Google ប្រកាសចេញ Android 12L ថ្មី ជា OS ឌីហ្សាញសម្រាប់ទូរសព្ទអេក្រង់បត់ ឬថេប្លេតជាដើម
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

Google ទើបទម្លាក់កំណែអាប់ដេតទៅកាន់ Android 12 ផ្លូវការ សម្រាប់ទូរសព្ទឆ្លាតរបស់ខ្លួន ប្រមាណជាខ្ទង់ 1 សប្តាហ៍ប៉ុណ្ណោះ ហើយថ្មីនេះ គេបានប្រកាសចេញ Android 12L មួយមកទៀត ដែលជា Android 12 ប៉ុន្តែឌីហ្សាញសម្រាប់ឧបករណ៍ ដែលមានអេក្រង់ធំតែម្ដង។ 

មិនខុសទេ អក្សរ L តំណាងឲ្យពាក្យថា Large ហ្នឹងឯង ដូច្នេះហើយ Android 12L គឺត្រូវបានគេឌីហ្សាញមកសម្រាប់ឧបករណ៍ផ្សេងៗ ដែលអេក្រង់ធំដូចជា ទូរសព្ទឆ្លាតអេក្រង់បត់, ថេប្លេត និងឧបករណ៍ដែលដំណើរការដោយ ChromeOS ជាដើម។ Android 12L នឹងចេញនៅលើឧបករណ៍ផ្សេងៗចាប់ពីដើមឆ្នាំក្រោយទៅ ខណៈពេលបច្ចុប្បន្ននេះ កំពុងតែមានដាក់ឲ្យសម្រាប់អ្នកអភិវឌ្ឍន៍ជាមុន (Developer Preview)។

Google ប្រាប់ថានៅក្នុងពេលសព្វថ្ងៃនេះ គឺមានចំនួនខ្ទង់ 250 លានគ្រឿងឯណោះ នៃថេប្លេត, ទូរសព្ទអេក្រង់បត់ និងឧបករណ៍ ChromeOS ដែលកំពុងដំណើរការដោយ Android ហើយក្នុងចំណោមនោះ គឺមានដល់ទៅ 100 លានគ្រឿងឯណោះ ជាថេប្លេតដែលត្រូវបានគេចាប់ផ្តើមប្រើប្រាស់នៅក្នុងឆ្នាំមុន។

ដោយសារតែឃើញកំណើនច្រើននេះហើយ បានធ្វើឲ្យ Google មានគំនិតឌីហ្សាញ Android 12L ដាច់ដោយឡែកមួយទៀត ធ្វើឡើងសម្រាប់តែប្រភេទឧបករណ៍ទាំងនោះតែម្ដង។ មិនខុសទេ សម្រាប់ផ្ទៃ UI ផ្សេងៗឃើញថា ត្រូវបានគេធ្វើមកឲ្យទាញយកអត្ថប្រយោជន៍ពីអេក្រង់ធំ និងជួយឲ្យបទពិសោធន៍ប្រើប្រាស់កាន់តែងាយស្រួល ជាក់ស្ដែងទាំងនៅលើផ្ទាំង Notifications, Quick Settings, Lock Screen, Home Screen, Overview/Recent Apps គឺសុទ្ធតែត្រូវបានកែប្រែឲ្យប្រសើរសម្រាប់ប្រភេទអេក្រង់ធំ។ សម្រាប់ផ្នែក Multitasking ក៏ដូចគ្នា ជាក់ស្ដែងលើកនេះ Google ធ្វើឲ្យមុខងារ Split Screen កាន់តែងាយស្រួលប្រើប្រាស់ ហើយគ្រប់កម្មវិធីទាំងអស់ នឹងអាច Enable សម្រាប់មុខងារ Split Screen នេះបាន។

បន្ថែមពីនេះដែរ Google ក៏បានប្រាប់អ្នកអភិវឌ្ឍន៍ទាំងអស់ ឲ្យធ្វើការអាប់ដេតកម្មវិធីពួកគេ ដើម្បីឲ្យកាន់តែប្រសើរលើអេក្រង់ធំ ក៏ដូចជាលើ Android 12L ហើយនៅក្នុង Play Store ក៏នឹងមានការព្រមានប្រាប់ដល់អ្នកប្រើប្រាស់ដែរ បើសិនជាកម្មវិធីគេចង់ទាញយកនោះ មិនត្រូវបាន Optimized សម្រាប់អេក្រង់ធំ។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង