មកទល់ពេលនេះ Sony លក់ម៉ាស៊ីនហ្គេម PS5 បានដល់ខ្ទង់ 13.4 លានគ្រឿងហើយ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ថ្មីៗនេះ Sony បានប្រកាសចេញរបាយការណ៍ផ្នែកហិរញ្ញវត្ថុ ប្រចាំត្រីមាសចុងក្រោយរបស់ខ្លួនចេញមកជាផ្លូវការ ដោយក្នុងនោះក៏មានបង្ហាញទាក់ទងនឹងចំណូល ក៏ដូចជាចំនួនលក់នៃផ្នែកម៉ាស៊ីនហ្គេមរបស់គេមកដូចគ្នា។ មិនខុសទេ លទ្ធផលដែលគេបង្ហាញ គឺជាលទ្ធផលត្រីមាសទី 2 សម្រាប់ Sony ដែលគេរាប់ចាប់ពីខែកក្កដា មកដល់ខែកញ្ញាកន្លងទៅនេះ ហើយក្នុងនោះឃើញថា គេសម្រេចបានកាន់តែប្រសើរថែមទៀតជាមួយម៉ាស៊ីនហ្គេម PS5។

យោងតាមការបង្ហាញចេញពីក្រុមហ៊ុនជប៉ុនខាងលើ គិតមកត្រឹមខែកញ្ញា ដែលជាខែចុងក្រោយនៃត្រីមាសទី 2 ប្រចាំក្រុមហ៊ុនគេនោះ គឺគេបានលក់ម៉ាស៊ីនហ្គេម PlayStation 5 សរុបដល់ទៅ 13.4 លានគ្រឿងហើយ គិតចាប់ពីថ្ងៃប្រកាសដាក់លក់ដំបូងមក។ បើគិតតែក្នុងចន្លោះពីខែកក្កដា ដល់កញ្ញានោះវិញ ក៏ចំនួនលក់ PlayStation 5 សរុប ស្ថិតក្នុងកម្រិតប្រសើរមួយដែរ ពោលគឺត្រឹម 3 ខែនេះ គេលក់បានដល់ខ្ទង់ 3.3 លានគ្រឿងទៀតផង។ 

ចំនួនលក់ដល់ជាង 3.3 លានគ្រឿងនេះ បានក្លាយជាកំណត់ត្រាលំដាប់ទី 2 នៃការលក់ PS5 បានច្រើនបំផុតប្រចាំត្រីមាស ខណៈពេលកំណត់ត្រាខ្ពស់បំផុត ដែល Sony ធ្លាប់សម្រេចបាននោះ គឺកាលពីអំឡុងត្រីមាសទី 3 ឆ្នាំ 2020 កន្លងទៅ ដោយចំនួនលក់ឡើងដល់ទៅខ្ទង់ 4.5 លានគ្រឿងឯណោះ។

ជាមួយចំនួនលក់ PS5 នៅតែប្រសើរនេះដែរ បានធ្វើឲ្យវិស័យ Gaming របស់ Sony សរុបទាំងអស់ចូលគ្នា គឺអាចរកចំណូលបានខ្ទង់ 5.86 ពាន់លានដុល្លារ គិតតែក្នុងត្រីមាសទី 2 របស់គេប៉ុណ្ណោះ និងឃើញថាកើនបានប្រសើរជាងឆ្នាំមុនដល់ 27% ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ បើគិតតែលើផ្នែកម៉ាស៊ីនហ្គេម PlayStation នោះ វាមានចំណែកដល់ទៅ 27% ឯណោះ នៃប្រាក់ចំណូលសរុបរបស់ Sony ក្នុងត្រីមាសទី 2 ហើយវាក៏ជាចំណែកដល់ 26% នៃប្រាក់ចំណេញសរុបទាំងអស់ ដែល Sony រកបានក្នុងត្រីមាសនេះដូចគ្នា។

ប្រភព ៖ IGN
អត្ថបទទាក់ទង