត នៅលើទីផ្សារពិភពលោក ដោយទម្លាក់ Apple ទៅកាន់លេខរៀងទី 2 វិញ។ យ៉ាងណាក៏ដោយគម្លាតគ្នារវាងក្រុមហ៊ុនទាំងពីរនេះ មិនដាច់គ្នាច្រើនទេ ជាក់ស្ដែង Microsoft ដែលឈរនៅចំណាត់ថ្នាក់លេខ 1 នោះ មានតម្លៃសរុបដល់ទៅខ្ទង់ 2.49 ទ្រីលានដុល្លារ ខណៈពេលដែល Apple មានតម្លៃដល់ខ្ទង់ 2.46 ទ្រីលានដុល្លារ។ 

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេ ដែល Microsoft អាចជែង Apple ឡើងទៅឈរក្នុងនាមជាក្រុមហ៊ុន មានតម្លៃថ្លៃជាងគេលើលោកបាន ជាក់ស្ដែងកាលពីឆ្នាំ 2018 កន្លងទៅ ក្រុមហ៊ុនបង្កើត Windows នេះ ធ្លាប់ធ្វើបានម្ដង ហើយកាលពីខែកក្កដាឆ្នាំ 2020 កន្លងទៅក៏ធ្លាប់ធ្វើបានម្ដងទៀតដែរ ប៉ុន្តែមិនយូរប៉ុន្មានទេ តំណែងនោះត្រូវបាន Apple យកទៅវិញ។

យ៉ាងណាក៏ដោយ តាំងពីថ្ងៃសុក្រមកទល់ពេលនេះ Microsoft នៅតែបន្តឈរលើគេដដែល ហើយតួរលេខនៃតម្លៃ ក៏មិនទាន់មានការប្រែប្រួលច្រើនដែរ។ មូលហេតុដែលធ្វើឲ្យ Apple ធ្លាក់តម្លៃនេះដែរ គេប្រាប់ថា ដោយសារតែក្រុមហ៊ុននេះ បានបង្ហាញថា គេបានបាត់បង់ទឹកប្រាក់ 6 ពាន់លានដុល្លារ ដោយសារតែបញ្ហាសង្វាក់ផ្គត់ផ្គង់ផ្សេងៗ ខណៈពេលដែល Microsoft វិញ គេទទួលបានជោគជ័យកើនឡើងខ្ពស់ចេញពីផលិតផល Office, Windows និងសេវាកម្ម Cloud របស់គេ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង