Geekbench បង្ហាញថា GPU របស់ឈីប M1 Max ធ្វើបានប្រសើរជាង MacBook Pro 16 ជំនាន់មុនដល់ 181% ឯណោះ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីយប់ថ្ងៃទី 18 ខែតុលាកន្លងទៅនេះ Apple ប្រកាសចេញ MacBook Pro ជំនាន់ថ្មីមកជាផ្លូវការ ដោយឃើញថាមានចំនួន 2 ម៉ូឌែលគឺ MacBook Pro 14 អ៊ីញ និងម៉ូឌែល 16 អ៊ីញ ហើយពួកវាទាំងពីរនេះ គឺសុទ្ធតែទទួលបានជម្រើសឈីបកំពូលជំនាន់ក្រោយរបស់ Apple ដូចគ្នា ដែលត្រូវបានគេហៅថា M1 Pro និង M1 Max នោះឯង។

ជាមួយការប្រកាសចេញឈីបថ្មីខាងលើ Apple បានសន្យាច្រើនមែនទែន ទៅកាន់អ្នកគាំទ្ររបស់ខ្លួន ជាពិសេសគឺនៅលើម៉ូឌែល M1 Max តែម្ដង។ ដោយឡែកបើយោងតាមពិន្ទុចេញពី Geekbench 5 នៅក្នុងពេលថ្មីៗនេះវិញ បានបង្ហាញឲ្យដឹងពីកម្លាំងផ្នែក GPU ឬ Metal Score នៃឈីប M1 Max ក្នុង MacBook Pro ជំនាន់ថ្មី ដែលក្នុងនោះគឺឃើញថា ឈីបថ្មីនេះទទួលបានពិន្ទុដល់ទៅ 68870 ឯណោះ។ 

យ៉ាងណាក៏ដោយ នៅក្នុងនោះមិនមានបញ្ជាក់ទេថា ឈីប M1 Max ដែលគេបានតេស្ត គឺជាជម្រើសដែលប្រើ GPU ប៉ុន្មាន Core ហើយអ្វីដែលមានបង្ហាញ គឺយើងគ្រាន់តែដឹងថា វាជាជម្រើសដែលមានបំពាក់មកជាមួយរ៉េមទំហំ 64GB តែម្ដង។

បើយកពិន្ទុនេះទៅប្រៀបនឹង MacBook Pro 16 ជំនាន់ចាស់ មានប្រើក្រាហ្វិកកាតដាច់ដោយឡែក AMD Radeon 5300M នោះ ឃើញថា M1 Max មានល្បឿនក្រាហ្វិកលឿនជាងដល់ទៅ 181% ឯណោះ ខណៈពេលដែល GPU របស់ AMD ម៉ូឌែលនេះ ទទួលបានត្រឹមតែ 24461 ពិន្ទុប៉ុណ្ណោះ។ បើទោះជាយកទៅប្រៀបនឹង MacBook Pro 16 ម៉ូឌែលខ្ពស់បំផុត ដែលប្រើដល់ GPU AMD Radeon Pro 5600M ក៏ដោយ ក៏យើងនៅតែឃើញថា GPU ក្នុង M1 Max មានសមត្ថភាពប្រសើរជាងដល់ទៅ 62% ដដែល។ 

ប្រភព ៖ 9To5Mac
អត្ថបទទាក់ទង