Intel ប្រកាសចេញ CPU ជំនាន់ទី 12 របស់ខ្លួនជាផ្លូវការ ដោយម៉ូឌែលកំពូលគឺ Core i9-12900K
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីយប់មិញនេះ Intel បានប្រកាសចេញ CPU ជំនាន់ទី 12 ថ្មីរបស់ខ្លួនជាផ្លូវការ ដោយក្នុងនោះឃើញមានដល់ទៅ 6 ម៉ូឌែលឯណោះ ប៉ុន្តែម៉ូឌែលកំពូលប្រចាំត្រកូលរបស់គេនាពេលនេះគឺ Core i9-12900K។ យ៉ាងណាក៏ដោយ ក្រៅពីម៉ូឌែលកំពូលមួយនេះ គឺមាន CPU 5 ម៉ូឌែលផ្សេងទៀត ដែល Intel បានប្រកាសចេញដែរ ជាក់ស្ដែងដូចជា Core i9-12900KF, i7-12700K, i7-12700KF, i5-12600K និងចុងក្រោយគឺ i5-12600KF។

សម្រាប់ម៉ូឌែលកំពូល Core i9-12900K នេះ Intel បានអះអាងថា វាគឺជា CPU ដែលមានសមត្ថភាពដំណើរការហ្គេមបានប្រសើរជាងគេបំផុតទៀតផង។ CPU មួយនេះវាមានដល់ទៅ 16 Cores ដែលក្នុងនោះមាន 8 Cores មានសមត្ថភាពខ្លាំងទ្រទ្រង់ការងារធ្ងន់ៗ (Performance Cores) រីឯ 8 Cores ទៀតជា CPU សម្រាប់ដំណើរការស្រាលៗ ប្រើប្រាស់ថាមពលតិច (Efficiency Cores) ហើយ Core i9-12900K នេះក៏មាន 24 Threads ផងដែរ។ CPU កំពូលថ្មី អាចដំណើរបានក្នុងល្បឿន 3.2Ghz សម្រាប់ Performance Cores និង 2.4Ghz សម្រាប់ Efficiency Cores តែដោយសារបច្ចេកវិទ្យា Intel Boost Max 3.0 គឺអាចតម្លើងកម្លាំង CPU នេះ ឲ្យឡើងខ្ពស់បំផុតដល់ទៅ 5.2Ghz ឯណោះ។

យ៉ាងណាក៏ដោយ CPU ទាំងអស់ដែល Intel ទើបប្រកាសចេញនេះ ជាក់ស្ដែងរួមបញ្ចូលទាំង Core i9-12900KF , i7-12700K, i7-12700KF, i5-12600K និង i5-12600KF ពួកវាសុទ្ធសឹងតែអាចគាំទ្រជាមួយរ៉េម DDR5 និង DDR4 បានដូចគ្នា ដែលមានល្បឿនខ្ពស់បំផុតដល់ 4800 MT/s និង 3200 MT/s រាងគ្នា។ មិនត្រឹមតែប៉ុណ្ណោះ CPU ទាំងនេះសុទ្ធតែអាចគាំទ្ររ៉េមបានខ្ពស់បំផុតដល់ 128GB ដូចគ្នា ហើយវាក៏ជា CPU ដំបូង ត្រូវបានផលិតឡើងដោយផ្អែកលើ Intel 7 Process ដែរ ដែលជាស្ថាបត្យកម្ម 10nm Enhanced SuperFin Process របស់គេហ្នឹងឯង។

គួរបញ្ជាក់ដែរថា ម៉ូឌែលដែលមានកន្ទុយ KF នោះ មិនថានៅលើ Core i9, i7 ឬ i5 ទេ ពួកវាមានលក្ខណៈសម្បត្តិដូចម៉ូឌែលកន្ទុយ K ស្ទើរទាំងស្រុង ហើយចំណុចមួយគត់ដែលវាខុសគ្នាគឺថា ម៉ូឌែល K មានភ្ជាប់មកជាមួយក្រាហ្វិកកាត Intel UHD Graphics 770 មកស្រាប់ ខណៈម៉ូឌែល KF មិនមានភ្ជាប់មកជាមួយក្រាហ្វិកកាតណាមួយមកទេ។

ចំណុចសំខាន់ផ្សេងៗទៀត ដែល Intel បានប្រាប់គឺថា នេះជា CPU ដំបូងគេបំផុត ដែលអាចគាំទ្រជាមួយ PCIe 5.0 បាន ហើយ Processor ថ្មីៗទាំងនេះ ក៏គាំទ្រជាមួយ Intel Killer WiFi 6E ដូចគ្នា។ Intel មានគម្រោងក្នុងការដាក់លក់ CPU ជំនាន់ទី 12 របស់គេនេះ ចាប់ពីថ្ងៃទី 4 ខែវិច្ឆិកាខាងមុខនេះទៅ ហើយការបើកឲ្យកុម្ម៉ង់ទិញ គឺចាប់ផ្តើមពីថ្ងៃនេះហើយ ជាមួយតម្លៃចាប់ផ្តើមពី 264 ដុល្លារ រហូតដល់ 589 ដុល្លារ។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិសំខាន់ៗរបស់ CPU ទាំងនេះ៖

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង