គែម Bezel ពណ៌ស ក្ដារចុចពណ៌ស ជម្រើសពណ៌ដូច iMac សុទ្ធតែអាចមានលើ MacBook Air ជំនាន់ក្រោយ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ម្សិលមិញ យើងបានឃើញព័ត៌មានមួយ ដែលនិយាយពីចំណុចសំខាន់ៗ អាចនឹងត្រូវ Apple បំពាក់លើ MacBook Air ជំនាន់ក្រោយរួចម្ដងហើយ ប៉ុន្តែបន្ទាប់ពីដំណឹងនោះត្រូវបានផ្សព្វផ្សាយទៅ មានអ្នកចែករំលែកដំណឹងលេចធ្លាយផ្សេងទៀត បានបង្ហាញបន្ថែមពីលើដំណឹងទាំងនោះ ឲ្យកាន់តែច្បាស់ថែមទៀត។

មិនខុសទេ បើយោងតាមអ្នកចែករំលែកដំណឹងលេចធ្លាយម្នាក់ មានឈ្មោះគណនី Twitter Dylan ហើយក៏ជាអ្នកដែលល្បីឈ្មោះថា និយាយត្រូវច្រើនទាក់ទងនឹងផលិតផលនាពេលអនាគតរបស់ Apple នោះ គាត់បានចេញមកបញ្ជាក់ថា MacBook Air ជំនាន់ក្រោយ អាចនឹងមានបំពាក់ចំណុចជាច្រើន យកពីលើ MacBook Pro ជំនាន់ថ្មីទៅដែរ។

គេបានបន្ថែមថា MacBook Air នឹងទទួលបានការឌីហ្សាញស្រដៀងគ្នាច្រើនជាមួយ MacBook Pro ប៉ុន្តែវាមានតួខ្លួនស្ដើងជាង ហើយគែម Bezel ជុំវិញអេក្រង់របស់វា គឺអាចនឹងមានពណ៌ស ដូចដែល Apple កំពុងធ្វើលើ iMac 24 អ៊ីញបច្ចុប្បន្ននេះអញ្ចឹង។ បន្ថែមពីនេះ សូម្បីតែក្តារចុចរបស់វា ក៏អាចនឹងមានពណ៌ស ដូចគែម Bezel ដែរ ហើយក៏ទំនងជានឹងមានគ្រាប់ចុច Function Keys ពេញលេញដូចគ្នា។

មិនទាន់អស់ទេ ប្រភពខាងលើប្រាប់ថា កាមេរ៉ាលើកនេះ ក៏អាចនឹងទទួលបានដល់កម្រិត 1080p ដូច MacBook Pro ដែរ។ អ្វីដែលខុសនោះ គឺនៅលើ MacBook Air អាចនឹងមានតែផត USB-C ប៉ុណ្ណោះ ខណៈពេលដែលផត SD Card និង HDMI ដែលកំពុងតែមានលើ MacBook Pro ជំនាន់ថ្មីពេលនេះ មិនរំពឹងថាមានឡើយ។ ដូចការបង្ហាញលើកមុនដែរ MacBook Air អាចនឹងមានប្រើឈីបថ្មី M2 បន្តតំណែងពី M1 ប៉ុន្តែឈីបនេះទំនងជាមិនខ្លាំងដល់ M1 Pro ឬ M1 Max ទេ។ ឈីប M2 អាចនឹងមាន CPU 8 Cores ដូច M1 ប៉ុន្តែផ្នែក GPU Core វិញ វាអាចនឹងមានជម្រើស 9 Cores ឬ 10 Cores ជំនួសឲ្យជម្រើស 7 Cores ឬ 8 Cores លើ M1 MacBook Air បច្ចុប្បន្ន។

MacBook Air ថ្មីអាចនឹងប្រើប្រាស់ដុំសាកកម្លាំង 30W ហើយទំនងជានៅតែជាម៉ាស៊ីន ដែលគ្មានបំពាក់មកជាមួយកង្ហារបន្ថយកម្តៅដដែល។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង