Sony Xperia Pro-I ចេញហើយ ប្រើប្រាស់សេនស័រកាមេរ៉ាទំហំដល់ 1 អ៊ីញ ជាមួយតម្លៃខ្ទង់ 1,799 ដុល្លារ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

បន្ទាប់ពីដំណឹងលេចធ្លាយធំមួយ ត្រូវបានផ្សព្វផ្សាយបង្ហាញពីរូបរាងរបស់ Xperia Pro-I ថ្មីនោះ មុននេះបន្តិច Sony ពិតជាបានប្រកាសចេញ Xperia Pro-I មកជាផ្លូវការមែន ដែលត្រូវបានគេកែប្រែលើចំណុចសំខាន់ៗផ្នែកកាមេរ៉ាជាច្រើន ធ្វើឲ្យម៉ូឌែល Pro-I នេះ កាន់តែប្រសើរជាង Xperia Pro កាលពីឆ្នាំមុនថែមទៀត។

សម្រាប់ការឌីហ្សាញរូបរាង ដូចយើងបានឃើញតាមព័ត៌មានបែកធ្លាយអញ្ចឹង ដោយ Xperia Pro-I ទទួលបានរចនាបថរូបរាងថ្មី នៅខាងក្រោយ ដោយលើកនេះវាមានទម្រង់កាមេរ៉ានៅចំកណ្ដាលបញ្ឈរ ប៉ុន្តែប្រអប់កាមេរ៉ានោះ មិនមែនតម្រង់ជួរស្របគ្នាទៀតទេ ជាក់ស្ដែងគឺមានសេនស័រគោលមួយគ្រាប់ទំហំធំជាងគេ ដែលធ្វើឲ្យកន្លែងសម្រាប់ផ្ទុកសេនស័រនេះ រាងមូលធំជាងគេដូចគ្នា។ សម្រាប់ផ្នែកខាងមុខ គឺមិនមានអ្វីដែលឃើញថាប្លែកទេ ដោយនៅតែប្រើប្រាស់អេក្រង់លាត គ្មានឆក ឬគ្មានលេនទំលុះអេក្រង់ ហើយរក្សារទំហំគែម Bezel លើក្រោមដូចមុនដដែល។

ចំណុចសំខាន់ដែល Sony ផ្តោតលើទូរសព្ទឆ្លាតជំនាន់ថ្មីរបស់គេលើកនេះ គឺកាមេរ៉ាក្រោយហ្នឹងតែម្ដង ដូច្នេះហើយ យើងនឹងលើកយកចំណុចមេះមករៀបរាប់បន្ទាប់។

កាមេរ៉ានៅខាងក្រោយរបស់វា គឺមានចំនួន 3 គ្រាប់ដូចមុនអញ្ចឹង ប៉ុន្តែលើកនេះ Sony បានតម្លើងលេនគោលរបស់ Xperia Pro-I ដល់ទៅសេនស័រទំហំធំ 1 អ៊ីញឯណោះ ដែលជាសេនស័រមួយ យើងមិនងាយឃើញលើទូរសព្ទឆ្លាតនោះទេ។ Sony ប្រើប្រាស់សេនស័រកាមេរ៉ដ៏ធំលើទូរសព្ទឆ្លាតនេះ ឲ្យផលិតចេញជារូបភាពស្ថិតក្នុងកម្រិតបង្ហាញ 12MP ដែលមានទំហំភិចសែល 2.4µm ឃើញថាធំជាងទំហំភិចសែលលើ iPhone 13 Pro ប្រមាណជា 20% និងប្រហាក់ប្រហែលគ្នាជាមួយទំហំភិចសែល នៃសេនស័រគោលរបស់ Galaxy S21 Ultra ដែរ។ នៅពីមុខសេនស័រធំនេះ Sony បានប្រើប្រាស់លេនរបស់ ZEISS ជាប្រភេទ 24mm Lens ដែលមាន Aperture អាចកែតម្រូវបានចំនួនពីប្រភេទ ពោលគឺឡើងពី F2.0 ដល់ F4.0 តែម្ដង។

សម្រាប់កាមេរ៉ាពីរគ្រាប់ទៀតវិញ ឃើញថាពួកវានៅតែមានទំហំ 12MP ដូចគ្នា ដែលមួយដើរតួជាកាមេរ៉ា Ultrawide ប្រើលេន 16mm និងមួយទៀតជាសេនស័រពង្រីក Telephotos ប្រើលេន 50mm អាចពង្រីកបែប Optical បាន 2 ដង។ សូមបញ្ជាក់ថា មុខងារ Variable Zoom នៃកាមេរ៉ា Telephotos ចន្លោះពី 70mm ដល់ 105mm លើ Xperia 1 III មិនមានបង្ហាញខ្លួនលើ Xperia Pro-I ឡើយ។

កញ្ចប់កាមេរ៉ានេះ វានៅតែមានមុខងារសំខាន់ៗ ដូចនៅលើទូរសព្ទកំពូលរបស់ Sony មុនៗអញ្ចឹង តែលើកនេះគេបង្កើនសមត្ថភាពឲ្យកាន់តែប្រសើរ ជាក់ស្ដែងដូចជាទៅលើមុខងារ Real-time Eye Autofocus អាចដំណើរការបានទាំងជាមួយមនុស្ស និងសត្វ និងទាំងក្នុងការថតរូបភាពធម្មតា ឬវីដេអូ។ លើកនេះ Sony បានកែប្រែបន្តិច ទៅលើប៊ូតុងសម្រាប់គ្រប់គ្រងកាមេរ៉ា នៅខាងកៀនតួខ្លួន ជាក់ស្ដែងប៊ូតុងវែងមានសាច់គ្រើមៗនោះ គឺសម្រាប់ចុចថតដូចមុនអញ្ចឹង ប៉ុន្តែគេបានដាក់បន្ថែមប៊ូតុងរាងរង្វង់មួយទៀត សម្រាប់បើកដំណើរការកម្មវិធី Videography Pro។ មិនខុសទេ ទៅក្នុងកម្មវិធីនោះ គឺមានមុខងារជាច្រើន សម្រាប់បញ្ជាកាមេរ៉ានេះ តាមបែប Professional តែម្ដង រួមមានទាំងមុខងារថតវីដេអូបែបភាពយន្ត Cinematography Pro ដែលជាមុខងារប្រើប្រាស់ Color Mode យកគម្រូតាមកាមេរ៉ាភាពយន្តខ្នាតធំ VENICE របស់ Sony។

Xperia Pro-I អាចថតវីដេអូបានដល់ 4K 120fps សម្រាប់ការថតបែប 5X Slow Motion ហើយបន្ថែមពីនេះ Sony ក៏មាន Vlog Monitor ទំហំ 3.5 អ៊ីញ កម្រិតបង្ហាញ 1280 x 720 ភិចសែល ធ្វើឡើងមកសម្រាប់ Xperia Pro-I ដែរ ដែលអាចភ្ជាប់ជាមួយខ្នងរបស់វាបាន នៅពេលអ្នកប្រើប្រាស់ត្រូវការថត Vlog។

ចេញពីកាមេរ៉ាទៅមើលលើអេក្រង់វិញ Xperia Pro-I នៅតែមានអេក្រង់ 6.5 អ៊ីញ ជាប្រភេទ OLED មានកម្រិតបង្ហាញដល់ 4K គាំទ្រល្បឿន Refresh Rate 120Hz ដូចអេក្រង់របស់ Xperia 1 III អញ្ចឹងដែរ។ សម្រាប់កម្លាំងម៉ាស៊ីន និងចំណុចផ្សេងៗទៀត គឺស្ទើរតែដូចគ្នានឹង Xperia 1 III ទាំងអស់ហើយ ជាក់ស្ដែងវាមានប្រើប្រាស់ឈីប Snapdragon 888 មិនឡើងដល់ Snapdragon 888+ ឡើយ, គាំទ្រ 5G, មានរ៉េមមកស្រាប់ទំហំ 12GB ជាមួយអង្គផ្ទុក 512GB ហើយក៏អាចបន្ថែម MicroSD Card បានដល់ 1TB ដែរ។

សម្រាប់ថាមពលថ្មគឺមានបំពាក់មកទំហំ 4,500mAh ជាមួយមុខងារសាកថ្មល្បឿនលឿនកម្លាំង 30W អាចធ្វើការសាកពី 0 ដល់ 50% ចំណាយពេលខ្ទង់ 30 នាទី។ ចំណុចពិសេសចុងក្រោយមួយ គឺថាវានៅតែមានរន្ធដោតកាស 3.5mm ហើយថែមទាំងមានបច្ចេកវិទ្យា LDAC និង DSEE របស់ Sony មកដូចគ្នា។

ចុងក្រោយសម្រាប់តម្លៃរបស់ Xperia Pro-I គឺត្រូវបាន Sony ដាក់លក់ដល់ទៅ 1,799.99 ដុល្លារ ឬអាចនិយាយបានថា 1,800 ដុល្លារឯណោះ ខណៈពេលវេលាចេញលក់ គឺនឹងមានក្នុងទីផ្សារមួយចំនួនចាប់ពីខែធ្នូខាងមុខនេះ បន្ទាប់ពីចាប់ផ្តើមបើកឲ្យ Pre-Order ចាប់ពីថ្ងៃទី 28 តុលាតទៅ។

ប្រភព ៖ Sony
អត្ថបទទាក់ទង