7 ចំណុចអំពី MacBook Pro ដែល Apple មិនបានប្រាប់ច្បាស់ក្នុងពេលប្រកាសចេញ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

នៅក្នុងការប្រកាសចេញ MacBook Pro កន្លងទៅនេះ Apple បានបង្ហាញពីចំណុចសំខាន់ៗជាច្រើន ដែលត្រូវបានគេកែប្រែ និងពង្រឹងបន្ថែមឲ្យកាន់តែប្រសើរជាង MacBook Pro ជំនាន់ចាស់ ប៉ុន្តែនៅក្នុងនោះដែរ ក៏មានចំណុចមួយចំនួន ដែលគេមិនបញ្ជាក់ប្រាប់ច្បាស់ឡើយ រហូតទាល់តែព្រឹត្តិការណ៍ចប់ ទើបមានការបង្ហាញបន្ថែម។

ដោយឡែកនៅក្នុងពេលនេះ យើងមកមើលចំណុចសំខាន់ៗចំនួន 7 ដែលមិនត្រូវបាន Apple បញ្ជាក់ច្បាស់ក្នុងព្រឹត្តិការណ៍ឡើយ ប៉ុន្តែគេទើបប្រាប់បន្ថែមនាពេលថ្មីៗនេះវិញ៖

• ចំណុចសំខាន់ដំបូងគឺថា MacBook Pro 16 អ៊ីញ ដែលប្រើប្រាស់ឈីប M1 Max នោះ គឺមានមុខងារមួយទៀតដែលគេហៅថា High Power Mode ហើយទាល់តែបើកមុខងារនេះ ទើបអ្នកប្រើប្រាស់ទទួលបានកម្លាំងខ្ពស់បំផុត នៅពេលដំណើរការផ្សេងៗដូចដែល Apple បានបង្ហាញ។ មុខងារនេះមិនមានលើម៉ូឌែលផ្សេងទេ។

• ទី 2 គឺអេក្រង់របស់ MacBook Pro ជំនាន់ថ្មី វាមានកម្រិតពន្លឺខ្ពស់បំផុតឡើងបានត្រឹម 500 nits ប៉ុណ្ណោះ សម្រាប់ការប្រើប្រាស់ទូទៅ ឬ SDR Content ហើយសម្រាប់កម្រិតពន្លឺខ្ពស់ដល់ 1,600 nits នោះ អាចឡើងដល់តែលើ HDR Content មួយគត់។

• ទាក់ទងនឹងការមានឆក តែមិនមានមុខងារ Face ID នោះ Apple ប្រាប់ថា អ្នកប្រើប្រាស់របស់គេ គឺពេញចិត្តជាមួយបទពិសោធន៍ក្នុងការប្រើ Touch ID លើ Mac សម្រាប់ដោះសោរ, បំពេញ Password នៅលើអ៊ីនធើណេត, ផ្លាស់ប្តូរគណនី ក៏ដូចជាការប្រើលើ Apple Pay ជាដើម ហើយគេមិនមានអ្វីត្រូវប្រាប់ ទាក់ទងនឹងគម្រោង Face ID នៅលើ Mac ឡើយ។

• ទៅលើផត SD Card នាំយកមកវិញនោះ Apple បំពាក់ឲ្យមកជាជំនាន់ UHS-II SD Card និងគាំទ្រល្បឿន Read / Write អាចឡើងបានដល់ 312MB/s ជាមួយល្បឿនផ្ទេរទិន្នន័យឡើងដល់ 250MB/s ដែលខុសពីការគិតរបស់មនុស្សជាច្រើនរំពឹងថា Apple ប្រើប្រាស់ជំនាន់ថ្មី UHS-III អាចគាំទ្រល្បឿន Read /Write រហូតដល់ 624MB/s នោះទេ។

• ទី 5 គឺ មិនខុសពីកុំព្យូទ័រ Mac ដែលប្រើឈីបផ្ទាល់ខ្លួនរបស់ Apple ទេ MacBook Pro ជំនាន់ថ្មី នៅតែមិនគាំទ្រជាមួយ eGPU ដដែល។

• Trackpad នៅលើ MacBook Pro ថ្មីនេះ គឺជា Trackpad ដដែល ដែលគេប្រើលើ MacBook Pro ជំនាន់ចាស់ (យោងតាម Apple ប្រាប់ផ្ទាល់)។

• ចំណុចសំខាន់ចុងក្រោយ ជាចំណុចល្អ ដោយ Apple ប្រាប់បន្ថែមថា ពួកគេបានវិនិយោគលើផ្នែក ProRes Hardware បន្ថែម ដើម្បីឲ្យទទួលបានគុណភាពខ្ពស់, កម្លាំងខ្លាំង និងប្រើប្រាស់ថាមពលថ្មតិច សម្រាប់ការប្រើប្រាស់លើការងារបែប Pro Video ចេញពីឈីបរបស់គេ។

អញ្ចឹងហើយ ទាំងនេះជាចំណុចដែល Apple មិនបានប្រាប់យើងច្បាស់លើឆាកផ្ទាល់ទេ ប៉ុន្តែគេទើបបង្ហាញបន្ថែម ដើម្បីឆ្លើយតបទៅកាន់សំណួររបស់អ្នកសារព័ត៌មានផ្សេងៗ។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង