ក្រុមហ៊ុន Facebook បានផ្លាស់ប្តូរឈ្មោះរបស់ខ្លួនទៅជា Meta ផ្លូវការហើយ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ថ្មីៗនេះ Facebook បានបង្ហើបថា គេនឹងធ្វើការផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនវិញ ប៉ុន្តែមិនបានបង្ហើបឡើយថា នឹងប្តូរទៅជាបែបណា។ ទើបតែយប់មិញនេះ នៅក្នុងព្រឹត្តិការណ៍ Facebook Connect 2021 លោក Mark Zuckerberg ដែលជា CEO របស់ Facebook បានប្រកាសផ្លូវការថា ក្រុមហ៊ុនរបស់គេពេលនេះ នឹងប្តូរឈ្មោះទៅជា Meta វិញ។

មិនត្រឹមតែប្តូរឈ្មោះទៅជា Meta ប៉ុណ្ណោះទេ ប៉ុន្តែគេក៏បានបញ្ចេញ Logo ថ្មីឲ្យត្រូវនឹងឈ្មោះនេះដូចគ្នាដែរ ជាក់ស្ដែងគឺមានរូបរាងដូចក្នុងរូបភាពខាងលើហ្នឹងឯង។ ជុំវិញការផ្លាស់ប្តូរឈ្មោះនេះ លោក Mark Zuckerberg បានបញ្ជាក់ប្រាប់ថា គឺគេចង់ធ្វើឲ្យឈ្មោះរបស់ក្រុមហ៊ុន ត្រូវគ្នានឹងអ្វីដែលក្រុមហ៊ុនរបស់គេកំពុងធ្វើជាងមុន ព្រោះជាក់ស្ដែងឈ្មោះថា Facebook ដូចលើកមុននោះ ស្ដាប់ទៅគឺហាក់ដូចជាសំដៅលើផលិតផល ឬក៏កម្មវិធីមួយរបស់គេប៉ុណ្ណោះ ខណៈពេលដែល គេនៅមានផលិតផល និងសេវាកម្មផ្សេងៗទៀត បូករួមទាំងសព្វថ្ងៃកំពុងអភិវឌ្ឍ Metaverse ទៀតផង ដែលជា Platform មួយសំដៅដល់ពិភពលោកបែបសិប្បនិមិ្មត។

ប្រាកដណាស់ឈ្មោះថា Meta នេះ គឺសំដៅមួយផ្នែកធំទៅដល់គម្រោងក្នុងបង្កើត Metaverse ហ្នឹងតែម្ដង ហើយលោក Mark Zuckerberg ផ្ទាល់ក៏បានបញ្ជាក់ច្បាស់ដែរថា នៅក្នុងពេលនេះ គម្រោងអនាគត ដែលក្រុមហ៊ុនគេចង់ឲ្យក្លាយជាការពិតមុនគេ គឺជា Metaverse តែម្ដង។

យ៉ាងណាក៏ដោយ សូមបញ្ជាក់ដែរថា ការប្តូរឈ្មោះទៅ Meta គឺជាឈ្មោះក្រុមហ៊ុន មិនមែនឈ្មោះកម្មវិធីទេ ដូច្នេះមានន័យថា កម្មវិធីបណ្ដាញសង្គម Facebook ដែលយើងកំពុងប្រើសព្វថ្ងៃនេះ គឺនៅតែជា Facebook ដដែលហ្នឹងឯង រួមទាំងកម្មវិធីផ្សេងៗទៀតដូចជា Instagram និង WhatsApp ជាដើមនោះ ក៏មិនមានកែប្រែអ្វីដូចគ្នា ប៉ុន្តែបើនិយាយពីក្រុមហ៊ុន ដែលនៅពីក្រោយកម្មវិធីទាំងនេះ គឺជា Meta មិនមែន Facebook ទៀតទេ។

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង