រូបភាព Render ថ្មី បង្ហាញកាន់តែច្បាស់ពីឆកអាចមានលើ Galaxy Tab S8 Ultra
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

Samsung ធ្លាប់ត្រូវបានគេរាយការណ៍ថា មានគម្រោងក្នុងប្រកាសចេញថេប្លេតកំពូលជំនាន់ថ្មីរបស់ខ្លួន នៅក្នុងអំឡុងដើមឆ្នាំក្រោយ ហើយក្នុងនោះដែរ គេអាចនឹងមានការកែប្រែមួយចំនួន នៅលើខ្សែស្រឡាយថេប្លេតនេះ ពោលគឺគេអាចនឹងបញ្ចេញមកដល់ទៅ 3 ម៉ូឌែលតែម្ដងរួមមាន Galaxy Tab S8, Galaxy Tab S8+ និងចុងក្រោយអាចជាម៉ូឌែលធំ Galaxy Tab S8 Ultra។

សម្រាប់រូបរាងរបស់ម៉ូឌែល Galaxy Tab S8 យើងបានឃើញតាមរូបភាព Render ថ្មីមួយ បង្ហាញចេញដោយប្រភព OnLeaks រួចមកហើយ ដែលវាអាចនឹងនៅបន្តរក្សាការឌីហ្សាញ ស្រដៀងនឹង Galaxy Tab S7 បច្ចុប្បន្ននេះច្រើន។ ប៉ុន្តែសម្រាប់រូបរាងរបស់ម៉ូឌែល Galaxy Tab S8 Ultra ដែលគេទើបបង្ហាញថ្មីៗនេះវិញ គឺបានឲ្យឃើញថា វាអាចមានការឌីហ្សាញខាងមុខប្លែកពីមុនច្រើន ជាក់ស្ដែងគែមជុំវិញអេក្រង់លើកនេះ អាចនឹងកាន់តែខ្លីគួរឲ្យកត់សម្គាល់ ហើយទន្ទឹមគ្នានឹងគែមខ្លីនោះ វាអាចនៅមានបន្សល់ឆកមួយ ចំកណ្ដាលផ្នែកខាងលើមែន (បើសិនជាដាក់ថេប្លេតផ្តេក)។

យ៉ាងណាឆកនោះមើលទៅ មានទំហំមិនធំប៉ុន្មានទេ ប៉ុន្តែវានៅតែអាចយើង ងាយនឹងកត់សម្គាល់ឃើញដដែល។ ចំពោះផ្នែកខាងក្រោយវិញ គឺមិនប្លែកទេ វានៅតែស្រដៀងគ្នាច្រើននឹង Galaxy Tab S7 បច្ចុប្បន្ន ជាក់ស្ដែងមានកាមេរ៉ាពីរគ្រាប់បញ្ឈរ ជាមួយគ្នានឹងឆ្នូតមួយ ដែលបញ្ជាក់ថាជាកន្លែងដាក់ប៊ិក ហើយទៅលើកម្រាស់របស់វាវិញ គឺថាអាចនឹងស្ដើងត្រឹម 5.4mm ប៉ុណ្ណោះ។ 

មូលហេតុដែល Samsung ទំនងជានៅរក្សាគែមរបស់ Galaxy Tab S8 ធំដដែល ប៉ុន្តែបែរជាអាចធ្វើឲ្យម៉ូឌែល Ultra មានគែមកាន់តែស្ដើងវិញនោះ គឺអាចដោយសារតែម៉ូឌែល Ultra នេះ ទំនងជាមានអេក្រង់ធំដល់ទៅ 14.6 អ៊ីញ ដូចដំណឹងលេចធ្លាយកន្លងមកបង្ហាញមែន ដូច្នេះហើយបើនៅតែទុកគែមអេក្រង់ធំទៀត វាអាចនឹងធ្វើឲ្យតួខ្លួនរបស់ថេប្លេតកាន់តែធំដូចគ្នា។ អេក្រង់របស់ Galaxy Tab S8 Ultra អាចនឹងមានកម្រិតបង្ហាញ 2960 x 1848 ភិចសែល ជាមួយល្បឿន Refresh Rate 120Hz ហើយសម្រាប់ថាមពលថ្មវិញ កន្លងទៅធ្លាប់មានដំណឹងថា Samsung អាចនឹងដាក់ឲ្យដល់ 11,500mAh ផងដែរ។

ប្រភព ៖ 91mobiles
អត្ថបទទាក់ទង